ជនបរទេស​ថា នារី និង​បុរស​ខ្មែរ ស្អាត និង​សង្ហា​ជាងគេ​នៅ​«​អាស៊ី​»

​ភ្នំពេញ​៖ ជនជាតិខ្មែរ និង​ជនបរទេស​មួយចំនួន​បាន​សន្និដ្ឋានថា បុរស និង​នារី​ខ្មែរ មាន​រូបរាង​ស្អាត និង​សង្ហា​ជាងគេ​នៅក្នុង​ទ្វីបអាស៊ី​។ បើទោះបីជា​គ្មាន​ការសិក្សាណាមួយ​ច្បាស់លាស់​ក៏ដោយ ក៏​ពួកគេ​អត្ថា​ធិ​ប្បា​ជារួម​ថា ស្ត្រី​ខ្មែរ បុរស​ខ្មែរ មាន​រូប​សម្ផស្ស​ស្អាត និង​សង្ហា​ពី​ធម្មជាតិ ពោល គឺ​មិនមាន​ការកែច្នៃ​សម្រស់​អ្វី​ឡើយ​។ កញ្ញា Karine Drouet ដែល​ធ្លាប់​មក​រស់នៅ និង​ធ្វើការ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​៩០​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ ក៏​សង្កេតឃើញ​យ៉ាង​ដូច្នេះ​ដែរ​។

​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ខ្លី​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​កញ្ញា Karine Drouet អ្នកទេសចរ​ជនជាតិ​បារាំង​ជា​ភាសា​បារាំង​ដូចតទៅ​៖

​មិនមែន​តែ​បុរស​ជនជាតិ​បរទេស​ទេ​ដែល​សរសើរ​សម្រស់​នារី និង​បុរស​ខ្មែរ សូម្បីតែ​នារី​បរទេស​ក៏​មិនអាច​ទប់​មិន​សរសើរ​សម្ផស្ស​នារី និង​បុរស​ខ្មែរ​បានឡើយ​។ ទន់ភ្លន់ សម្បុរ​ខ្មៅ​ស្រអែម រាង​មូល ស្អាត ឡូយ (​មាន​រាង​ល្អ​)…​ចំណុច​ទាំងអស់នេះ​របស់​នារី​ខ្មែរ​ត្រូវបាន​កញ្ញា Karine Drouet ជនជាតិ​បារាំង​សរសើរ​មិន​ដាច់​ពី​មាត់​។ កញ្ញា​រូបនេះ​នៅតែ​សរសើរ​នារី​ខ្មែរ​ថា ស្អាត​ដដែល បើទោះបីជា​នារី​ខ្មែរ​នៅ​សម័យនេះ​ទំនើប​ជាង​២០​ឆ្នាំមុន​ក៏ដោយ​។

​ងាក​មក​បុរស​វិញ កញ្ញា Karine Drouet អត្ថាធិប្បាយ​ថា បុរស​ខ្មែរ​ក៏​សង្ហា​ដែរ​បើ​ប្រៀបធៀប​ទៅនឹង​បុរស​នៅក្នុង​ប្រទេស​មួយចំនួន​ក្នុង​ទ្វីបអាស៊ី ឬ​ប្រទេសជិតខាង​កម្ពុជា​។ បុរស​ខ្មែរ​សុភាព សង្ហា កម្លាំង​មាំមួន ហើយ​សក់ខ្មៅ ក៏​ជា​ផ្នែក​មួយ​នៃ​សម្ផស្ស​ដែរ​។ នេះ​គឺជា​ការសង្កេត​របស់​ក​ញ្ញា Karine​។

ជនបរទេស​ថា នារី និង​បុរស​ខ្មែរ ស្អាត និង​សង្ហា​ជាងគេ​នៅ​«​អាស៊ី​»

​បើ​យោងតាម​ការសាកសួរ​រ​បស់​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ទាំង​ជនជាតិ​បរទេស និង​ជនជាតិខ្មែរ​ដែល​បានធ្វើ​ដំណើរ​កម្សាន្ត​ច្រើន​ប្រទេស​បាន​និយាយថា នារី​ខ្មែរ និង​បុរស​ខ្មែរ គឺជា​ជនជាតិ​ដែលមាន​សម្ផស្ស​មិន​ចាញ់​នារី ឬ​បុរស​បរទេស​ឡើយ​។

​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺថា សម្រស់​នារី​ខ្មែរ និង​បុរស​ខ្មែរ គឺជា​សម្រស់​ធម្មជាតិ ក្នុងខណៈ​ពេលដែល​នារី​បរទេស និង​បុរស​បរទេស​មួយចំនួនធំ​ទទួលបាន​សម្រស់​ស្អាត ឬ​សង្ហា ពី​ការកែច្នៃ​ដែល​គេ​ហៅថា​«​សម្រស់​សិប្ប​និ​មិ្ម​ត​»៕