ចង្វា​ចិញ្ចឹម​ឆ្តោ ?

ក្រសួងមហាផ្ទៃ​យូរ​ឆ្នាំ​កន្លង​មក​...បាន​ប្រកាស​ដក​ប៉ូលិស​សេដ្ឋកិច្ច​របស់ក្រសួង​មិន​ឱ្យទៅ​ដាក់​កុងត្រូលជជុះ​នៅ​តាម​បណ្តា​ខេត្ត​នានា​ទេ​...​ព្រោះតែ​ខ្លាចខូច​ឈ្មោះ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​...​កុំឱ្យ​ល្បីល្បាញ​សង្ស័យ​ចង្វា​ចិញ្ចឹម​ឆ្តោ​...​។​

កាល​អើយ​...​កាល​ណោះ​ណា បាន​ដក​មែន​...​ឈប់​ឱ្យទៅ​ដើរ​អា​រាត់​អា​រាយ​តាម​ផ្លូវជាតិ​...​តាម​បណ្តា​ខេត្ត​មែន​...

ប៉ុន្តែ​ដក​បាន​តែ​មួយ​ដង្ហើមចង្រិត​ប៉ុណ្ណោះ​...​ដាក់​វិញ​ដដែល​...​មិនមែន​ក្រសួង​ជា​អ្នក​ដាក់​ទេ គឺ​មេ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ជា​អ្នក​ចាត់ចែង​ចង្វា​ទាំងឡាយ​...

កុំ​និយាយ​ពី​អតីតកាល​...​និយាយ​ពី​បច្ចុប្បន្ន​ម្តង​...​ដែល​មាន​មេ​ប៉ូលិស​សេដ្ឋកិច្ច​ថ្មី​ឡើង​កាន់​ដំណែង​...​មិនមែន​មួយ​ណា​ដូច​មួយ​ណា​ទេ​...​គឺ​មួយ​ណា​ខុស​មួយ​ណា​...​មេ​ថ្មី​ឡើង​...​ដាក់​មេ​ចង្វា​ថ្មី​ភ្លាម​ចុះ​គ្រប់​ខេត្ត​...ពិនិត្យ​មើលចុះ​...​តាម​បណ្តា​ខេត្តនានា ដែល​មានការ​ដឹក​ជញ្ជូន​សព្វ​សារពើ​...​គេ​ឃើញ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងទៅ​បោះទីតាំង​ឈរជើង​ដេញ​ស្ទាក់​ឆ្វេ​ចឆ្វាច​...​មិន​ទុក​មុខ​ឱ្យ​ប៉ូលិស​សេដ្ឋកិច្ចខេត្ត​ទទួលខុសត្រូវ​ទេ​...​ទៅ​ឈរ​ពាំង«​ស៊ី​ដាច់​»​តែ​ម្តង​...

សេចក្តីរាយការណ៍​ខ្លី​ពី​ខេត្តព្រៃវែង​...​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ប្រចាំការ​នៅ​ខេត្តព្រៃវែង​មាន​២​ក្រុម ដឹកនាំ​ដោយ​មេ​ម្នាក់​ឈ្មោះ ផេង ភារ​ម្យ ។

នៅ​ផ្លូវជាតិ​លេខ​១ ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ម្នាក់​ឈ្មោះ សា​រុំ ធ្វើ​សកម្មភាព​ចល័ត​យ៉ាង​រស់​រវើក​ពី​អ្នក​លឿង​ទៅ​ស្រុក​ព្រះស្តេច​ទៅ​ដល់​ព្រំប្រទល់​ខេត្តស្វាយរៀង​...​ទៅ​ដល់​បន្ទាយ​ចក្រី​ព្រំដែន​យួន​...​ជួនកាល​នៅ​ស្រុក​ពាម​រក៍​...

ចំណែក​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​មាន​៤​នាក់​ចល័ត​រស់​រវើក​...​លើ​ដងផ្លូវ​ជាតិ​លេខ​៨...​ពី​ស្វាយ​អ​ន្ទ​រ​ទៅ​ស្រុក​កំចាយមារ​...​ពី​ស្វាយ​អ​ន្ទ​រ​ទៅ​ស្រុក​ពារាំង​...​ជា​ផ្លូវ​ដឹក​ជញ្ជូន​សេដ្ឋកិច្ច​...នៅ​ខេត្តកំពង់ធំ ពី​មុន​មាន​ប៉ូលិស​សេដ្ឋកិច្ច​ឈ្មោះ ថង វ​ណ្ឌី គ្រប់គ្រង ។

ពេល​នេះ​បាន​ដូរ​ហើយ​...​មានឈ្មោះ​ហួត តឿ ដឹកនាំ​ម្តង​...​អាស្រ័យ​លើ​បក្សពួក​...ស្នាក់​ការ​សម្រាប់​ប្រមូល​...​មាន​មួយ​កន្លែង​នៅ​ស្រុក​កំពង់ស្វាយ ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឫស្សី​...​នៅ​ប​ល្ល​ង្គ ស្រុក​បារាយ មាន​មួយ​កន្លែង​...​ធ្វើ​សកម្មភាព​ខ្លាំង​ជាងគេ​ឆ្ពោះទៅ​ស្រុក​សណ្តាន់ ព្រោះ​ទីនោះ​មាន​បទល្មើស​ព្រៃឈើ​ច្រើន​ជាងគេ​...
ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ដាក់​ខេត្តកំពង់ធំ​ត្រួតត្រា​៣​ខេត្ត គឺ​កំពង់ធំ សៀម​រាម និង​ព្រះ​វិហារ​...​ឱ្យ​មូល​តែ​ម្តង ។

ក្រុម​អ្នករក​ស៊ីដឹក​ជញ្ជូន​បាន​ប្រាប់​ថា កុងត្រូលជជុះ​របស់​ក្រសួង​មិន​ចាប់​ទេ​...​ស្លូត​ណាស់ ពួក​គេ​យក​តែ​ប្រាក់​ទេ​...

បើ​តាម​ទស្សនៈ​មហាជន​និយាយ​ថា ដាក់​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ទៅ​ធ្វើ​អី ? ដាក់​ឱ្យ​ប្រមូល​តែ​លុយ ?​...
វា​ជា​ភារកិច្ច​គយ​...​ឯ​ប៉ូលិស​សេដ្ឋកិច្ច​ទៅ​ធ្វើ​ការងារ​គយ​ស្អី​ដែរ​...​ទៅ​ជាន់ក​ថែម !

នៅ​មាន​ជាង​២០​ខេត្ត​ក្រុង​ទៀត ដែល​សហការី​កោះសន្តិភាព​មិន​ទាន់​បញ្ជូន​មក​ដល់​...គួរតែ​ដក​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ឱ្យ​ចូល​វិហារ​វិញ​ទៅ​...​ខូច​ឈ្មោះ ខូច​អម្បូរ​ណ៍​អស់ហើយ បើ​តែ​យ៉ាងហ្នឹង !!
ទស្សនៈ​នានា​និយាយ​ថា​...​ជា​ល្បែង​ចង្វា​ចិញ្ចឹម​ឆ្តោ​...​ហេ ! ហេ !
                 អា​ឡេវ