ប្រទះឃើញ​សព​ជនអនាថា​ដេក​ស្លាប់​រហូត​ស្អុយរលួយ​ទើប​ដឹង

ប្រទះឃើញ​សព​ជនអនាថា​ដេក​ស្លាប់​រហូត​ស្អុយរលួយ​ទើប​ដឹង



ភ្នំពេញ ៖ សាកសព​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ជនអនាថា​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ក្នុង​សភាព​ហើយ​ស្អុយរលួយ​បាត់​ទៅ​ហើយ ​ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​យក​អាហារ​និង​ទឹក​ឲ្យ​ហូប​ប៉ុន្ដែ​បែរជា​ជនអនាថា​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​គ្មាន​អ្នកណា​បានដឹង​ឡើយ​លុះ​រហូត​ហើម​ស្អុយរលួយ​បែបនេះ​ទើប​ដឹង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​។​

ហេតុ​ការ​ណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១៧​និង​៥០​នាទី​ល្ងាច ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​ផ្ទះ​ស ស្ថិត​ក្នុង​ដី​ឡូ​ត៍​មួយ​កន្លែង ភូមិ​សំរោងក្រោម​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ពួកគាត់​មិនបាន​ស្គាល់​អត្តសញ្ញាណ ជនអនាថា​នោះទេ​ហើយ​ក៏​មិន​ដឹង​ថា​ មាន​ទីលំនៅ នៅឯណា​នោះ​ដែរ គ្រាន់តែ​ដឹង​ថា ​នៅមុន​ពេល​បុរស​នេះ​ស្លាប់ កាលពី​៤ ទៅ​៥​ថ្ងៃមុន នេះ​ប្រជាពលរដ្ឋ​បាន​ឃើញ បុរស​នេះ​ដើរចូល​ទៅក្នុង​ដីឡូត៍​ខាងលើ​នោះ​ដែល​គេ​ទុកចោល ហើយ​អ្នកស្រុក​តែង​ហៅ​ទីនោះ​ថា​ផ្ទះ​ស​។ ពលរដ្ឋ​បន្ដ​ថា ​កាលនោះ​គាត់​កំណត់​បាន​ថា ជា​បុរស​នេះ​គឺជា​ជនអនាថា និង​ជាម​នុស្ស​មិនសូវ​គ្រប់​ទឹក​ឡើយ ពេលនោះ​ដោយ​ខ្លាច បុរស​អនាថា​នោះ​ចូល​ទៅ​មាន​គ្រោះថ្នាក់​អី ឬ​ខ្លាច​គាត់​ចងក​សម្លាប់ខ្លួន​ពលរដ្ឋ​ម្នាក់​នោះ ក៏បាន​តាម​ទៅ​មើល ប៉ុន្តែ​ពេល ទៅដល់​មិន​មាន​បញ្ហា​អ្វី​កើតឡើង​នោះឡើយ​ហើយ គាត់​ក៏​ចាក​ចេញពី​ទីនោះ វិញ​ចំណែក​បុរស​ខាងលើ នោះ​ក៏បាន​ស្ថិត នៅ​ទីនោះ​តែ​ម្នាក់ឯង​តាំងពី​ពេល​នោះមក។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​ថ្ងៃ​ដែល​គេ​ភ្ញាក់ផ្អើល​នេះ​គាត់​បាន​នឹកឃើញ​ដល់​បុរស​នោះ​ដែល​បាន​ចូលទៅ​សម្ងំ​នៅ​ទីនោះ​ព្រោះ​ពេល​ជួប​គ្នា​កាលនោះ​គាត់​ក៏បាន​ជជែក​សួរនាំ​គ្នា​២​ទៅ​៣​ម៉ាត់​ដែរ​។ រហូតមកដល់​ថ្ងៃកើតហេតុ គាត់​បាន​ចូល​ទៅ​មើល​ដើម្បី​យក​បាយ​និង​ទឹក​ឲ្យ​ហូប ប៉ុន្ដែ​គ្រាន់តែ​ចូលទៅ​ជិត​ដល់ បាន​ធុំ​ក្លិនស្អុយ​ចម្លែក គាត់​មានការ​ងឿងឆ្ងល់ ក៏បាន​ដើរ​ចូល​ទៅ​មើល​ជិត ស្រាប់តែ​ប្រទះឃើញ​បុរស​នោះ ដេក​ស្លាប់​ក្នុង​សភាព​ហើម​ស្អុយ​បាត់​ទៅ​ហើយ។

ប្រភព​បន្ដ​ថា ​ដោយ​ឃើញ​បែប​នេះ​គាត់​បាន ចាក​ចេញពី​ទីនោះ ហើយ​បាន​យក​ដំណឹង​នេះ ទៅប្រាប់​ដល់​អ្នកភូមិ នាំគ្នា​ទៅ​ចោមរោម​មើល​គ្រប់ៗ​គ្នា ប៉ុន្តែ​មិន​មាន​អ្នកណាម្នាក់ បាន​ស្គាល់​ជនរងគ្រោះ​ម្នាក់​នេះ​ឡើយ ព្រោះ​ជា​ជនអនាថា ហើយ​ជា​អ្នក​មកពី​ទី​ឆ្ងាយ​ទៀត​ផង ទើប​គ្មាន​អ្នក​ស្គាល់​បែបនេះ។

ដោយឡែក​ប៉ូលិស​មូលដ្ឋាន បាន​ចុះទៅ​មើល ហើយ​បាន​រាយ​ការ​ណ៍​បន្ត​ទៅកាន់​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី ចុះទៅ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​ទៅតាម​ជំនាញ រួច​ទើប​ប្រគល់​សព​ទៅ​ឲ្យ​អាជ្ញាធរ មូលដ្ឋាន​រៀបចំ​បូជា​តាមរបៀប​ជា​ជនអនាថា​៕