អាគារ​កម្ពស់​៥០០​ម៉ែត្រ ​នឹង​សាងសង់​នៅ​ពេល​ឆាប់ៗ​នេះ

អាគារ​កម្ពស់​៥០០​ម៉ែត្រ ​នឹង​សាងសង់​នៅ​ពេល​ឆាប់ៗ​នេះ



ភ្នំពេញ ​៖​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ថៃ ប៊ុន​រ៉ុង កម្ពស់​ ៥០០ ម៉ែត្រ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ ថៃ ប៊ុន​រ៉ុង និង​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ។

លោក ទួ​ស សា​ភឿន អគ្គលេខាធិការ​រង​គណៈ​ស្ថាបត្យកម្ម និង​ជា មន្ត្រីជាន់ខ្ពស់​នៅ​ក្រុមហ៊ុន ថៃ ប៊ុន​រ៉ុង បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ការ​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​វិនិយោគ​ប្រមាណ​២១០០ លាន​ដុល្លារ នឹង​ចាប់ផ្តើម​នៅមុន​ខែ​តុលា​ខាងមុខនេះ ព្រោះ​បច្ចុប្បន្ន​ក្រុមហ៊ុន ឌ្រី​ម​លែ​ន​ដ៏ មិនទាន់​បាន​បញ្ចប់​ការ​រុះរើ​សំណង់​របស់​ខ្លួន ហើយ​ក្រុមហ៊ុន​បាន​និង​កំពុង​ធ្វើការ​សិក្សា​បច្ចេកទេស​មួយ​ចំនួនទៀត ដោយ​ផ្តោត​សំខាន់​លើ​គ្រឹះ​របស់​អាគារ ដែល​អាច​ការពារ​ករណី​មានការ​រញ្ជួយ​ដី។

លោក​បន្តថា “​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្លោះ​កម្ពស់ ១៣៣ ជាន់ ស្មើនឹង​កម្ពស់​ជាង​៥០០ ម៉ែត្រ​នេះ គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ ២០២០ ខាងមុខ​”​។ លោក​បន្តថា “​រហូតមកទល់​ពេលនេះ​ក្រុមហ៊ុន​មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​សាងសង់​គម្រោង​នេះហើយ ដោយ​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ ហើយ​ក្រុមហ៊ុន​ដៃគូ​របស់​យើង​ក៏​មិន​មាន​បញ្ហា​អ្វី​នោះទេ​”​។​

ការវិនិយោគ​នេះ​បានទទួល​ការគាំទ្រ ពី​សំណាក់​ក្រុមហ៊ុន​សំណង់​នៅ​ហុងកុង​មួយ ដែល​ក្រុមហ៊ុន​នេះ​បាន​ជួបប្រទះ នឹង​ឧបសគ្គ​មួយចំនួន​ដោយសារ​ការ​ធ្លាក់ចុះ តម្លៃ​ភាគហ៊ុន​នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន​របស់​ហុងកុង​កាលពី​ឆ្នាំមុន ក៏ដូចជា ពាក្យ​ចចាមអារ៉ាម​អំពី​ការ​លក់​ចេញ និង​ការដក​ឥណទាន​ពី​ធនាគារ​ពីរ​ទៀត។

យោងតាម​គេហទំព័រ​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​សំណង់ Hsin Chong Construction Group Ltd នេះ​ត្រូវ​បាន​ចាត់តាំង​ជា​អ្នកគ្រប់គ្រង​សំណង់ សម្រាប់​គម្រោង​ដែល​កំពុងដំណើរការ​នេះ​ដែល​ជា​ការ​សហការ​រវាង​ក្រុមហ៊ុន Thai Boon Rong Group និង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ទីក្រុង​ម៉ា​កាវ Sun Kian Ip Group។ គេហទំព័រ​នេះ​បានសរសេរថា ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ផ្នែក​សំណង់​សម្រាប់​គម្រោង​នេះ Hsin Chong នឹងមាន​ទំនួល​ខុសត្រូវ​លើ​ការ​សម្របសម្រួល និង​ត្រួតពិនិត្យ​លើ​កុងត្រា​ការងារ ការគ្រប់គ្រង​កម្មវិធី​ផ្តល់​យោបល់​ទៅលើ​ពាណិជ្ជកម្ម ត្រួតពិនិត្យ​សុវត្ថិភាព និង​គុណភាព គ្រប់គ្រង​ការរៀបចំ​នៅ​ទីតាំង​ផ្ទាល់ ក៏ដូចជា​ធ្វើការ​សម្របសម្រួល​ជាមួយនឹង​ទីប្រឹក្សា និង​អាជ្ញាធរ​ដែនដី។

លោក​ឡៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ថា ក្រសួង​បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន ថៃ ប៊ុន​រ៉ុង សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​រួចហើយ។

លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​បាន​ថ្លែង​ថា “​ខ្ញុំ​សប្បាយចិត្ត បើសិនជា​កម្ពុ​ជា​មាន​សំណង់​ខ្ពស់ៗ​បែប​នេះ នៅ​ប្រទេស​របស់​យើង ​ព្រោះ​វា​នឹង​លើក​កម្ពស់​សោភ័ណភាព លើក​កម្ពស់​កិត្យានុភាព និង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​​​សេដ្ឋកិច្ច​ជាតិ​”​។​

លោក​បន្ត​ថា វា​គឺជា​គម្រោង​ដ៏​ធំ​មួយ​ដែល​បង្ហាញ​ពី​ទំនុក​ចិត្ត​វិនិយោគិន​មកលើ​វិស័យ​សំណង់ និង​សេដ្ឋកិច្ច​ប្រទេស​នៅ កម្ពុជា ​ហើយ​វា​ក៏​ជួយ​បង្កើន​ការ​ទាក់ទាញ​វិនិយោគ​ថ្មីៗ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មក​ក្នុង​ប្រទេស​កម្ពុជា កាន់តែ​ច្រើន​បន្ថែម​ទៀត​ផង​ដែរ​នា​ពេល​អនាគត៕