ថៃ​ឃាត់​ពលករ​ខ្មែរ​ចូល​ទៅ​កាប់​ឈើ​២៩​នាក់ ក្រោយពី​ផ្ទុះអាវុធ​តដៃ​គ្នា​មួយ​ប្រាវ​

ថៃ​ឃាត់​ពលករ​ខ្មែរ​ចូល​ទៅ​កាប់​ឈើ​២៩​នាក់ ក្រោយពី​ផ្ទុះអាវុធ​តដៃ​គ្នា​មួយ​ប្រាវ​



បាត់ដំបង ៖ ពលករ​ខ្មែរ​ចំនួន​២៩​នាក់ ក្នុងចំណោម​ពលករ​ទាំង​៦០​នាក់ ត្រូវ​បាន​ក្រុម​តម្រួត​ថៃ ដោ​យ​មាន​ការ​សហការ​ជាមួយនឹង​យោធា​ថៃ ថែមទាំង​អង្គភាព​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ពួកគេ​ធ្វើដំណើរ​ចាកចេញ​ពី​កន្លែង​កាប់​ឈើ​គ្រញូង ក្នុង​តំបន់​ព្រៃ​ឧទ្យាន​ជាតិ​របស់​ប្រទេស​ថៃ ព្រម​ទាំង​មានការ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​តដៃ​គ្នា​ផង។​

​យោង​តាម​របាយការណ៍​របស់​ថៃ​បាន​ឲ្យ​​កម្ពុជាថ្មី​ដឹង​ថា នៅ​ល្ងាច​ថ្ងៃទី​៤ ខែឧសភា​ ឆ្នាំ​២០១៦ ក្រោ​យ​ពី​ទទួល​បាន​នូវ​ព័ត៌មាន​ស្ដីពី​ការ​លប​លួច​កាប់​ឈើ​គ្រញូង​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ថាប់​ឡាន គឺ​ត្រង់​ចំនុច​បរិវេណ​បាន​កែង​យ៉ៃ និង​បាន​ប៊ុ ៥០០ ស្ថិត​ក្នុងភូមិ​១២ ឃុំ​កែង​ឌិន​ស ស្រុក​ណា​ឌី ខេត្ត​ប្រា​ជីន​បុរី ប្រទេស​ថៃ រួចមក​កម្លាំង​តម្រួត​ថៃ បាន​សហការ​ជាមួយនឹង​កម្លាំងយោធា ព្រមទាំង​អង្គភាព​ជំ​នាញ បាន​ធ្វើការ​ដាក់​ពង្រាយ​កម្លាំង​នៅ​ខាងក្រៅ​តំបន់​ឧទ្យាន​ជាតិ​ ដើម្បី​ឃាត់ខ្លួន​មនុស្ស ​ដែល​បាន​
​លប​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​តំបន់​នេះ។​

​របាយការណ៍​បាន​បន្ត​ថា នៅពេល​នោះ​ដែរ​ក៏​ស្រាប់តែ​ឃើញ​កម្លាំង​ក្រុម​យុវជន​ជាច្រើន​នាក់​ បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ក្នុង​តំបន់​នេះ ដោយ​ម្នាក់ៗ​មាន​សំភារៈ​សម្រាប់​កាត់ឈើ​ ហើយ​ថែមទាំង​មាន​អាវុ​ធ​សម្រាប់​ធ្វើ​សឹកសង្គ្រាម​គ្រប់​ដៃ​ផង ដោយ​ពួកគេ​គ្រាន់តែ​ក្រឡេក​ឃើញ​សមត្ថកិច្ច​ភ្លាម​ស្រាប់​តែ​មា​ន​យុវជន​ម្នាក់​បាន​បាញ់​សំដៅ​មក​លើ​កម្លាំង​តែម្តង ធ្វើ​ឲ្យ​កម្លាំង​ដែល​កំពុង​ត្រូវ​បាន​ដាក់​ពង្រាយ​ផង​នោះ បាន​ធ្វើ​ការ​បាញ់​តបត​វិញ ធ្វើ​ឲ្យ​ស្នូរ​ផ្ទុះអាវុធ​នេះ​លាន់ឮ​កងរំពង​ពេញ​ព្រៃ។​

​ភ្លាមៗ​នោះ​ដែរ​ កម្លាំង​សមត្ថកិច្ច​ថៃ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៨​នាក់ ដែល​អ្នក​ទាំងនោះ​សុទ្ធតែ​ជា​ពលករ​ខ្មែរ​ទាំងអស់ ដោយឡែក​កម្លាំង​មួយចំនួន​នៅតែ​បន្ត​ធ្វើ​ការ​តាម​ប្រមាញ់​ រហូត​ឃាត់​បាន​មនុ​ស្ស​ចំនួន​១១​នាក់​បន្ថែម​ទៀត ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ម្នាក់​ជា​អ្នក​បើកបរ​រថយន្ត​ដឹក​ពលករ​ខ្មែរ​ទាំង​នេះ និង​១០​នាក់​ទៀត​ជា​ពលករ​ខ្មែរ សរុប​ទាំងអស់​គឺ​មាន​ចំនួន​២៩​នាក់។​

​ពលករ​ខ្មែរ​ម្នាក់​ ឈ្មោះ ណា វណ្ណា បាន​និយាយ​សារភាព​តាម​ត្រង់​ថា ពួកគេ​ទាំងអស់​មាន​គ្នា​ចំនួន​៦០​នាក់ ដែល​ត្រូវ​បាន​គេ​ជួល​មក​ដោយ​គេ​បោក​ថា ​ចូល​ទៅ​កាប់​ដើម​ប្រេងខ្យល់ ដោយ​ឲ្យ​តម្លៃ​ក្នុង​មួយ​ដើម​២០០​បាត ពេល​អូស​ចេញពី​ក្នុង​ព្រៃ​មកដល់​ក្រៅ​ ដោយ​គេ​បាន​បែង​ចែក​ជា​ពីរ​ក្រុម ក្នុង​មួយ​ក្រុម​មាន​គ្នា​៣០​នាក់ ហើយ​ក្រុម​មួយ​ជា​អ្នក​កាត់ឈើ ឯ​ក្រុម​មួយទៀត​ជា​អ្នក​ជញ្ជូន​ឈើ​ចេញពី​ក្នុង​ព្រៃ​មក​ខាងក្រៅ តែ​ធាតុ​ពិត​គឺ​គេ​នាំ​ឲ្យ​ចូល​មក​កាប់​ឈើ​គ្រញូង​សោះ។​

​ពលករ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​លប​ចូល​មក​ក្នុង​ទឹកដី​ថៃ​គឺ​តាម​ច្រក​ក្នុងស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ ក្នុង​ពេល​រំលង​អធ្រាត្រ ដោយមាន​រថយន្ត​នៅចាំ​ដឹក​ផង ហើយ​ពួកគេ​បាន​មក​រស់​នៅ​ក្នុង​ព្រៃ​នេះ​ចំនួន​១៤​ថ្ងៃ​មក​ហើយ ដោយ​រង់ចាំ​រថយន្ត​មក​ទទួល​វិលត្រឡប់​ទៅវិញ​ ព្រោះ​ឈើ​គ្រញូង​ត្រូវ​បាន​គេ​ដឹក​ចេញ​ចំនួន​៣​ឡាន​រួចផុត​មក​ហើយ​នៅ​ប៉ុន្មាន​ថ្ងៃមុន។​

​ដោយឡែក​អ្នកបើកបរ​រថយន្ត​ ដែល​ជា​ជនជាតិ​ថៃ ​ឈ្មោះ សុំ​យ៉ុ​ត មូល​ខន​បុរី អាយុ​៣៩​ឆ្នាំ​ រស់នៅ​ខេត្ត​ស្រះ​កែវ​បាន​និយាយ​ថា រូបគេ​ត្រូវ​បាន​គេ​ជួល​ឲ្យ​មក​ទទួល​កម្មករ​កាប់​ឈើ​ទាំងអស់​វិលត្រឡប់​ទៅ​ព្រំដែន​កម្ពុជា​វិញ ក្នុង​មួយ​ជើង​គេ​ឲ្យ​តម្លៃ ៣០០០​បាត​ តែ​ឥឡូវ​ត្រូវ​បាន​ឃាត់ខ្លួន​ទៅ​ហើយ។​

​បច្ចុប្បន្ន​ កម្មករ​ស៊ីឈ្នួល​កាប់​ឈើ​ទាំងអស់ ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​យក​ទៅ​សាកសួរ​ហើយ ​ដើម្បី​តាម​ស្វែងរក​មេខ្លោង​ធំ ​ដែល​មាន​លុយ​ហើយ​តែងតែ​ជួល​ដល់​កម្មករ​ក្រីក្រ​ឲ្យ​លប​ចូល​មក​ប្រព្រឹត្ត​នូវ​បទល្មើស​បែបនេះ៕