ប្រមុខរដ្ឋ​ចិន​ព្រមាន​ពី​វត្តមាន​មន្ត្រី​ឡេមឡឺម និង​បក្សពួកនិយម​ក្នុង​បក្ស​កុម្មុយនីស្ត​

​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង បានចេញ​សារ​ព្រមាន​មួយ​ចំពោះ​បក្ស​កុម្មុយនីស្ត​ចិន ឲ្យ​ប្រុងប្រយ័ត្ន​មន្ត្រី​ខូច​ឡេមឡឺម និង​មន្ត្រី​លាក់​មុខ​មួយចំនួន​ដែលមាន​ក្នុង​ជួរ​បក្ស​។ លោក​ក៏​បង្ហាញ​ម្ដងទៀត​ពី​ការតាំង​ចិត្ត​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ក្នុង​ផ្ទៃក្នុង​បក្ស និង​នៅ​ទូទាំងប្រទេស​។

​ជាមួយនឹង​ការប្ដេជ្ញាចិត្ត​ប្រឆាំង​អំពើពុករលួយ ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង បាន​ព្រមាន​សារ​ដល់​បក្ស​កុម្មុយនីស្ត​ចំពោះ​មន្ត្រី​ខូចខិល​អែបអប ខណៈដែល​ចិន​កំពុងតែ​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ក្នុងការ​បោសសម្អាត​អំពើពុករលួយ​។​

​ក្នុង​សុន្ទរកថា​ដែល​បោះផ្សាយ​លើ​កាសែត People’s Daily នៅ​ថ្ងៃទី​៣ ខែមេសា លោក ស៊ី និយាយថា ក្នុង​ជួរ​បក្ស​កុម្មុយនីស្ត មាន​មនុស្ស​ដែល​គិតតែ​ពី​ការងារ និង​អ្នក​ដែលមាន​គំនិត​ក្បត់ ហើយ​ពួកគេ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​អភិបាលកិច្ច​របស់​បក្ស​។ លោក​បន្តថា យើង​មិនត្រូវ​នៅ​ស្ងៀម និង​បន្ធូរបន្ថយ​ឲ្យ​ពួកគេ​ទេ តែ​ត្រូវ​ដោះស្រាយ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា ក៏ដូចជា​ទប់ស្កាត់​ការ​ល្មើស​នៅពេល​ខាងមុខ​។​

​ប្រធានាធិបតី​ចិន​ព្រមាន​ដូចនេះ ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ត្រួតពិនិត្យ​វិន័យ​របស់​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ដើម្បី​រៀបចំ​ផែនការ​ប្រឆាំង​អំពើពុករលួយ​ប្រចាំឆ្នាំ​២០១៦ កាលពី​ខែមករា​កន្លងទៅ​។ ឆ្លៀត​ពេលនោះ លោក ស៊ី ដែលជា​អគ្គលេខាបក្ស​កុម្មុយនីស្ត និយាយ​ដែរ​ថា មន្ត្រី​ខ្លះ​ប្រមូល​ផ្ដុំគ្នា បង្កើតជា​ក្រុម​សម្ងាត់ និង​ក្រុម​ឡេមឡឺម ដើម្បី​ធ្វើ​សកម្មភាព​សម្ងាត់ បំពាន​ការសម្រេចចិត្ត និង​នយោបាយ​របស់​គណៈកម្មាធិកា​រ​មជ្ឈិម​។

​ជាមួយគ្នានេះដែរ ប្រធានាធិបតី​ចិន ក៏​បញ្ជាក់​ពី​ជំហរ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ ដោយបាន​បន្ថែមថា យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​របស់​ប​ក្ស មិន​រើសអើង​អ្នកណា​ជា​អ្នកណា​នោះទេ​។

​សូម​រម្លឹក​ដែរ​ថា ចាប់តាំងពី​ការ​កាន់អំណាច​បី​ឆ្នាំ​មក លោក ស៊ី ជិន​ពីង បាន​បញ្ចេញ​កណ្ដាប់ដៃ​ដែក​ក្នុងការ​បោសសម្អាត​អំពើពុករលួយ​។ មន្ត្រីជាន់ខ្ពស់​ពុករលួយ​ជាច្រើន ត្រូវបាន​រកឃើញថា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុមមន្ត្រី​ថ្នាក់ក្រោម និង​ក្រុម​អ្នករកស៊ី​មកពី​ផ្នែកៗ​ផ្សេង ព្រមទាំង​បង្កើតជា​ក្រុម​ជាច្រើន​ក្នុងការ​ប្រព្រឹត្តិ​អំពើពុករលួយ​។​

​រឿងអាស្រូវ​ពុករលួយ​របស់​អតីត​ប្រមុខ​សន្តិសុខ​លោក Zhou Yong Kang ដែលជា​អតីតមន្ត្រី​ជាន់ខ្ពស់​រប​ស់​បក្ស​កុម្មុយនីស្ត​ចិន បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ លោក Zhou ត្រូវបាន​បណ្ដេញ​ចេញពី​បក្ស និង​ត្រូវ​កាត់ទោស​យ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធ​នឹង​សំណុំ​រឿងនេះ ខណៈ​អ្នក​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត ក៏​គ្មាន​វាសនា​រួច​ផុតពី​កណ្ដាប់ដៃ​ដែក​របស់លោក ស៊ី ដែរ​៕