សេរីភាព​សារព័ត៌មាន​កម្ពុជា​ថយ​លេខ តែ​តំណាង UNESCO ថា​មិន​ទាន់​ល្អ

តំណាង​អង្គការ UNESCO ប្រចាំ​នៅ​កម្ពុជា លោកស្រី Anne Lemaistre បាន​និយាយ​ថា កម្ពុជា​ជាប់​លេខ ១២៨ ក្នុង​ចំណោម​ ១៨០ ប្រទេសលើពិភពលោក ផ្នែក​​សេរីភាព​អ្នកសារព័ត៌មាន ដែល​ពី​មុន​ឈរ​នៅ​លេខរៀង១៣៩។ នេះ​ជា​ការ​រំកិល​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​មួយ ប៉ុន្តែ​​យ៉ាងណាលោកស្រី​​​ ក៏​បាន​មើល​ឃើញ​ដែរ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជាបច្ចុប្បន្ន ហាក់​មាន​ការ​ធ្លាក់​ចុះ។

 

សេរីភាព​សារព័ត៌មាន​កម្ពុជា​ថយ​លេខ តែ​តំណាង UNESCO ថា​មិន​ទាន់​ល្អលោកស្រី Anne Lemaistre  

 

លោកស្រី Anne Lemaistre បញ្ជាក់​ថា បើ​ទោះបីសេរីភាព​សារព័ត៌មាន​​កម្ពុជា មាន​ភាព​​ប្រសើរ​ឡើង​​ច្រើន ប៉ុន្តែ​កម្ពុជា​នៅ​មាន​ការ​ងារ​ច្រើន​ទៀត ​ដែល​ត្រូវ​ធ្វើ​ដើម្បី​ការពារ​អ្នកកាសែត ដែលសរសេរ​​ព័ត៌មានលើបញ្ហា​ក្ដៅ ដូចជា​​ បញ្ហា​បរិស្ថាន ធនធាន​ធម្មជាតិ អំពើ​ពុករលួយ​ជាដើម។

 

​”​កម្ពុជាបច្ចុប្បន្ននេះ ហាក់​​មាន​ការ​ថយ​ចុះ​ផ្នែកសេរីភាព​សារព័ត៌មាន និង​ សេរីភាព​ក្នុង​ការ​ប្រមូល​ផ្ដុំ ដូចជា ភាពយន្ត​​ត្រូវ​បាន​ហាមឃាត់មិន​​ឱ្យចាក់​បញ្ចាំង ប្រជាជន​​ត្រូវ​បាន​គំរាមកំហែង ទាក់ទង​សកម្មភាព​បណ្ដាញ​សារព័ត៌មាន បុគ្គលិក​អង្គការ និង​អាជ្ញាធរ​ដែនដី ប្រឈមដាក់​​គ្នា​លើ​បញ្ហា​នយោបាយ”។

 

ដោយ​មើល​ឃើញ​ពី​បញ្ហា​នេះ លោកស្រី​សូម​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​ពង្រឹង​លើ​សេរីភាព​សារព័ត៌មាន ដើម្បី​ឱ្យ​ប្រជាជន មន្ត្រី​រដ្ឋាភិបាល អនុវត្ត​តាម​ផ្លូវច្បាប់។

 

លោកស្រីបន្តថា៖ “…ខ្ញុំ​សូម​ឱ្យ​អ្នក​ទាំង​អស់​គ្នា រួមគ្នា​ថែរក្សា​ការពារ និង​លើក​ទឹកចិត្ត ឱ្យ​មាន​សេរីភាព​សារព័ត៌មាន ហើយ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ វា​មាន​សារសំខាន់​ណាស់ សម្រាប់​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍ ដែល​មាន​ចិរភាព សេរីភាព និង​សន្តិភាព…”។

 

ការ​លើក​ឡើង​របស់​តំណាង​អង្គការ UNESCO ប្រចាំ​នៅ​កម្ពុជា​រូប​នេះ បាន​ធ្វើឡើង​​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ២០១៦ ក្រោមប្រធានបទ «សិទ្ធិទទួលបានព័ត៌មាន ជាសិទ្ធិ​របស់​អ្នក!» នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា កាល​ពី​ថ្ងៃ​ទី ០៣ ខែ ឧសភាកន្លង​ទៅ៕

 

តំណាង​អង្គការ UNESCO៖ រៀងរាល់​ ៥​ថ្ងៃ អ្នក​កាសែត​ម្នាក់​ត្រូវ​បាន​សម្លាប់

 

អត្ថបទ៖ អ៊ុំ សុភក្តិ