ជន​​​ភៀស​​​ខ្លួន​​​ពីរ​​​នាក់​​​ទៀត​​​នៅ​​​កោះ​​​ណូរូ​​​ស្ម័គ្រចិត្ត​​​មក​ប្រទេស​​​​កម្ពុជា

មន្ត្រី​​​​​​អន្តោប្រវេសន៍​​​ម្នាក់​​​បាន​​​និយាយ​​​កាល​ពី​​​ម្សិលមិញ​​​ថា ជន​ភៀសខ្លួន​​​ពីរ​​​នាក់​​​ទៀត ​ដែល​​​ឃាត់​​​ទុក​​​ដោយ​​​ប្រទេស​​​អូស្ត្រាលី​​​នៅ​​​មណ្ឌល​​​​​ឃាត់​​​ខ្លួន​​​ក្នុង​​​សមុទ្រ បាន​​​ស្ម័គ្រ​​​ចិត្ត​​​មក​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​នៅ​​​ប្រទេស​​​កម្ពុជា ជា​​​សញ្ញា​​​មួយ​​​បង្ហាញ​​​​​​ឲ្យ​​​ឃើញ​​​ថា កិច្ចព្រមព្រៀង​​​តាំង​​​លំនៅ​​​​ជា​​​ថ្មី​​​ដ៏​ចម្រូង​ចម្រាស​រ​​​រវាង​​​ប្រទេស​​​ទាំង​​​ពីរ​​​មាន​​​ដំណើរ​ការ​​​ជា​​​ធម្មតា​​​នៅ​​​ឡើយ។

លោក កែម សារិន ប្រធាន​នាយកដ្ឋាន​ជន​​ភៀស​ខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ បាន​​​និយាយ​​​ថា អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ពីរ​​​នាក់​​​ថ្មី​​​មកពី​​​ជំរំ​​​ជន​​​ភៀស​​​ខ្លួន​​​នៅ​​​ប្រទេស​​​កោះ​​​ណូរូ​​​នៃ​​​មហា​​​សមុទ្រ​​​ប៉ាស៊ីហ្វិក​​​ខាង​​​ត្បូង​​​មិន​​​បាន​​​ដាក់​​​ពាក្យ​​​សុំ​​​ជា​​​ផ្លូវការ​​​នៅឡើយ​​​ទេ។ ព័ត៌មាន​​​នេះ​​​លេច​​​ឮ​​​ឡើង​​​បន្ទាប់ពី​​​មាន​​​របាយការណ៍​​​ថា ជន​​​ភៀសខ្លួន​​​ពីរ​​​នាក់​​​នៅ​​​ប្រទេស​​​ណូរូ​​​បាន​​​ដុត​​​សម្លាប់​​​ខ្លួន​​​ឯង​​​កាលពី​​​សប្តាហ៍​​​មុន។

ប្រសិនបើ​​​ទទួល​​​បាន​​​ការ​​​យល់ព្រម អ្នក​​​ទាំងពីរ​​​នឹង​​​ចូលរួម​​​ជាមួយ​​​មនុស្ស​​​ពីរ​​​នាក់​​​ផ្សេង​​​ទៀត ដែល​​​បាន​​​ចាកចេញ​​​ពី​​​ប្រទេស​​​ណូរូ​​​មក​​​ក្រុង​​​ភ្នំពេញ និង​​​បាន​​​ស្នាក់​​​នៅ ចាប់​​​តាំងពី​​​ប្រទេស​​​កម្ពុជា​​​បាន​​​ទទួល​​​យក​​​កញ្ចប់​​​ជំនួយ​​​៣០​​​លាន​​​ដុល្លារ​​​ពី​​​ប្រទេស​​​អូស្ត្រាលី​​​កាលពី​​​ខែ​​​កញ្ញា​​​ឆ្នាំ​​​២០១៤ ជា​​​ថ្នូរ​​​នឹង​​​ការ​​​ទទួល​​​​​​យក​​​ជន​​​ភៀសខ្លួន​​​ច្រើន​​​រយ​​​នាក់​​​​នៅ​លើ​​​ប្រទេស​​​កូន​​​កោះ​​​នេះ។

លោក សារិន បាន​​​និយាយ​​​កាលពី​​​ម្សិល​មិញ​​​ថា ”ប្រទេស​​​អូស្ត្រាលី​​​បាន​​​ជូន​​​ព័ត៌មាន​​​ដល់​​​យើង​​​ថា មនុស្ស​​​ពីរ​​​នាក់​​​ទៀត​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​មក​​​ប្រទេស​​​កម្ពុជា”។

លោក​​​​​​និយាយ​​​ថា ”នេះ​​​គ្រាន់តែ​​​ជា​​​ព័ត៌​មាន​​​​​មិន​​​ផ្លូវការ​​​ពី​​​ប្រទេស​​​អូស្ត្រាលី ​ហើយ​​​យើង​​​មិន​​​ទាន់​​​បាន​​​ទទួល​​​លិខិត​​​ផ្លូវការ​​​ណាមួយ​​​នៅ​​​ឡើយ​​​ទេ។ យើង​​​នឹង​​​ពិនិត្យ​​​មើល​​​​​​​ឯកសារ​សំណើ​​​សុំ​​​តាំង​​​ទីលំនៅ​​​ថ្មី​​​របស់​​​ជន​​​ភៀសខ្លួន​​​ស្ម័គ្រចិត្ត និង​​​ដាក់​​​សំណើ​​​នោះ​​​ទៅ​រដ្ឋ​មន្ត្រី​ដើម្បី​​​សុំ​​​សេចក្តី​​​សម្រេច”។

លោក សារិន បាន​​​និយាយ​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​​អំពី​ភេទ អាយុ ឬ​​​សញ្ជាតិ​​​នៃ​​​អ្នក​​​ស្ម័គ្រ​​ចិត្ត​​​ពីរ​​​នាក់​​​នោះ ឬ​​​ថា​​​តើ​​​ពួកគេ​​​ជាប់​សាច់​ញាតិ​​​​គ្នា​​​ឬ​​​​យ៉ាង​ណា​នោះ​ឡើយ​។

អ្នកនាំពាក្យ​​​ការិយាល័យ​​​នៃ​​​ក្រសួង​​​អន្តោ​ប្រវេសន៍​​​អូស្ត្រាលី លោក ភីធើ ដាត់ថុន មិន​​​បាន​​​ឆ្លើយតប​​​នឹង​​​សំណើ​​​សុំ​​​ការ​​​ពន្យល់​​​ទេ។

មាន​​​តែ​​​ប្រាំ​​​នាក់​​​ប៉ុណ្ណោះ​​​ក្នុង​​​ចំណោម​​​ជន​ភៀសខ្លួន​លើ​កោះ​​​ណូរូ​បាន​​​ផ្លាស់​​​មក​​​រស់​​​នៅ​​​ក្រុង​​​ភ្នំពេញ ចាប់​​​តាំងពី​​​មន្ត្រី​​​កម្ពុជា​​​និង​​​អូស្ត្រាលី​​​បាន​​​សម្រេច​​​កិច្ចព្រមព្រៀង​​​តាំង​​​លំនៅ​​​ថ្មី​​​នេះ​​​ដោយ​​​មាន​ការ​​​អបអរ​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​ជាង​​​មួយ​​​ឆ្នាំ​​​កន្លះ​​​មក​​​ហើយ។ ​ប៉ុន្តែ ​មនុស្ស​​​បី​​​នាក់​​​ក្នុង​​​ចំណោម​​​ពួកគេ គឺ​​​បុរស​​​ម្នាក់​​​មកពី​​​ប្រទេស​​​ភូមា និង​​​ប្តី​​​ប្រពន្ធ​​​មួយ​​​គូ​​​មកពី​​​ប្រទេស​​​អីុរ៉ង់ ចាប់​​​តាំងពី​​​ពេល​​​នោះ​​​មក​​​បាន​​​សម្រេច​​​ចិត្ត​​​ត្រឡប់​​​ទៅ​​​ស្រុក​​​​​​វិញ ជាជាង​​​ស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។

លោក អៀន រីនថូល អ្នកនាំពាក្យ​​អង្គការ​សម្ព័ន្ធ​​សកម្មភាព​ជន​ភៀស​ខ្លួន ​មាន​មូលដ្ឋាន​នៅ​ក្រុង​​ស៊ីដនី បាន​​​និយាយ​​​ថា ជនភៀស​ខ្លួន​​​មួយ​​​ចំនួន​​​នៅ​​​ប្រទេស​​​ណូរូ អាច​​​នៅ​​​តែ​​​យល់​​​ឃើញ​​​ថា​​​ប្រទេស​​​កម្ពុជា​​​ជា​​​ដំណាក់​មួយ​​​ឆ្ពោះ​​​ទៅ​​​រក​​​ប្រទេស​​​ប្រសើរ​​​ជាង​​​នេះ ​បើ​​​​​​ទោះ​​​ជា​​​​​​​ប្រទេស​អូស្ត្រាលី​​​បាន​​​បញ្ជាក់​​​ច្បាស់​​​ថា  ប្រទេស​របស់​ខ្លួន​​​មិន​​​អាច​​​ទៅ​​​ដល់​​​បាន​​​យ៉ាង​​​ណា​​​ក៏ដោយ។

លោក​​​បាន​​​និយាយ​​​ថា ការ​​​ដុត​​​សម្លាប់​​​ខ្លួន​​​នៃ​ជនភៀសខ្លួន​​​ម្នាក់​​​លើ​​​កោះ​​​ណូរូ កាលពី​​​ថ្ងៃ​​​ច័ន្ទ ជា​​​លើក​​​ទី​​​ពីរ​​​ក្នុង​​​ពេល​​​មួយ​​​សប្តាហ៍ ក៏​​​អាច​​​បង្ខំ​​​ឲ្យ​មនុស្ស​​​មួយ​​​ចំនួន​​​ពិចារណា​​​អំពី​​​ប្រទេស​​​កម្ពុជា​​​ដែរ ប៉ុន្តែ​​​នៅតែ​​​មាន​​​មន្ទិល​​​ថា ​​ការ​​​បញ្ជូន​​​នឹង​​​អាច​​​ជា​​​កិច្ចកល​​​ច្រើន​​​ជាង។

លោក​​​បាន​​​និយាយ​​​ថា ”អំពើ​​​ឃោរឃៅ​​​និង​​​​​​​ភាព​​​រន្ធត់​​​នៃ​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​នា​​​ពេល​​​ថ្មីៗ​​​​​​​នេះ​​​នៅ​​​ណូរូ អាច​​​ជំរុញ​​​ឲ្យ​​​មនុស្ស​​​មួយ​​​ចំនួន​​​តូច​​ពិចារណា​​​ថា​​​ប្រទេស​​​កម្ពុជា​​​ជា​​​ជម្រើស​​​មួយ។ យើង​​​ក៏​​​មាន​​​ការ​​​ខំ​​​ប្រឹងប្រែង​​​ថ្មីៗ​​​នេះ​​​របស់​​​រដ្ឋាភិបាល​​​អូស្ត្រាលី​​​​បញ្ជាក់​​​​ថា មិន​​​មាន​​​ជម្រើស​​​ណា​​​ផ្សេង​​​ក្រៅពី​​​ប្រទេស​​​កម្ពុជា។ ​​​អ្វី​​​ដែល​​​សម្រេច​​​បាន គឺ​​​ថា មនុស្ស​​​មួយ​​​ចំនួន​​​តូច​​​ប៉ុណ្ណោះ​​​សុខ​​​ចិត្ត​​​ពិចារណា​​​អំពី​​​ប្រទេស​​​កម្ពុជា​​​ថ្វីបើ​​ស្ថានការណ៍​កំពុង​​​ដុនដាប​​​នៅ​​​កោះ​​​ណូរូ​​​ក៏ដោយ”។

លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា “ខ្ញុំ​​​មិន​​​ជឿ​​​ថា​​​​នឹង​​​មាន​​​មនុស្ស​​​ច្រើន​​​ដែល​​​អាច​​​ត្រូវ​​​ជំរុញ​​​ឲ្យ​​​ពិចារណា​​​មក​​​ប្រទេស​​​កម្ពុជា​​​ទេ។ វា​​​ច្បាស់​​​ណាស់​​​ថា ដំណោះស្រាយ​​​កម្ពុជា​​​ដែល​​​ស្នើ​​​ឡើង​​​ដោយ​​​រដ្ឋាភិបាល​​​អូស្ត្រាលី​​​ជា​​​រឿង​​​លេងសើច​​​​ដែល​ចំណាយ​ច្រើន​”។

បើ​​​ទោះ​​​ជា​​​មាន​​​ប្រយោជន៍​​​តិចតួច​​​នៅ​​​កម្ពុជា​​​ក៏​​​ដោយ ក៏​​​លោក ដាត់ថុន បាន​​​បន្ត​​​ការ​ពារ​កិច្ចព្រមព្រៀង​​​នេះ ព្រោះ​​​ជា​​​ការ​​​រារាំង​​ដ៏​​​មាន​​​ប្រសិទ្ធភាព​​​មួយ​​​ទប់​​​ស្កាត់​​​ការ​​​ប៉ុនប៉ង​​​ដោយ​​​អ្នក​​​បម្រុង​​​នឹង​​​ក្លាយ​​​ជា​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​​ជ្រកកោន​មិន​ឲ្យ​​​​មក​​កាន់​ប្រទេស​​​អូស្ត្រាលី។ ​​​ប៉ុន្តែ​​​ក្រុម​​​សិទ្ធិ​​​មនុស្ស​​​និង​​​សមាជិក​​​សភា​​​បក្ស​​​ប្រឆាំង​​​នៅ​​​ប្រទេស​​​ទាំង​​​ពីរ​​​បាន​​​ចោទ​​​​ប្រទេស​​​​​​អូស្ត្រាលី​​​ថា​​​បាន​​គេច​​​ចេញ​​​ពី​​​កាតព្វកិច្ច​​​របស់​​​ខ្លួន​​ចំពោះ​​​ជន​​​ភៀសខ្លួន​​​ក្រោម​​​ច្បាប់​​​អន្តរ​ជាតិ ​​ដោយ​​​ស្វះស្វែង​​​បញ្ជូន​​​ពួកគេ​​​ចេញ​​​ទៅ​​​ប្រទេស​​​មួយ​​​ក្នុង​​​ចំណោម​​​ប្រទេស​​​ក្រីក្រ​​​បំផុត​​​​​​និង​​​ពុករលួយ​​​បំផុត​​​នៅ​​​ក្នុង​​​តំបន់៕ និត​

The post ជន​​​ភៀស​​​ខ្លួន​​​ពីរ​​​នាក់​​​ទៀត​​​នៅ​​​កោះ​​​ណូរូ​​​ស្ម័គ្រចិត្ត​​​មក​ប្រទេស​​​​កម្ពុជា appeared first on ខេមបូឌា ដេលី.