សភា​ប្រកាស​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ថ្មី ជំនួស​សម្តេច នរោត្តម បុ​ប្ឆា​ទេវី ដែល​បាន​សុំលាលែង​

​រដ្ឋសភា ប្រកាស​ជ្រើសរើស​ឥស្សរជន​មួយ​រួប ដើម្បី​ទទួល​ដំណែង​ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ជំនួស​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី​។ សម្តេច នរោត្តម បុប្ផា​ទេវី បាន​សុំលាលែង​ពី​តំណែង​ជាស​មា​ជិ​ព្រឹទ្ធសភា​។

​រដ្ឋសភា កំពុងតែ​ប្រកាស​ដល់​ឥស្សរជន​ទាំងឡាយ ឲ្យ​ដាក់ពាក្យ​ដើម្បី​ឈរឈ្មោះ​ជា​បេក្ខភាព​នៃ​សមាជិក​ព្រឹទ្ធសភា ប្រសិនបើ​មាន​ចំណាប់អារម្មណ៍​។ រដ្ឋសភា ចាប់ផ្តើម​ទទួល​ពាក្យ​ពីថ្ងៃ​ទី​៤ ខែឧសភា តទៅ ហើយនឹង​បញ្ឈប់​ការទទួល​ពាក្យ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋសភា ចុះ​នៅ​ថ្ងៃទី​៤ ឧសភា​។​

​មាត្រា​១០០ នៃ​រដ្ឋធម្មនុញ្ញ បាន​ចែងថា​៖«​សមាជិក​ព្រឹទ្ធសភា​ចំនួន​២​រូប ត្រូវបានចាត់តាំង​ដោយ​ព្រះមហាក្សត្រ​។ សមាជិក​ព្រឹទ្ធសភា​ចំនួន ២​រូប ត្រូវបាន​រដ្ឋសភា​ជ្រើសតាំង​តាម​មតិ​ភាគច្រើន​ដោយ​ប្រៀប​។ រីឯ​សមាជិក​ព្រឹទ្ធសភា​ឯទៀត ត្រូវបាន​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​អសកល​»​។​

​សូមបញ្ជាក់ថា សម្តេច​បុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី មិនទាន់​ផុត​អាណត្តិ​ជា​សមាជិក​ព្រឹទ្ធសភា ឡើយ​។ ការចាកចេញ​ពី​ដំណែង​ក្នុង​ស្ថាប័នព្រឹទ្ធសភា​នេះ គឺជា​ការ​ស្ម័គ្រ​ព្រះទ័យ​របស់​សម្តេច​។ កាលពី​ឆ្នាំ​២០១២ សម្តេច ត្រូវបាន​រដ្ឋសភា ជ្រើសតាំង​ជា​សមាជិក​ព្រឹទ្ធ នីតិកាល​ទី​៣ ៕