ផែនការ ១០០​ថ្ងៃ ៖ ទីតាំង​ប្តូរ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន នឹង​ដំណើរការ នៅ​ដើមខែ​មិថុនា ២០១៦ ខាងមុខនេះ​

ភ្នំពេញ:
​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​សបា្តហ៍​ដែល​ប្រព្រឹត្ត​ទៅជា​ទៀងទាត់ ជាមួយ​ថ្នាក់ដឹកនាំ​របស់​ក្រសួង នៅ​ថ្ងៃ​ពុធ ទី​៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពាក់ព័ន្ធ​នឹង​ការ​ទីតាំង​ប្តូរ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន នឹង​ដំណើរការ នៅ​ដើមខែ​មិថុនា ២០១៦ ខាងមុខនេះ​។​

​កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​អំពី ការវិវឌ្ឍ​នៃ​ដំណើរការ​រៀបចំ ទីតាំង​ប្តូរ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​(AEON) ដែល​នឹងដាក់​ដំណើរការ នៅ​ដើមខែ​មិថុនា ឆ្នាំ​២០១៦​ខាងមុខនេះ​។ កិច្ចប្រជុំ​នេះ ក៏បាន​រាយការណ៍​ជូន​ផងដែរ ពី​ការសិក្សា​រៀបចំ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ក្នុងការ​ចុះបញ្ជី​ប័ណ្ណបើកបរ ការចុះបញ្ជី​យានយន្ត និង​ការត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ។ ប្រព័ន្ធ​នេះ នឹង​ក្លាយជា​ទៅជា​គន្លឹះ​ដោះស្រាយ​បញ្ហា ក្នុងការ​ជំរុញ​ឲ្យ​មាន​តម្លាភាព សន្សំ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ​ចំពោះ​សេវាសាធារណៈ ដែល​ផ្តល់​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​ក្រុមការងារ ដែល​ទទួលបន្ទុក​អោយ​ដាក់​បន្ថែម​សេវា​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ដល់​ថ្នាក់​ខេត្ត​បន្ថែមទៀត ដើម្បី​បង្ខិត​សេវា​ឱ្យទៅ​ជិត​ប្រជាពលរដ្ឋ​។ គំនិត​ផ្តួចផ្តើម​នេះ នឹង​ជួយ​សម្រួល​ដល់​ម្ចាស់​យានយន្ត​ទាំងអស់ ក្នុងការ​ស្នើសុំ​សេវា​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត នៅ​ទីតាំង​ក្នុង​ខេត្ត​របស់ខ្លួន ឬ​នៅ​ខេត្ត​ជិតៗ​នោះ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា សកម្មភាព​ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ ១០០​ថ្ងៃ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ដំណើរ​ការកសាង​ច្រកព្រំដែន​ស្ទឹង​បត់ ក៏ត្រូវ​បាន​លើក​យកមក​ពិភាក្សា​ផងដែរ​។ រថយន្ត​ដឹកទំនិញ នឹង​តម្រូវឱ្យ​ឆ្លងកាត់​ច្រក​ថ្មី​នេះ ដើម្បី​ពិនិត្យ បំពេញ​សំណុំបែបបទ​ផ្លូវការ និង​បង់​ពន្ធគយ​។ ច្រក​នេះ នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​ផងដែរ​។​

​របៀបវារៈ​សំខាន់​មួយទៀត គឺ​ការពិភាក្សា​អំពី របាយការណ៍​ស្តីពី សំណូមពរ និង​មតិយោបល់​របស់​សាធារណជន និង​ដំណោះស្រាយ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ឆ្លុះបញ្ចាំង​ពី គោលនយោបាយ​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល ទាក់ទង​នឹង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​នាយកដ្ឋាន​ទាំងអស់​ពិនិត្យឡើងវិញ និង រៀបចំ​នីតិវិធី​ការងារ​ក្នុង​នាយកដ្ឋាន​របស់ខ្លួន ដើម្បី​កាត់បន្ថយ​ពេលវេលា និង​ការរាំងស្ទះ​នានា​។​

​ជា​កិច្ចបញ្ចប់ លោក​ទេសរដ្ឋមន្ត្រី បានប្រកាស​ពី​គម្រោង​ចុះ​ពិនិត្យ​ផ្លូវជាតិ​លេខ​១១ ពី​អ្នក​លឿង ខេត្តព្រៃវែង ដល់​ស្រុក​ថ្នល់ទទឹង ខេត្ត​ត្បូងឃ្មុំ និង​ផ្លូវជាតិ​លេខ​៧១C ពី​ស្រុក​ស្រឡប់ ខេត្ត​ត្បូងឃ្មុំ ដល់​ស្រុក​ចំការលើ ខេត្តកំពង់ចាម នៅ​ថៃ្ង​ទី​១៦ ខែឧសភា ឆ្នាំ​២០១៦៕​

ផែនការ ១០០​ថ្ងៃ ៖ ទីតាំង​ប្តូរ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន នឹង​ដំណើរការ នៅ​ដើមខែ​មិថុនា ២០១៦ ខាងមុខនេះ​

ផែនការ ១០០​ថ្ងៃ ៖ ទីតាំង​ប្តូរ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន នឹង​ដំណើរការ នៅ​ដើមខែ​មិថុនា ២០១៦ ខាងមុខនេះ​

ផែនការ ១០០​ថ្ងៃ ៖ ទីតាំង​ប្តូរ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន នឹង​ដំណើរការ នៅ​ដើមខែ​មិថុនា ២០១៦ ខាងមុខនេះ​