អាង​ស្ដុក​ទឹក​3​កន្លែង​​រីង​ហួត​អស់​​ទៅ​​ហើយ

ខេត្ត​កែប ៖ អាង​ស្ដុក​ទឹក​៣​កន្លែង​ដែល​មន្ដ្រី​ជលផល​ខេត្ត ធ្លាប់​យក​មេត្រី​ពូជ​ធម្មជាតិ​មក​លែងឱ្យ​ពង​កូន​នោះ ឥឡូវ​បាន​រីង​ហួត​ស្ទើរ​អស់​ទឹក​ពី​បាត​បឹង​ទៅ​ហើយ រីឯ​ប្រជាពលរដ្ឋ​ក៏​កំពុង​នាំ​គ្នា​រាយ​មង បង់សំណាញ់ អូស​អួន​ចាប់​ត្រី​យ៉ុាងព្រោងព្រាត ។

អាង​ស្ដុក​ទឹក​៣​កន្លែង ដែល​មាន​ស្ថានភាព​រីង​ហួត​ស្ទើរ​អស់​ទឹក​ពី​បាត​នោះ​គឺ​៖
១-​អាង​ស្ដុក​ទឹក​នៅ​ខាងក្រោយ​សាលាស្រុក​ដំណាក់​ចង្អើរ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ
២-​អាង​ស្ដុក​ទឹក​នៅ​ភ្នំ​វល្លិ​ចំការ​បី ឃុំ​ពងទឹក
៣-​អាង​ទំនប់​ទឹកអូរ​ថ្ម ស្ថិត​នៅ​ភូមិ​ព្រៃ​តា​កុយ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ។

បុរស​ឈ្មោះ កែវ រ៉េ​ម អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​លាវ បាន​និយាយ​ថា អាង​ស្ដុ​ត​ទឹក​ទំនប់​វាល​វែង ស្ថិត​នៅ​ភូមិ​ភ្នំ​លាវ​នេះ រីង​ទឹក​អស់ពី​អាង​ទៅ​ហើយ ដោយសារ​មិន​មាន​ភ្លៀង​ធ្លាក់ ។ ពលរដ្ឋ​ឈ្មោះ កែវ រ៉េ​ម បាន​និយាយ​ទៀត​ថា បន្ទាប់​ពី​អាង​ទឹក​មួយ​នេះ រីង​ទឹក​ជិត​អស់ អ្នក​ភូមិ​នាំ​គ្នា​មក​ចាប់​ត្រី​រាល់ថ្ងៃ មិន​ដែល​ខាន​ថ្ងៃ​ណា​ទេ ។

គាត់​ថា កន្លង​មក​មន្ដ្រី​ជលផល​ធ្លាប់​បាន​យក​មេត្រី​ពូជ​មក​លែង​នៅ​ក្នុង​អាង​នេះ​ដែរ ឥឡូវ​គេ​ចាប់​យក​អស់ហើយ​អត់​ឃើញ​មន្ដ្រី​ជលផល​ណា​មក​ហាមឃាត់​ទេ ទំនងជា​យល់​ថា ទោះជា​ទប់ស្កាត់​ក៏​ឥតប្រយោជន៍ ព្រោះ​ទឹក​រីង​ជិត​អស់​ទៅ​ហើយ​នោះ ។ ចំណែក​អាង​ស្ដុក​ទឹក​នៅ​ចំការ​បី និង​អាង​ស្ដុ​ត​ទឹក​ទំនប់​អូរ​ថ្ម ក៏​កំពុង​រីង​បណ្ដើរ​ៗ​ដែរ ហើយ​អ្នក​ភូមិ​មួយ​ចំនួន​ក៏​កំពុង​បង់សំណាញ់​ចាប់​ត្រី​យា​៉​ង​សប្បាយ​ដែរ ហើយ​អាង​ទាំង​ពីរ​នេះ ក៏​មន្ដ្រី​ជលផល​ធ្លាប់​លែង​មេ​ពូជ​ត្រី​ដែរ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ។ ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ព្រៃ​កុយ បាន​និយាយ​ថា អាង​ស្ដុក​ទឹក​ទំនប់​អូរ​ថ្ម​នេះ​រីង​ជិត​អស់​ទឹក​ទៅ​ហើយ ។

លោកស្រី គឹ​ម ចា​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ បាន​លើក​ឡើង​ថា អាង​ខាងលើ​នោះ​មិន​ទាន់​រីង​ទឹក​ដល់​បាត​ទេ ប៉ុន្ដែ​លោកស្រី​បានឱ្យ​មន្ដ្រី​ពាក់ព័ន្ធ​ហាមឃាត់​មិន​ឱ្យ​មានការ​បូមទឹក​អស់ពី​អាង​ទេ ។ ការ​រីង​ទឹក​អស់ពី​អាង​នេះ ដោយសារ​តែ​អត់​មាន​ភ្លៀង​ធ្លាក់ រីឯ​ពលរដ្ឋ​នៅ​តំបន់​នេះ​ពឹងផ្អែក​ទៅ​លើ​ប្រភព​ទឹក​ក្នុង​អាង​សម្រាប់​ការ​ប្រើប្រាស់​យ៉ាងសំខាន់ ។

ស្រប​ពេល​កំពុង​ខ្វះ​ទឹក​នេះ លោកស្រី គឹ​ម ចា​ន្នី អភិបាលស្រុក បាន​ថ្លែង​ថា អាជ្ញាធរ​ស្រុក​-​ខេត្ត កំពុង​បន្ដ​ដឹក​ទឹក​ចែក​ជូន​ប្រជា​ពលរដ្ឋ​ដែល​ខ្វះ​ទឹក​ប្រើប្រាស់ ដែល​មាន​ជាង​១០​គោលដៅ​ក្នុង​នោះ មាន​ទាហាន កងរាជអាវុធហត្ថ មន្ដ្រីខេត្ដ ស្រុក បាន​ដឹក​ជញ្ជូន​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​គឺ​បន្ត​ចែក​រហូត​ទាល់តែ​មាន​ភ្លៀង​ធ្លាក់ អ្នកស្រុក​មានទឹក​ប្រើ​គ្រប់គ្រាន់ ៕