ទីតាំង​ប្ដូរ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន នឹង​ដំណើរការ​នៅ​ដើមខែ​មិថុនា​នេះ

ទីតាំង​ប្ដូរ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន នឹង​ដំណើរការ​នៅ​ដើមខែ​មិថុនា​នេះ



ភ្នំពេញ ​៖ ​នៅ​ក្នុង​កិច្ចប្រជុំ​សប្ដាហ៍​ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា ទីតាំង​ប្តូរ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន នឹង​ដំណើរការ​នៅ​ដើមខែ​មិថុនា ២០១៦ ខាងមុខនេះ ដែល​នេះ​ផ្នែក​មួយ​នៃ​ផែនការ ១០០​ថ្ងៃ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

កិច្ចប្រជុំ​សប្ដាហ៍​ នៅ​ថ្ងៃ​ពុធ ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គឺ ប្រព្រឹត្ត​ទៅជា​ទៀងទាត់ ដោយ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​ថ្នាក់ដឹកនាំ​របស់​ក្រសួង​។ កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​អំពី ការវិវឌ្ឍ​នៃ​ដំណើរការ​រៀបចំ ទីតាំង​ប្តូរ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​(AEON) ដែល​នឹងដាក់​ដំណើរការ នៅ​ដើមខែ​មិថុនា ឆ្នាំ​២០១៦​ខាងមុខនេះ ហើយ​ក៏បាន​រាយការណ៍​ជូន​ផង​ដែរ ពី​ការសិក្សា​រៀបចំ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ក្នុង​ការ​ចុះបញ្ជី​ប័ណ្ណបើកបរ ការចុះបញ្ជី​យានយន្ត និង​ការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ។ ប្រព័ន្ធ​នេះ នឹង​ក្លាយ​ជា​ទៅជា​គន្លឹះ​ដោះស្រាយ​បញ្ហា ក្នុងការ​ជំរុញ​ឲ្យ​មាន​តម្លាភាព សន្សំ​ពេលវេលា និង​កាត់បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ចំពោះ​សេវា​សាធារណៈ ដែល​ផ្តល់​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

លោក​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​ក្រុមការងារ ដែល​ទទួលបន្ទុក​ឲ្យ​ដាក់​បន្ថែម​សេវា​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ដល់​ថ្នាក់​ខេត្ត​បន្ថែម​ទៀត ដើម្បី​បង្ខិត​សេវា​ឲ្យ​ទៅ​ជិត​ប្រជាពលរដ្ឋ។ គំនិត​ផ្តួចផ្តើម​នេះ នឹង​ជួយ​សម្រួល​ដល់​ម្ចាស់​យានយន្ត​ទាំងអស់ ក្នុងការ​ស្នើសុំ​សេវា​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត នៅ​ទីតាំង​ក្នុង​ខេត្ត​របស់​ខ្លួន ឬ​នៅ​ខេត្ត​ជិតៗ​នោះ។

របៀបវារៈ​សំខាន់​មួយទៀត គឺ​ការពិភាក្សា​អំពី របាយការណ៍​ស្តីពី សំណូមពរ និង​មតិយោបល់​របស់​សាធារណជន និង​ដំណោះស្រាយ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ឆ្លុះបញ្ចាំង​ពី គោលនយោបាយ​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល ទាក់ទង​នឹង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន។

ក្នុង​ឱកាស​នោះ​ដែរ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​នាយកដ្ឋាន​ទាំង​អស់​ពិនិត្យ​ឡើង​វិញ និង រៀបចំ​នីតិវិធី​ការងារ​ក្នុង​នាយកដ្ឋាន​របស់​ខ្លួន ដើម្បី​កាត់បន្ថយ​ពេលវេលា និង​ការ​រាំងស្ទះ​នានា៕


ទីតាំង​ប្ដូរ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន នឹង​ដំណើរការ​នៅ​ដើមខែ​មិថុនា​នេះ

ទីតាំង​ប្ដូរ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន នឹង​ដំណើរការ​នៅ​ដើមខែ​មិថុនា​នេះ