ស្ដាប់​ការ​រៀបរាប់​របស់​ជនជាតិ​ថៃ​ ដែល​ចាប់​ស្ត្រី​ខ្មែរ​ដាក់​ឡាន​យក​ទៅ​រំលោភ

ស្ដាប់​ការ​រៀបរាប់​របស់​ជនជាតិ​ថៃ​ ដែល​ចាប់​ស្ត្រី​ខ្មែរ​ដាក់​ឡាន​យក​ទៅ​រំលោភ



បាត់ដំបង​ ៖​ ជនជាតិ​ថៃ​ម្នាក់ ​ដែល​ថ្លើមធំ​ហ៊ាន​ចាប់​ស្ត្រី​ខ្មែរ​ ដែល​មាន​ប្តី និង​មាន​ទាំង​កូន​ទៅ​ហើយ​​ ​រុញ​បញ្ចូល​ក្នុង​រថយន្ត​ដឹក​យក​ទៅ​រំលោភ​យ៉ាង​ព្រៃផ្សៃ​ជា​ទីបំផុត​នោះ​​ ត្រូវ​បាន​ក្រុម​តម្រួត​ថៃ​ប្រចាំ​ស្រុក​ខ្លង​លឹក​ តាម​ប្រមាញ់ ​និង​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​៤ ​ខែ​ឧសភា ឆ្នាំ​២០១៦​ ខណៈ​ដែល​ជន​នេះ​កំពុង​សម្ងំ​បង្ខាំង​នារី​រងគ្រោះ​នៅ​ក្នុង​ទីតាំង​រី​សត ​មួយ​កន្លែង​ក្នុង​ខេត្ត​ស្រះកែវ ​ ប្រទេស​ថៃ។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ទី​៣​ ខែ​ឧសភា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ត្រង់​ចំណុច​ផ្លូវ​សាលា​ដែង ​ ខាងក្រោយ​ហាង អឹម អឹម ស្ថិត​ក្នុង​ឃុំ​ប៉ា​រ៉ៃ ​ស្រុក​អារញ្ញ ​ខេត្ត​ស្រះកែវ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​ ដោយសារ​តែ​មាន​ជន​មិន​ស្គាល់​មុខ​ចំនួន​ពីរ​នាក់​ បាន​បើក​រថយន្ត​ម៉ាក អ៊ី​ស៊ុយ​ស៊ុយ ពណ៌​ស មក​ចាប់​ស្ត្រី​ម្នាក់​ឈ្មោះ​ជ័យ សុ​ផន​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ ដែល​បច្ចុប្បន្ន​ទៅ​រស់នៅ​ក្នុង​ផ្សារ​រោង​ក្លឿ​ ប្រទេស​ថៃ​ជាមួយ​នឹង​ស្វាមី​ឈ្មោះ សាន់ វិទូ​អាយុ​២៧​ឆ្នាំ​ដូចគ្នា ដោយ​មាន​កូន​ម្នាក់​អាយុ​៦​ឆ្នាំ​ ខណៈ​ដែល​នាង​កំពុង​ឈប់​សំចត​រ៉ឺម៉ក​ម៉ូតូ​ដើម្បី​លក់​ប្រហិត​ចៀន និង​ភេសជ្ជៈ​ ដោយ​ទាញ​ដៃ​បញ្ចូល​ទៅ​ក្នុង​រថយន្ត​ហើយ​បើក​ចេញទៅ​បាត់។

ក្រោយពី​ស្វាមី​របស់​នាង​បានដាក់​ពាក្យ​ប្តឹង​នៅ​ស្ថានីយ​តម្រួត​ថៃ​ប្រចាំ​ស្រុក​ខ្លង​លឹក​រួចមក ទើប​នៅ​រសៀល​ថ្ងៃ​ទី​៤​នេះ​ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន ​ ដោយ​កម្លាំង​បាន​នាំ​នារី​រងគ្រោះ​មក​ជា​មួយ​ផង​ ដើម្បី​ធ្វើការ​សាកសួរ នៅក្នុង​ស្ថានីយតម្រួត។ ប៉ុន្តែ​ដោយសារ​តែ​នាង​មានការ​ភ័យខ្លាច​ខ្លាំងពេក ទើប​សមត្ថកិច្ច​សម្រេច​បញ្ជូន​នាង​ទៅកាន់​ស្នាក់ការ​កុងស៊ុល​កម្ពុជា ប្រចាំ​ខេត្ត​ស្រះកែវ​ដើម្បី​សាកសួរ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ​ជនសង្ស័យ​ឈ្មោះ វ៉ា​យុ អាក់​សន ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​៦​ ឃុំ​ថង​មង្គល​ ស្រុក​បាង​សះផាន ខេត្ត​ប្រាក់​ជួប​ មាន​មុខរបរ​បើកហាង​កាត់​កញ្ចក់​គ្រប់​ប្រភេទ ​បាន​សារភាព​ថា ករណី​នេះ​គឺ​មិន​មែន​ជា​ការ​ចាប់​រំលោភ​នោះ​ទេ តែ​នេះ​គឺ​នាង​ស្ម័គ្រចិត្ត​ និង​ពេញចិត្ត​ទៅ​ដោយ​ខ្លួនឯង។

ជនសង្ស័យ​រូប​នេះ​បាន​រំលឹក​ថា រូបគេ​បាន​ស្គាល់​នាង​ទើបតែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ ​កាល​ដែល​រូបគេ​មក​កាត់​កញ្ចក់​នៅ​ក្នុង​ស្រុក​អារញ្ញ​ ហើយ​កាលណោះ​នាង​បាន​ទៅ​លក់​ប្រហិត​ចៀន​នៅ​ទីនោះ។ ដោយសារតែ​រូប​សម្ផស្ស​របស់​នាង​បាន​ធ្វើ​ឲ្យ​ការ​ស្រឡាញ់​របស់​ខ្លួន​កាន់​តែ​មាន​ទំហំ​ធំ​ឡើងៗ ​បើទោះបីជា​គេ​បាន​ដឹងថា​នាង​មាន​ស្វាមី និង​កូនតូច​យ៉ាងណាក៏ដោយ ក៏​មិន​អាច​ទប់ចិត្ត​មិន​ឲ្យ​ស្រឡាញ់​បានឡើយ ទើប​នៅ​ទីបំផុត​ក៏​សម្រេចចិត្ត​នាំ​មិត្តភ័ក្ដិ​ទៅ​នាំ​នាង​មកកាន់​ទីតាំង​រី​សត​មួយកន្លែង​ក្នុងស្រុក​ខ្លង​ហាត។

ដោយឡែក​នាង ជ័យ សុ​ផន បាន​ឆ្លើយ​បំភ្លឺ​ដល់​សមត្ថកិច្ច និង​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះកែវ​ថា ជនសង្ស័យ​ខាងលើ​បាន​ចាប់​នាង​រុញ​បញ្ចូល​ឡាន ហើយ​បើក​ចូល​ទៅ​ក្នុង​ទីតាំង​រី​សត​មួយ​កន្លែង ដោយ​បាន​ចាប់​បង្ខំ​នាង​ដើម្បី​រំលោភ​រហូត​បានសម្រេច ដែល​ក្នុង​នោះ​មាន​ទាំង​បក្ខពួក​ចំនួន​៣​នាក់​ផង ដោយមាន​ការ​គំរាម​នាង​ថែមទៀត។ ដូច្នេះហើយ​បានជា​នាង​សុខចិត្ត​ទ្រាំ​ខាំមាត់ ដើម្បី​បាន​ជួប​មុខ​ស្វាមី និង​កូន​សម្លាញ់។

ចំណែក​ស្វាមី​ឈ្មោះ សាន់ វិទូ បាន​ត្រឹមតែ​ឱប​កូន​បង្ហូរទឹកភ្នែក​តែប៉ុណ្ណោះ ក្រោយពី​បាន​ឮ​សម្តី​ភរិយា​របស់​ខ្លួន​និយាយ​ថា ​នាង​ត្រូវ​បាន​គេ​ចាប់​រំលោភ​រួចមក ដោយ​មិន​ដឹង​ថា​ តើ​ត្រូវ​ជួយ​នាង​តាម​វិធី​ណា។ នៅ​ពេល​នោះដែរ​ក្រុម​តម្រួត​ថៃ​បាន​ធ្វើការ​ចោទប្រកាន់​ទៅលើ​ជនសង្ស័យ​ចំនួន​ពីរ​បទ គឺ​បទ​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​បទ​រំលោភ​សេពសន្ថវៈ។

លោក​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះកែវ ក៏បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ថៃ​ឲ្យ​ធ្វើយ៉ាងណា​ដាក់ទោស​ទណ្ឌ​ដល់​ជនសង្ស័យ​ ដែល​បាន​ចាប់​រំលោភ​ស្ត្រី​ខ្មែរ​យ៉ាង​សាហាវ​យង់ឃ្នង​បែបនេះ ​ហើយ​នៅ​ល្ងាច​នេះ​ដែរ​ស្ត្រី​រងគ្រោះ​ក៏បាន​បញ្ជូន​ចូលមកក្នុង​ទឹកដី​កម្ពុជា​វិញ​ហើយ ហើយ​នៅ​ព្រឹកស្អែក​ជនសង្ស័យ​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់។ ដោយឡែក​ចំពោះ​សំណង​រដ្ឋប្បវេណី គេ​មិនទាន់​ដឹង​ថា​តើ​តុលាការ​សម្រេច​ទាមទារ​ឲ្យ​ជនរងគ្រោះ​ប៉ុន្មាន​នោះ​ឡើយ ព្រោះ​នៅ​ពេល​នេះ​ជនសង្ស័យ​ហាក់​គ្មាន​ការតក់ស្លុត​អ្វី​បន្តិច​ទាល់តែសោះ៕
ស្ដាប់​ការ​រៀបរាប់​របស់​ជនជាតិ​ថៃ​ ដែល​ចាប់​ស្ត្រី​ខ្មែរ​ដាក់​ឡាន​យក​ទៅ​រំលោភ

ស្ដាប់​ការ​រៀបរាប់​របស់​ជនជាតិ​ថៃ​ ដែល​ចាប់​ស្ត្រី​ខ្មែរ​ដាក់​ឡាន​យក​ទៅ​រំលោភ