ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​គ​គីរ​ធំ​កោះហៅ​មេ​កន្ទុយ​លេខ​មក​អប់រំ​ និង ​ធ្វើ​កិច្ចសន្យា

ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​គ​គីរ​ធំ​កោះហៅ​មេ​កន្ទុយ​លេខ​មក​អប់រំ​ និង ​ធ្វើ​កិច្ចសន្យា



កណ្តាល ៖ លោក សួន សម្បត្តិ​នាយប៉ុស្តិ៍​រដ្ឋបាល​គគី​រ​ធំ​បាន​កោះ​ហៅ​ក្រុម​កូនកញ្ច្រែង​កត់​កន្ទុយលេខ និង អ្នកលេង​ល្បែងស៊ីសង​គ្រប់​ប្រ​ភេទ​ក្នុង​ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​ប្រមាណ​១២​នាក់​ក្នុង​នោះ​ស្រី​១១​នាក់ មកកាន់​ប៉ុស្តិ៍​រដ្ឋ​បាល​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ឩ​សភា ឆ្នាំ២០១៦ ធ្វើការ​ណែនាំ​អប់រំ​ឲ្យ​បញ្ឈប់​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​នាំ​ឲ្យ​ប៉ះពាល់​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព។

ការ​កោះហៅ​ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​បើក​លេង​ល្បែងស៊ីសង ពិសេស​កូន​កញ្ច្រែង​កត់​កន្ទុយ​លេខ​នៅ​ទូទាំង​ឃុំ​គគីរ​ធំ​នាពេល​នេះ​ដោយយោង​តាម​ស្មារតី​អង្គប្រជុំ និង​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក ប៉ា សំអិត អធិការ​ស្រុក​កៀនស្វាយ​ បញ្ជា​យ៉ាង​ដាច់​ណាត់​ឲ្យ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់​ក្នុងស្រុក​កៀន​ស្វាយ​ អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ និង ​ទទួលខុស​លើ​បញ្ហា​ល្បែងស៊ីសង​ក្នុង​ដែនដី​ខ្លួន​គ្រប់គ្រង។

លោក​សួន​សម្បត្តិ​នាយប៉ុស្តិ៍​រដ្ឋបាល​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ​បន្ទាប់ពី​ធ្វើការ​អប់រំ​ណែនាំ​ពលរដ្ឋ និង ធ្វើ​កិច្ចសន្យា​រួច លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​បាន​បែងចែក​កម្លាំង​ក្រោម​ឱវាទ ចុះ​ល្បាត​តាម​មូលដ្ឋាន ពិសេស​តាម​គោលដៅ​ដែល​កន្លែង​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់​ជាប្រចាំ ដើម្បី​បង្កើន​ការអនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕