ទ័ព រកបាន១២គ្រាប់ ប៉ុន្តែបឹងកេត បានឈ្នះខេត្តស្ទឹងត្រែង ទាំងលំបាក

នៅក្នុងការប្រកួតទាំង៦គូ ក្នុងការប្រកួតជម្រុះតាមពូលដណ្តើមពានរង្វាន់សម្តេចហ៊ុនសែន លើកទី១០ ប្រចាំឆ្នាំ២០១៦ កាលពីល្ងាច និងយប់ថ្ងៃពុធ ម្សិលមិញគឺមានតែក្រុមក្រសួងការពារជាតិ(ទ័ព) មួយទេ ដែលនៅតែរកបានលើស១០គ្រាប់ ប៉ុន្តែ ខេមបូឌានថាយហ្គឺរ និងព្រះខ័នរាជស្វាយរៀង និងអាស៊ីអឺរ៉ុប បានថមថយនូវចំនួនគ្រាប់បាល់ ដែលពួកគេរកបាននៅសប្តាហ៍នេះដូចគ្នា រីឯក្រុមបឹងកេតអង្គរ បានយកឈ្នះក្រុមខេត្តស្ទឹងត្រែង ជាមួយលទ្ធផលដ៏មិនគួរឲ្យជឿ។
hscup1
គេនៅចាំបានថា ក្រុមខេត្តស្ទឹងត្រែង ធ្លាប់ត្រូវបានក្រុមទ័ព បំបាក់ ២១-០ ហើយលទ្ធផលនោះបានធ្វើឲ្យលោក ប្រាក់ សុវណ្ណារ៉ា ហ៊ានអះអាងប្រាប់កាសែតក្នុងស្រុកមួយថា បឹងកេតអង្គរ យ៉ាងហោចណាស់ក៏អាចរកបានលើក១០គ្រាប់ សម្រាប់ការជួបក្រុមខេត្តស្ទឹងត្រែង លើកនេះដែរ។ ប៉ុន្តែសម្រាប់ការប្រកួតជាក់ស្តែង នៅពហុកីឡដ្ឋានជាតិ កាលពីយប់ម្សិលមិញនេះ បឹងកេតអង្គរ បានយកឈ្នះក្រុមខេត្តស្ទឹងត្រែង ៥-៤ ទាំងលំបាក ហើយគ្រាប់បាល់ទាំង៥នេះរកបានដោយខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា។
hscup2
ចំណែកក្រុមក្រសួងការពារជាតិ បានយកឈ្នះក្រុមអ.ហខេត្តកំពង់ធំ ១២-១។ បើទោះបីជា គ្រាប់បាល់នេះវាមិនច្រើនដូចដែលពួកគេបានយកឈ្នះក្រុមខេត្តស្ទឹងត្រែង កន្លងមក ប៉ុន្តែការរកបាន១២គ្រាប់ នៅសប្តាហ៍នេះគឺជាគ្រាប់បាល់ច្រើនជាងក្រុមណាៗទាំងអស់ ហើយក៏ជាលទ្ធផលដ៏ល្អដែលបានជួយឲ្យក្រុមទ័ព បន្តឈរនៅលើកំពូលតារាងប្រចាំពូលB លើបឹងកេតអង្គរ ផងដែរ ព្រោះមានគ្រាប់បាល់ចំណេញច្រើនជាង ទោះបីជាមាន៩ពិន្ទុស្មើគ្នាក៏ដោយ។ រីឯក្រុមអាស៊ីអឺរ៉ុប បានយកឈ្នះក្រុមខេត្តកណ្តាល ៣-០ ដើម្បីបន្តឈរនៅលេខរៀងទី៣ ដោយមាន៦ពិន្ទុ។
hscup3
ដោយឡែក ក្រុមខេមបូឌានថាយហ្គឺរ ដែលធ្លាប់បានលត់ក្រុមខេត្តកណ្តាលរហូតដល់ ១៨-០ នោះបានយកឈ្នះក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ ត្រឹម ៥-០ ប៉ុណ្ណោះ។ ប៉ុន្តែការថមងថយចំនួនគ្រាប់បាល់នេះ អាចបណ្តាលមកពីក្រុមមួយនេះបានបាត់សមាជិកម្នាក់ ខណៈខ្សែប្រើបម្រើ ឆៃ រ័ត្នសេរី ត្រូវបានពិន័យកាតក្រហម ដោយរូបគេទប់កំហឹងមិនបាន ហើយបានវាយក្បាលខ្សែប្រយុទ្ធ សេង លីណា មួយដៃ ដើម្បីតបទៅនឹងការវាយកែងរបស់ សេង លីណា មកលើផ្ទៃមុខរបស់គេនោះ។
hscup4
ចំណែកក្រុមឈរនៅពូលAជាមួយគ្នាព្រះខ័នរាជស្វាយរៀង ដែល២ប្រកួតកន្លងមកបានលត់ក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ ១១-០ និងក្រុមខេត្តកណ្តាល ១៨-០ នោះបានយកឈ្នះក្រុមយុវជនបឹងកេតកំពង់ចាម ត្រឹម ៣-១ ដ៏មិនគួរឲ្យជឿង ប៉ុន្តែការប្រកួតនេះព្រះខ័នរាជ បានដាក់កីឡាករបម្រុងឲ្យចូលលេងច្រើន ព្រោះពួកគេចង់ទុកកីឡាករល្អៗមួយចំនួនត្រៀមជួបក្រុមភ្នំពេញក្រោន ក្នុងក្រុមខ័ណ្ឌលីកកំពូល នៅថ្ងៃសុក្រខាងមុខនេះ។
hscup5
ប៉ុន្តែក្រុមខេត្តកំពុងឆ្នាំង បានបន្តយកឈ្នះក្រុមឡើងមកពីខេត្តដូចគ្នាគឺក្រុមខេត្តកណ្តាល ៣-១ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុមមួយនេះបន្តឈរនៅលេខរៀងទី៣ដដែល ដោយមាន៧ពិន្ទស្មើជាមួយក្រុមខេមបូឌានថាយហ្គឺរ ខណៈព្រះខ័នរាជស្វាយរៀង ឈរនៅលើកំពូលតារាងប្រចាំពូលAនេះ ដោយមាន៩ពិន្ទុពេញ៕