គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា អនុម័ត​របៀបវារៈ​ចំនួន​៣

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា អនុម័ត​របៀបវារៈ​ចំនួន​៣



ភ្នំពេញ ៖ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​អនុម័ត​របៀប​វារ​ចំនួន​៣ នៅ​ព្រឹក​នេះ ដែល​កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា របៀបវារៈ​ចំនួន​៣ ដែល​បាន​អនុម័ត​នោះ​១-​អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម​លើ​សំណើ​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ចំនួន ១​រូប ជំនួស​សម្តេចព្រះ​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ដែល​បាន​សុំលាលែង ដោយ​ប្រគល់​ភារកិច្ច​ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ប្រកាស​ជ្រើសរើស​បេក្ខជន ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ។

២-​អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម​ប្រគល់​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី ស្តីពី​ការ​ជំរុញ និង​ការ​ការពារ​ទៅវិញ ទៅមក​នៃ​វិនិយោគ ជូន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជន​បទ បរិស្ថាន និង​ធនធាន​ទឹក នៃ​រដ្ឋសភា ពិនិត្យ និង​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​វិញ។

៣-​អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម​ប្រគល់​សេចក្តី​ព្រាងច្បាប់ ស្តី​ពី​យុត្តិធម៌​អនីតិជន ជូន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ពិនិត្យ និង​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវនីតិ​សម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ៕