អ្នកនិពន្ធបទ«ស៊ូឃ្លាត​» ប្រាប់ពីផល​លំបាក ​ធ្វើបទ Original Song

ភ្នំពេញ៖ វាដូចជាមិនហត់នោះទេ ក្នុងការធ្វើបទថ្មី ជាស្នាដៃកូនខ្មែរនោះ តែអ្វីដែលសំខាន់ នោះគឺកត្តាសេដ្ឋកិច្ច និងការផ្សព្វផ្សាយ មិនទូលំទូលាយ ដូចទៅនឹងប្រទេសគេ ។នេះគឺជាសម្តីរបស់ Tin Mark អ្នកនិពន្ធបទ«ស៊ូឃ្លាត» បទ «ខ្លាចឃ្លាត» និង បទដែលទើបតែចេញ ម្សិលមិញ «ផ្សងជួបចន្ទ» ។ ទន្ទឹមជាមួយ នឹងការចេញបទថ្មី ដើម្បីបំរើដល់ សោតារម្មណ៍ប្រិយមិត្ត ដែលនិយម គាំទ្របទ Original Song កវីនិពន្ធ ដែលមិនទាន់មាន ទ្រនំជ្រកកោន Tin Mark បានប្រាប់ឲ្យដឹងថា «មិនហត់ទេសំរាប់ការធ្វើ បទថ្មីព្រោះស្រលាញ់ ហើយអ្វីជាបញ្ហានោះ គឺសេដ្ឋកិច្ចក ត្តាពេលវេលា កត្តាមនុស្សដែលត្រូវ ជួយបញ្ចូល ឧបករណ៍អ្វីខ្លះក្នុងបទនីមួយៗ ពេលខ្លះអ្នកនេះ រវល់អ្នកនោះរវល់ និងបញ្ហាច្រើនទៀត ដែលពិបាកនិងរៀបរាប់»។ 

លោកបន្តថា«យើងមិនសូវជាមានធុនធាន ដូចគេ ហើយណាមួយពេលចេញ បទទៅការគាំទ្រ មានកំណត់ព្រោះ មិនមានការផ្សព្វផ្សាយ ទូលំទូលាយ សំរាប់ការធ្វើឲ្យតារាគឺនៅតែបន្ត ធ្វើបើគាត់ព្រមឲ្យខ្ញុំធ្វើឲ្យ ហើយខ្ញុំក៏មានប៉ុន្មាន បទសំរាប់តារាល្បីខ្លះដែរ »។ លោកបានបន្ថែមទៀតថា «ប៉ុន្តែខ្ញុំមិនហ៊ានបញ្ជាក់ថា ចេញថ្ងៃណានោះទេ ព្រោះពួកគាត់សុទ្ធតែ មានការរវល់ច្រើន ដូច្នេះកុំឲ្យស្អុយ ពេលខ្ញុំចេះតែធ្វើ ច្រៀងខ្លួនឯងខ្លះទៅ ព្រោះអាជិពខ្ញុំរាល់ថ្ងៃនេះ គឺប្រគុំតន្ត្រីផងនិងច្រៀងផង ហើយបើទោះការគាំទ្រ តិចតួចក៏ខ្ញុំនៅតែសប្បាយចិត្ត ព្រោះខ្ញុំបានធ្វើនៅ អ្វីដែលខ្ញុំប៉ងតាំង ពីតូចបានសំរេចហើយ ក៏មានតែពាក្យថា អរគុណដល់អ្នក គាំទ្ររឺមិនគាំទ្រក៏ដោយ»។ មួយរយៈចុងក្រោយមកនេះ គេសង្កេតឃើញថា សកម្មភាពធ្វើបទ Original Song របស់យុវជនខ្មែរ និងបណ្តាលផលិតកម្មផ្សេងៗ ផុសផុល ស្ទើរមិនគួរឲ្យជឿ។ កវីនិពន្ធមកពី ទឹកដីកំពង់ឆ្នាំងរូបនេះ ក៏បានអះអាងថា «លោកពិតជាមានមោទនភាព ខ្លាំងណស់ ដែលឃើញ យុវជនខ្មែរ ដឹកដៃគ្នា ធ្វើបទ Original Song មានសន្ទុះ យ៉ាងដូច្នោះសោះឡើយ ដោយពួកគេម្នាក់ៗ ចង់បង្ហាញស្នាដៃ របស់ខ្លួន ធ្វើទៅទទួលបានការគាំទ្រ»។ ពាក់ព័ន្ធបទថ្មី របស់លោក ដែលទើបតែចេញថ្មីៗនេះ «ផ្សងជួបចន្ទ» ក៏ត្រូវបានអ្នកលេង បណ្តាញសង្គម ហ្វេសប៊ុក ផុសផុសចែករំលែក ហើយកវីនិពន្ធ និងតារាចម្រៀង ក្រៅផលិតកម្មរូបនេះ ក៏រំពឹងថា បទនេះមានផ្ទុះផងដែរ៕ ស្តាប់បទចម្រៀង «ផ្សងជួបចន្ទ» ដូចខាងក្រោមនេះ៖ 

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា លោក អ៊ឹម រតនៈ ហៅ Tin Mark ជាអ្នកនិពន្ធបទចម្រៀងស្នាដៃ កូនខ្មែរក្រោមចំណងជើងថា «ស៊ូឃ្លាត» ដែលច្រៀងដោយ តារាចម្រៀងសំបូរពុកចង្ការ លោក វង្ស ដារារតនា កំពុងទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំងពីសំណាក់ អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យតម្លៃខ្លួន តារារូបនេះឡើងដល់ខ្ទង់ពាន់ ។

បើទោះបីជាបទនេះ ឡើងកូដ មិនថាចាស់ ឬក្មេង ច្រៀងតាមកប់ៗមាត់នោះ ក៏ប៉ុន្តែអ្នកនិពន្ធបទ «ស៊ូឃ្លាត» នេះបានត្រឹមតែឃើញបទ និងមិត្តភក្តិល្បីតែប៉ុណ្ណោះ ចំណែករឿងចំណូលវិញ សូម្បីតែមួយកាក់មិន បានចូលហោប៉ាវផង តែពិតជាសម្បាយចិត្តខ្លាំងណាស់។

ក្នុងបទសម្ភាសន៍ ជាមួយនឹងមជ្ឈមណ្ឌលដើមអម្ពិល និង គេហទំព័រ LookingToday នៅរសៀលនេះ អ្នកនិពន្ធបទ Original Song លោក អ៊ឹម រតនៈ បានប្រាប់ឲ្យដឹងថា «ខ្ញុំមិននឹកស្មានថា បទចម្រៀងមួយនេះ វាល្បីល្បាញដល់ថ្នាក់នេះទេ និង ឃើញមិត្តភក្តិខ្លួន ល្បីដល់ចំណុចនេះ»។ អ្នកនិពន្ធវ័យក្មេងរូបនេះ បានបន្តថា «សម្រាប់បទនេះខ្ញុំមិនបានទទួល ចំណូលឡើយពីខាងផលិតកម្ម ព្រោះបទនេះខ្ញុំឲ្យ ទៅមិត្តិភក្តិរបស់ខ្ញុំ តារាចម្រៀង វង្ស ដារារតនា យកទៅច្រៀង» ។

វង្ស ដារារតនា បច្ចុប្បន្ននេះកំពុងឡើងកូដ និង ល្បីល្បាញតាមរយៈបទ «ស៊ូឃ្លាត» ដោយមានអ្នកលើកឡើងថា តម្លៃខ្លួន តារារូបនេះឡើងឆាកម្តងៗដល់ខ្ទង់ពាន់។

ទាក់ទិនតម្លៃខ្លួន រតនា នេះ លោក អ៊ឹម រតនៈ បានឆ្លើយថា «ខ្ញុំមិនប្រាកដនោះទេ តែគ្រាន់តែឭថា ប្រហាក់ប្រហែលនោះ» ។

លោក អ៊ឹម រតនៈ បានបន្តថា «ក្រៅពីការនិពន្ធ ខ្ញុំក៏ត្រៀមខ្លួន បង្ហាញមុខតាមរយៈការច្រៀងបទ Original ដោយខ្លួនឯងផងដែរ ក្នុងពេលដ៏ខ្លីខាងមុខនេះ» ។

បញ្ជាក់ផងដែរថា នៅរសៀលនេះក៏មានការផ្ទុះរឿងរ៉ាវមួយចំនួន នៅលើហ្វេសប៊ុកថា បទនេះជាបទរបស់ ចិន ក្រោយការរិះគន់នេះក៏មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Nak Kerako បានចេញមុខបកស្រាយថា «តាមពិតបទនេះ ខ្ញុំបានយកវាបកទៅជាភាសាចិន ព្រោះមានជនជាតិចិនខ្លះចង់ច្រៀងតាម តែមិនដឹងច្រៀងយ៉ាងម៉េច ហើយការបកប្រែនេះទៀតសោត គឺមិនបានបម្លែងនោះឡើយ ដោយបកតាមអត្ថន័យខ្មែរទាំងស្រុង» ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload