ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ជើងឯក​អឺរ៉ុប​2016​នៃ​ក្រុម​ជម្រើសជាតិ​បារាំង

ក្តី​រំពឹង ៖
បារាំង​គឺជា​ក្រុម​ម្ចាស់ផ្ទះ​ចុង​ក្រោយ​គេ​ដែល​បាន​គ្រង​ជើងឯក​ក្នុង​ឆ្នាំ​១៩៨៤ ហើយ​បច្ចុប្បន្ន​ស្ថិត​ក្នុង​ចំណោម​ក្រុម​ខ្លាំង​ៗ ដែល​គេ​រំពឹង​ថា អាច​នឹង​ដណ្តើម​បាន​ពាន​ជើងឯក​ផង​ដែរ ។ ជាមួយនឹង​ខ្សែបម្រើ​ដ៏​ឆ្នើម​និង​មាន​បច្ចេកទេស​ខ្ពស់ ព្រមទាំង​មាន​ខ្សែប្រយុទ្ធ​ទាំង​៣​នៅ​ជួរមុខ​ផង​នោះ គេ​ហាក់បីដូចជា​មាន​ប្រៀប​យ៉ាង​ខ្លាំង​លើ​គូប្រកួត ។

គ្រូបង្វឹក​លោក Didier Deschamps បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ជា​ធ្លុង​មួយ ដោយ​បាន​ហ្វឹកហាត់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ បើ​មើល​ជា​ទូទៅ បច្ចុប្បន្ន​បារាំង​ជា​ក្រុម​មួយ​ដែល​សម្បូរ​ទៅ​ដោយ​កីឡាករ​ខ្លាំង​ៗ​វ័យក្មេង​និង​មាន​ទេព​កោសល្យ ជា​ពិសេស​គឺ​ខ្សែបម្រើ ។ រីឯ​អ្នកចាំទី​វិញ​ក៏​ពូកែ​ណាស់​ដែរ ។

លទ្ធផល​ល្អ ៖
បារាំង​ធ្លាប់​ឈ្នះ​ពាន​ជើងឯក​ចំនួន​២​លើក​គឺ​នៅ​ឆ្នាំ​១៩៨៤ ដែល​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​និង​ឆ្នាំ​២០០០​ដែល​ហូ​ឡង់​និង​បែ​ល​ហ្ស៊ិ​ក​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​គ្នា ។ សូម​បញ្ជាក់​ថា នេះ​ជា​វត្តមាន​ក្នុង​ព្រឹត្តិការណ៍ Euro​លើក​ទី​៧​ហើយ ។

កីឡាករ​ក្នុង​ចំណាប់អារម្មណ៍ ៖
គឺ​ខ្សែបម្រើ Blaise Matuidi ។ ប្រាកដ​ណាស់ មាន​កីឡាករ​ល្បី​ៗ​របស់​បារាំង​ជា​ច្រើន​រូប​ទៀត ក៏​ប៉ុន្តែ​សម្រាប់​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​គឺជា​កម្លាំង​ស្នូល​ដែល​ខានមិនបាន​ក្នុង​ខ្សែបម្រើ ។ គេ​អាច​បំបែក​រាល់​ទម្រង់​លេង​របស់​គូប្រកួត ជា​ពិសេស​គឺ​ទប់ទល់​បាន​នូវ​ការ​វាយលុក​របស់​ខ្សែប្រយុទ្ធ​គូបដិបក្ខ​តាម​រយៈ​កម្លាំង​ដែល​មិន​ចេះ​នឿយហត់​របស់​គេ។

គ្រូបង្វឹក​លោក Deschamps បាន​និយាយ​ថា​៖ «Matuidi ដែល​បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប Paris SG​ជា​កីឡាករ​ឈរ​នៅ​លើ​គេ​ក្នុង​តារាងបញ្ជី​ឈ្មោះ​របស់​ក្រុម»​។

គ្រូបង្វឹក ៖
លោក Deschamps វ័យ​៤៧​ឆ្នាំ​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បារាំង​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ព្រឹត្តិការណ៍ World Cup នា​ឆ្នាំ​២០១៤ ដែល​ខណៈនោះ​ក្រុម​របស់​លោក​បាន​ចាញ់​អា​ល្លឺ​ម៉​ង់​ក្នុង​លទ្ធផល ១-០ ។ កាល​លោក​នៅ​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង គឺ​លោក​បាន​ជួយ​ឱ្យ​ក្រុម​លើក​ពាន World Cup 1998 និង​ពាន Euro ឆ្នាំ​2000 ផង​ដែរ ។

បញ្ជី​ឈ្មោះ​កីឡាករ​សរុប​(​បណ្តោះអាសន្ន​) ៖
-​អ្នកចាំទី​៖ កីឡាករ Hugo Lloris បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប​Tottenham កីឡាករ Steve Mandanda (Marseille) និង​កីឡាករ Benoit Costil (Rennes)
-​ខ្សែការពារ​៖ Christophe Jallet (Lyon)Patrice Evra (Juventus)  Raphaël Varane (Real Madrid) Bacary Sagna (Man City) Lucas Digne (Roma) Jérémy Mathieu (Barcelona)

-​ខ្សែបម្រើ​៖   Yohan Cabaye (Crystal ) Lassana Diarra (Marseille) N’Golo Kanté (Leicester )  Blaise Matuidi (Paris SG) Moussa Sissoko (Newcastle )   Paul Pogba (Juventus) និង Dimitri Payet (West Ham )

-​ខ្សែប្រយុទ្ធ​៖ Olivier Giroud (Arsenal)  Antoine Griezmann (Atlético )André-Pierre Gignac (UANL​របស់​ម៉ិ​ក​ស៊ិ​ក​) Anthony Martial (Man Utd) និង Kingsley Coman (Bayern ) ៕