ការ​លក់​សម្ភារៈ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ និង​កុមារ​មាន​កំណើន​ខ្ពស់

ការ​លក់​សម្ភារៈ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ និង​កុមារ​មាន​កំណើន​ខ្ពស់



ភ្នំពេញ​ ៖​ ការ​លក់​សម្ភារៈ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​បាន​និង​កំពុង​មាន​ការ​កើន​ឡើង ដោយសារ​ការ​កើន​ឡើង​នូវ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ និង​កំណើន​សេដ្ឋកិច្ច​របស់​​កម្ពុជា។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ហាង​លក់​សម្ភារៈ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ឈ្មោះ Baby Outlet លោក ឈិន រ៉ា​ឌី បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិល​មិញ​ថា បន្ទាប់ពី​បើក​ដំណើរការ​កាលពី​ឆ្នាំ​២០១៤ ហាង​Baby Outlet​ មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ ដោយសារ​មានការ​គាំទ្រ​ពី​អតិថិជន ព្រោះ​ហាង​នេះ​មានមុខ​ទំនិញ​ចម្រុះ​ជាង​៩០០០​ប្រភេទ ដែល​ផ្តល់ជូន​ដល់​អតិថិជន​នូវ​ជម្រើស​ដ៏​សម្បូរបែប​។ លោក​បន្តថា លោក​បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​នាំចូល នូវ​សម្ភារៈ​ផ្តាច់មុខ​ទាំងអស់នេះ​ជាង​២០០​ក្រុមហ៊ុន ដែល​បាន​យកមកចែក​ចាយ​នៅ​កម្ពុជា ដើម្បី​នាំយក​ផលិតផល​មាន​គុណភាព​មកកាន់​ហាង​នេះ។

លោក​បន្តថា “​ការលក់​របស់​យើង​មាន​កំណើន​ជា​រៀងរាល់ខែ ដោយសារ​ចំនួន​អតិថិជន​បាន​កើនឡើង​ជាប្រចាំ​។ ភាពជោគជ័យ​របស់​ហា​ង​នេះ ដោយសារ​ក្រុមហ៊ុន​ផ្តោត​សំខាន់​លើ​ភាពស្មោះត្រង់​ដល់​អតិថិជន និង​ការ​រក្សាទុក​សម្ភារៈ​ទាំង​អស់​ក្នុង​សីតុណ្ហភាព​តាម​ស្តង់ដារ​អន្តរជាតិ ពិសេស​យើង​ផ្តល់​ចំណេះដឹង​ជូន​អតិថិជន​ទាក់ទង​នឹង​មុខទំនិញ ​ដែល​ពួកគេ​ទិញយក​ទៅ​ប្រើប្រាស់​”​។​ លោក​បន្តថា “​ក្រុមហ៊ុន​មិន​ផ្តោតលើ​ប្រាក់ចំណេញ​តែមួយ​មុខ​នោះទេ គឺ​សម្ភារៈ​អ្វី​ដែល​មិន​សមស្រប​នឹង​តម្រូវការ​របស់​អតិថិជន យើង​មិន​លក់​ជូន​អតិថិជន​នោះ​ទេ ពិសេស​ក្រុមហ៊ុន​តែង​ផ្តល់នូវ​រង្វាន់​ដែល​ក្រុមហ៊ុន​នាំចូល​ផ្តល់​ដល់​ហាង​Baby Outlet យើង​ក៏​ផ្តល់ជូន​អតិថិជន​ដោយ​មិន​គិត​ប្រាក់​ផងដែរ​”​។

លោក ឈិន រ៉ា​ឌី បាន​បន្តថា ទំនិញ​ដែល​លក់​នៅ​ហាង​នេះ គឺ​ផ្តោតលើ​ស្ត្រី​មាន​ផ្ទៃពោះ រហូតដល់​កុមារ​អាយុ​៦​ឆ្នាំ។ ហាង​នេះ​បាន​បើក​លក់​ចាប់ពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​៨និង៣០​នាទី​យប់​ជា​រៀងរាល់ថ្ងៃ ដើម្បី​ធ្វើ​ឲ្យ​អតិថិជន​មាន​ភាពងាយស្រួល និង​អាច​មក​ហាង​បាន ក្រោយពេល​ពួកគេ​សម្រាក​ពី​ការងារ។ លោក​បន្តថា ដោយសារ​មាន​តម្រូវការ​ធំ និង​កើន​ឡើងជា​បន្តបន្ទាប់ លោក​បាន​ពង្រីក​ហាង​ថ្មី​មួយទៀត​កាលពី​ខែ មេសា​កន្លង​មកនេះ។ ហាង​ថ្មី​នេះ​មាន​ទីតាំងនៅ​តាមផ្លូវ​ក​ម្ពុ​ជា​ក្រោម ទល់មុខ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​គ្រោង​ពង្រីក​ហាង​ចំនួន​បី​បន្ថែម​ទៀត​នាពេល​អនាគត មុននឹង​ពង្រីក​ហាង​ទៅតាម​បណ្តា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​នានា នៅពេល​ខាងមុខ​។​
អ្នកស្រី​កែវ កញ្ញា​វាសនា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ហាង​Baby Outlet​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ននេះ​ក្រុមហ៊ុន ក៏មាន​សេវា​ផ្តល់ជូន​អតិថិជន​តាម​លំនៅឋាន​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផងដែរ​។ អតិថិជន​របស់​យើង គឺជា​ក្រុម​ប្រជាជនមាន​ប្រាក់ចំណូល​មធ្យម រហូតដល់​អ្នកមាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ទីក្រុង​ភ្នំពេញ។

អ្នកស្រី​បាន​បន្តថា អ្នកស្រី​បាននិងកំពុង​គិត​ថា ការ​លក់​សម្ភារៈ និង​បរិក្ខារ​ទាំងអស់នេះ​មាន​សក្តានុពល​ខ្ពស់ ព្រោះ​គ្រួសារ​ណា​ក៏ត្រូវ​មាន​បុត្រ​ធីតា ហើយ​ពេល​មាន​បុត្រ ធីតា ពួកគេ​តែងតែ​ត្រូវការ​សម្ភារៈ​ទាំងអស់នេះ ហេតុដូច្នេះ​ទើប​យើង​មានបំណង​ពង្រីក​ហាង ទៅតាម​ខណ្ឌ​នានា​នៅ​រាជធានី​ភ្នំពេញ និង​ពង្រីក​ផលិតផល​ទាំងនេះ​ឲ្យ​កាន់តែ​សម្បូរបែប​បន្ថែមទៀត ដោយសារ​Baby Outlet​ជា​ក្រុមហ៊ុន​ស្តង់ដារ​អន្តរជាតិ ព្រោះ​ទាល់តែ​យើង​មាន​ស្តង់ដារ​ទើប​អាច​ពង្រីក​ហាង​បាន៕