កំណែ​ទម្រង់​បន្ទាន់​ចំនួន​៣ ​ដែល​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្មី​ប្ដេជ្ញា​អនុវត្ត

កំណែ​ទម្រង់​បន្ទាន់​ចំនួន​៣ ​ដែល​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្មី​ប្ដេជ្ញា​អនុវត្ត



ភ្នំពេញ ​៖ ​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ ការ​កាត់បន្ថយ​ថ្លៃដើម និង​ការ​ទប់ស្កាត់​ការ​នាំ​ចូល​សាច់​ខូចគុណភាព គឺ​ជា​កំណែទម្រង់​បន្ទាន់​ទាំង​៣ ដែល​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ដែល​ទើប​ផ្លាស់ប្តូរ​ថ្មី បាន​ប្ដេជ្ញា​ថា​រៀបចំ​ និង​អនុវត្ត។

លោក វ៉េង សាខុន បាន​ថ្លែង​​​​​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជាតិ សម្រាប់​កាត់បន្ថយ​ភាព​អត់ឃ្លាន​ដល់​កម្រិត​សូន្យ​នៅ​កម្ពុជា ដែល​ធ្វើ​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃទី ៤ ខែ ឧសភា នេះ​ថា ដោយសារតែ​ពេលនេះ​តម្រូវការ​ត្រី​ធ្វើ​ម្ហូប មាន​ច្រើនជាង​មុន ការ​ចិញ្ចឹម​ត្រី​ឡើងវិញ​ ក្រៅពី​ត្រី ដែល​មាន​ស្រាប់​ជាពិសេស​ការ​ចិញ្ចឹម​ត្រីរ៉ស់ និង​ត្រី​ឆ្ដោ​ គឺជា​វិធានការ​មួយ​ដែល​អាច​បំពេញ​បាន​នូវ​តម្រូវការ​ទាំងនោះ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា កន្លងមក​មានការ​ព្រួយបារម្ភ​ថា​ ការ​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្តោ ​​ត្រូវ​ប្រើប្រាស់​កូន​ត្រី ដែល​ជា​ចំណី​ ច្រើន តែ​ប្រៀបធៀប​ជាមួយ​ការ​ចិញ្ចឹម​ក្រពើ គឺ​ការចិញ្ចឹម​ក្រពើ​ត្រូវ​ចំណាយ​កូន​ត្រី ដែល​ជា​ចំណី​ច្រើនជាង​ការចិញ្ចឹម​ត្រី រ៉ស់ និង​ត្រី​ឆ្តោ​ទៅ​ទៀត។

ជាមួយគ្នានេះ លោក​ក៏បាន​ប្ដេជ្ញា​ទប់ស្កាត់ ការ​នាំចូល​សាច់សត្វ​ខូចគុណភាព​ពី​ប្រទេសជិតខាង​ដែរ។ ក្រៅពី​បញ្ហា​ពីរ​នេះ លោក​ក៏​ប្ដេជ្ញា​រក​វិធី​កាត់បន្ថយ​ថ្លៃ​ផលិត ផលិតផល​កសិកម្ម​ឲ្យ​នៅ​ទាប​ផងដែរ ព្រោះថា​ប្រសិនបើ​ថ្លៃ​ផលិត​ខ្ពស់ តម្លៃ​លក់​ចេញ​ក៏​ខ្ពស់​ធ្វើ​ឲ្យ​ការប្រកួតប្រជែង​ទីផ្សារ​មានការ​ពិបាក។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​បណ្ឌិត​ច្រើនណាស់ គួរតែ​គិតពី​បញ្ហា​ទាំងបី​នេះ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ៕

កំណែ​ទម្រង់​បន្ទាន់​ចំនួន​៣ ​ដែល​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្មី​ប្ដេជ្ញា​អនុវត្ត