រដ្ឋាភិបាលយោធា​ថៃ ទាត់ចោល​ការស្នើ​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិសេរីភាព​

​នាយករដ្ឋមន្ត្រី​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា ច្រានចោល​សំណើ​របស់​ក្រុម​សារព័ត៌មាន​ថៃ ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​បទបញ្ជា​មួយចំនួន​ដែល​រារាំង​សិទ្ធិ​សារព័ត៌មាន ខណៈដែល​ពិភពលោក​ប្រារព្ធ​ថ្ងៃ​សេរីភាព​សារព័ត៌មាន​ពិភពលោក​នៅ​ថ្ងៃទី​៣ ខែមេសា​។ លោក​ឆ្លើយតប​ថា លោក​អាច​លុបចោល​ច្បាប់​មួយ តែ​លោក​ក៏​អាចបង្កើត​មួយទៀត​ដែរ​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​រដ្ឋាភិបាលយោធា​ថៃ ទាត់ចោល​ការទាមទារ​របស់​សមាគម​អ្នកកាសែត​ថៃ ដែល​ស្នើ​ឲ្យ​លុប​ចោលការ​រឹតត្បិត​លើ​សារព័ត៌មាន ដែល​បានដាក់​តាំងពី​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​២០១៤ នៅ​ចំ​ថ្ងៃ​សេរីភាព​សារព័ត៌មាន​ពិភពលោក ថ្ងៃទី​៣​មេសា​។ ក្នុងជំនួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​នៅ​វិមាន​រដ្ឋាភិបាល នាយករដ្ឋមន្ត្រី​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា និយាយថា សារព័ត៌មាន​ថៃ​មាន​សិទ្ធិ​គ្រប់គ្រាន់​ហើយ​។ លោក​ក៏​ទទូច​ឲ្យ​សារព័ត៌មាន​ជួយ​ប្រទេស​ទៅមុខ​ផងដែរ​។​

​ទំនាក់ទំនង​រវាង​សារព័ត៌មាន និង​របប​យោធា មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ ដ្បិត​រដ្ឋាភិបាលយោធា​បានដាក់​ការ​រឹតត្បិត​ជាច្រើន​លើ​ក្រុម​អ្នកសារព័ត៌មាន ដែល​គេ​មើលឃើញថា ជាការ​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិសេរីភាព​សារព័ត៌មាន​។ គេ​ចាំបាន​ថា ភ្លាមៗ​ក្រោយ​ការ​រដ្ឋប្រហារ របប​យោធា​បាន​លុបចោល​ការផ្សាយ​តាមរយៈ​ស្ថានីយ៍ទូរទស្សន៍ និង​វិទ្យុ ចំណែក​អ្នកកាសែត​ខ្លះ​ក៏​រង​ការព្រមាន ខណៈ​ខ្លះទៀត​ត្រូវ​ឃាត់ខ្លួន​សម្រាប់​ការកែប្រែ​អាកប្បកិរិយា​របស់ខ្លួន​។​

​យ៉ាងណាមិញ នៅ​ថ្ងៃទី​៣ ខែមេសា សមាគម​អ្នកកាសែត​ថៃ ចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​ទាមទារ​ឲ្យ​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់ (NCPO) លុបចោល​បទបញ្ញត្តិ​ដែល​រារាំង​សកម្មភាព​របស់ខ្លួន​។ សមាគម​នេះ​អះអាងថា ការលុបចោល​ការ​រឹតត្បិត​ទាំងនេះ នឹង​ជួយ​ដល់​ការបញ្ចេញមតិ​ដោយ​សេរី និង​ជួយ​លើកតម្កើង​មុខមាត់​ប្រទេស​ទៀតផង​។​

​ជាមួយគ្នានេះដែរ បណ្ដា​សារព័ត៌មាន​ថៃ ក៏​បញ្ជាក់ដែរថា របប​យោធា​បាន​អនុវត្ត​អំណាច​របស់ខ្លួន ដែល​ប៉ះពាល់​ដល់​សិទ្ធិ​សារ​ធារ​ណៈ ជាមួយនឹង​ការគ្រប់គ្រង​ប្រព័ន្ធ​សារ​ព័ត​មាន ទោះជា​សិទ្ធិ​ទាំងនោះ​ត្រូវបាន​សរសេរ​ក្នុង​រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន​ក៏ដោយ​។

​សូម​បញ្ជាក់ដែរថា យោងតាម​របាយការណ៍​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (Reporter Without Border)  ឆ្នាំ ២០១៦ សេរីភាព​សារព័ត៌មាន​របស់​ថៃ​កាន់តែ​អាក្រក់ ខ្លាំង​ពោលគឺ​កើន​ពី ១៣៤ ទៅដល់​លេខ​រៀង ១៣៦ ក្នុង​ឆ្នាំ ២០១៦ ។ នេះ​ក៏ដោយ​សារ​របប​សឹក​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នៅ​បន្ត​ដឹកនាំ​និង​គ្រប់គ្រង​ប្រទេស​។ ហើយ​សត្រូវ​របស់​រដ្ឋា​ភិ​បាល​នេះ​ជា​សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទាំងប្រទេស​។

​គេ​សង្កេតឃើញ​អ្នកសារព័ត៌មាន​រិះគន់ ទិតៀន​រដ្ឋាភិបាល​ជាច្រើន ប្រឈមមុខ​ការចោទប្រកាន់​ផ្លូវច្បាប់ រង​ការ​ឃុំឃាំង​និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​តែម្តង​។  មួយវិញទៀត​ថៃ​នៅ​បន្ត​អនុវត្ត​ច្បាប់​ប្រឆាំង​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ដែល​ត្រូវបាន​ការពារ​យ៉ាង​មុតមាំ​ពី​យោធា​ថៃ​៕