មិន​ចង់​អស់​លុយ​ជួសជុល​​ឡាន​​​ខែ​ក្តៅ ត្រូវ​ដឹង​ប៉ុន្មាន​ចំណុច​នេះ

ស្រប​ពេល​សីតុណ្ហភាព​​កំពុង​ឡើង​កម្ដៅ​ខ្លាំង ការ​ប្រើប្រាស់​យានយន្ត​ក៏​ត្រូវ​ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់​ដែរ ដើម្បី​ជៀសវាង​ការ​ខូចខាត អស់​ប្រាក់​កាស​ឥត​ប្រយោជន៍។ លោក រដ្ឋា ថៅ​កែ​យានដ្ឋាន វើ សឺស ខេមបូឌា ណែនាំ​វិធីសាស្ត្រ​សាមញ្ញ​មួយ​ចំនួន សម្រាប់​ថែទាំ​រថយន្ត​កុំ​ឲ្យ​មាន​បញ្ហា​ដោយ​សារ​រលក​កម្ដៅ​ជិត ៤០អង្សា​ដូច​រាល់​ថ្ងៃ។

១. គ្រប​កញ្ចក់​ផ្នែក​ខាងមុខ​ ​បើ​ឡាន​ចត​ហាល​ថ្ងៃ​ក្ដៅ៖ ប្រសិន​បើ​អ្នក​ចត​ឡាន​ហាល​ក្តៅ អ្វី​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជាង​គេ គឺ​ផ្នែក​ខាង​តាប្លូ​ខាង​មុខ​រថយន្ត។ ពេល​តាប្លូ​ត្រូវ​ថ្ងៃ​ញឹកញាប់ យូរៗ​ទៅ​នឹង​ស្លក​ពណ៌​ហើយ​ប្រេះ​មិន​ខាន។ ដូច្នេះ​អ្នក​ត្រូវ​រក​របស់​អ្វី​មួយ​មក​គ្រប​កញ្ចក់​ផ្នែក​ខាង​មុខ​ឲ្យ​ជិត ដើម្បី​​​ការពារ​កម្តៅ​ជះ​ប៉ះ​តាប្លូ​ខាង​ក្នុង។

២. បាញ់​ទឹក​កញ្ចក់៖ បើ​តាម​លោក​រដ្ឋា​បញ្ជាក់​ថា កម្ដៅ​ថ្ងៃ​ខ្លាំង​អាច​ធ្វើ​ឲ្យ​កញ្ចក់​ឡាន​ស្រួយ និង​ងាយ​ប្រេះ​បែក​ពេល​មាន​កម្ទេច​ថ្ម​តូចៗ​ខ្ទាត​ប៉ះ។ ដូច្នេះ​អ្នក​ត្រូវ​ឧស្សាហ៍​បាញ់​ទឹក​លើ​កញ្ចក់ ដើម្បី​កុំ​កញ្ចក់​ស្រួយ​ងាយ​ប្រេះ​ដោយ​សារ​កម្ដៅ​ថ្ងៃ​ក្តៅ។ ម្យ៉ាង​ទៀត ​អ្នក​អាច​ឲ្យ​ជាង​បិទ​ស្កុត (ស្កុត​ថ្លា) លើ​កញ្ចក់​ក៏​បាន ដើម្បី​ការពារ​កម្ដៅ​ថ្ងៃ ឆ្កូត​និង​ងាយ​ប្រេះ។

៣. បើក​កញ្ចក់​ឡាន​បន្តិច​ពេល​ចត​ហាល​ថ្ងៃ៖ បើ​ឡាន​ត្រូវ​ចត​ហាល​ថ្ងៃ​យូរ អ្នក​គួរ​បើក​កញ្ចក់​ខាង​មុខ​ទាំង​ពីរ​ (ឬ​តែ​ម្ខាង) ​តូច​ល្មម​អាច​ឲ្យ​ខ្យល់​ចេញ​ចូល ដើម្បី​កុំ​ឲ្យ​បរិយាកាស​ក្នុង​ឡាន​ហប់​​និង​ឡើង​ក្តៅ​ខ្លាំង​​រហូត​អាច​ផ្ទុះ​កញ្ចក់​បែក​ជា​ដើម។

៤. ចត​ឡាន​នៅ​ក្នុង​ម្លប់៖ ទោះ​បី​អ្នក​ជំនាញ​​រថយន្ត​មួយ​ចំនួន​​​អះ​អាង​ថា​ ធុង​សាំង​រថយន្ត​តែង​មាន​ប្រព័ន្ធ​ការពារ​ការ​ហួត​សាំង តែ​អ្នក​ក៏​ត្រូវ​ចេះ​​ប្រយ័ត្ន​ប្រយែង​ដែរ ដូច្នេះ​គួរ​រក​កន្លែង​ម្លប់​ចត​ឡាន។ ការពារ​ការ​ចត​ឡាន​នៅ​ម្លប់ មិន​ត្រឹម​តែ​អាច​​ជួយ​សន្សំ​សំចៃ​សាំង​ទេ (សាំង​មិន​ហួត) ថែម​ទាំង​មិន​ធ្វើ​ឲ្យ​ថ្នាំ​ឡាន​ឆាប់​ស្លក​ពណ៌​ហើយ​ផ្នែក​ខ្លះ​នៃ​គ្រឿង​ម៉ាស៊ីន​មាន​បញ្ហា​ដោយ​សារ​កម្តៅ​ខ្លាំង​​ឡើយ។

បន្ថែម​ប៉ុន្មាន​​ចំណុច​ខាង​លើ ការ​ជ្រើស​រើស​ពេល​វេលា​សម្រាប់​ធ្វើ​ដំណើរ​ដូចជា ពេល​ព្រឹក ឬ​ពេល​ល្ងាច ក៏​រួម​ចំណែក​ថែ​ទាំ​រថយន្ត​របស់​អ្នក​បាន​ផង​ដែរ។ អំឡុង​ពេល​នេះ​ កម្ដៅ​ថ្ងៃ​រាង​ចុះ​ត្រជាក់ មិន​សូវ​ធ្វើ​ទុក្ខទោស​ដល់​រថយន្ត ហើយ​មិន​បាច់​អស់​លុយ​ថ្លៃ​ជួសជុល​ទៀត៕

ប្រភព៖ sabay

  • មិន​ចង់​អស់​លុយ​ជួសជុល​​ឡាន​​​ខែ​ក្តៅ ត្រូវ​ដឹង​ប៉ុន្មាន​ចំណុច​នេះ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:ជីវិតនិងសង្គម
Tags: