សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​រៀបចំ​សិក្ខា​សាលា​ស្ដីពី​ “​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​”

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​រៀបចំ​សិក្ខា​សាលា​ស្ដីពី​ “​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​”



ភ្នំពេញ ​៖ ​ជា​លើកដំបូង​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន និង​កំពុង​រៀបចំ​សិក្ខា​សាលា​ស្តីពី “​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​” ដើម្បី​កែ​លម្អ​នូវ​ការ​រួមបញ្ចូល​គ្នា នៃ​ពាណិជ្ជកម្ម រវាង​អង្គការ​កសិករ និង​រោង​ម៉ាស៊ីនកិនស្រូវ​/​អ្នក​នាំចេញ ដោយ​សម្រេច​យក​គំរូ គម្រោង​កិច្ច​សន្យា ​កសិកម្ម ​Contract Farming ជោគជ័យ​ ដែល​ធ្លាប់​បាន អនុវត្ត​ដៃគូ​អភិវឌ្ឍន៍​កន្លងមក។

គួរ​បញ្ជាក់​ថា ​សិក្ខាសាលា​ស្តីពី “​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​” នេះ បាន​ប្រារព្ធ​ឡើង កាលពី ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦​នេះ ចាប់ពី​ម៉ោង​៨៖០០​នាទី នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់ II ដែល​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម និង​ការកែច្នៃ​ស្រូវ​អង្ករ​នេះ រួមមាន​៖ តំណាង​ក្រសួង​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន​នាំចេញ​អង្ករ និង​ម្ចាស់ រោង​ម៉ាស៊ីន​កែច្នៃ​អង្ករ និង សហគមន៍​កសិកម្ម​មក​ពី បណ្តា​ខេត្ត​នានា​ផង​ដែរ ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ។

ប្រភព​បន្ថែមទៀត​បាន​ឲ្យ​ដឹងថា ការរៀបចំ​សិក្ខាសាលា ដ៏​មាន​សារៈសំខាន់​មួយ​នេះ គឺ​ផ្អែក​តាម​កិច្ចប្រជុំ​គណៈកម្មការ​ប្រតិបត្តិ​ផលិតភាព​កសិកម្ម និង​ការកែច្នៃ​នៃ​សហព័ន្ធ ស្រូវ អង្ករ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៦ ដោយ​សម្រេច​យក​គំរូ គម្រោង​កិច្ចសន្យា ​កសិកម្ម Contract Farming ជោគជ័យ​ដែល​ធ្លាប់​បាន អនុវត្ត​ដៃគូ​អភិវឌ្ឍន៍​កន្លងមក។ គោលបំណង ចម្បង​ៗ​នៃ​សិក្ខាសាលា​រួមមានៈ បង្ហាញ​និង​ណែនាំ​ករណី​ ខុសៗ​គ្នា​នៃ គម្រោង កិច្ចសន្យា​កសិកម្ម កំណត់​នូវ​តួនាទី​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​ដំណើរការ​សម្របសម្រួល គម្រោង​កិច្ចសន្យា​កសិកម្ម បង្កើត​ជំនួប​រវាង​អ្នកទិញ​ស្រូវ និង​អ្នក​ផលិត​ស្រូវ បង្ហាញ​ពី​ប្រព័ន្ធ ប្រមូល​ផល​ស្រូវ (To present paddy collective platform system) សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា​ទទួលស្គាល់​ថា មានតែ​មធ្យោបាយ​សហការ គ្នា​មួយ​មុខ​គត់​ពី​អ្នក​ពាក់ព័ន្ធ ក្នុង​វិស័យ ស្រូវ​អង្ករ​ទាំងមូល ទើប​វិស័យ​ស្រូវ​អង្ករ​កម្ពុជា អាច​រក​ឃើញ​នូវ​គន្លឹះ​អនុវត្ត ប្រកបដោយ ប្រសិទ្ធភាព ទាំង​ការ​ដាំដុះ​ការកែច្នៃ និង ការនាំចេញ៕