សេវា​ទូរស័ព្ទ​បាន​ក្លាយ​ជាទី​ដ៏​គួរ​ឱ្យ​ខ្លាច​ សម្រាប់​ការ​និយាយ​រឿង​ផ្ទាល់​ខ្លួន​

មុន​មាន​វត្តមាន​ប្រព័ន្ធ​ទំនាក់ទំនង​តាម​បណ្ដាញ​សង្គម  ​មនុស្ស​ម្នា​ទូទៅ​នៅ​ក្នុង​ពិភព​លោក​តែង​តែ​រំពឹង​ទៅ​លើ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​តាម​រយៈ​សេវា​ទូរស័ព្ទ​ដើម្បី​ជជែក​វែក​ញែក​ និង​សួរ​ដេញ​ដោល​អំពី​ណេះ​ អំពី​ណោះ តាំង​ពី​រឿង​ស្នេហា​បុគ្គល​ និង​បុគ្គល​ រហូត​ដល់​បញ្ហា​ជាតិ​ និង​បញ្ហា​នយោបាយ​ស្មុគស្មាញ​ជា​ដើម ​។ យើង​អាច​និយាយ​បាន​ថា ​ព្រោះ​កាល​ពីមុន ​វិ​ស័យទូរគមនាគមន៍​ និង​អេឡិចត្រូនិក​នៅ​មិនទាន់​មាន​ភាព​ជឿនលឿន ​និង​ទូលំ​ទូលាយ ​ឬ​ថា​មនុស្ស​តែង​តែ​ទុក​ចិត្ត​ទៅ​លើ​កា​រជជែកគ្នាតាមរយៈសេវាទូរស័ព្ទជាងមធ្យោបាយផ្សេងៗ ។ 

កន្លងមកជាច្រើនឆ្នាំ ការសន្ទនាជាសម្ងាត់រវាងបុគ្គល និងបុគ្គលជាច្រើន ត្រូវបានហៅឆ្លងកាត់ខ្វាត់ខ្វែងពេញបណ្ដាញសេវាទូរស័ព្ទដោយឥតមានការ​សង្ស័យ​ ឬ​ភ័យ​ព្រួយ​អ្វី​ឡើយ​។ ប៉ុន្តែ​ជា​អកុសល ​ចាប់​តាំង​ពីជាង​ពាក់​កណ្ដាល​សតវត្សរ៍​ទី២០​មក ​ដោយ​សារ​តែ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ដែល​មនុស្ស​បាន​បង្កើត​មក​ហូរហែរ​នោះ ​ចេះ​តែ​វិវត្ដ​ទៅ​មុខ​ឥត​ឈប់​ឈរ​ រីឯ​ការ​លប​ចូល​ស្ដាប់​ការ​សន្ទនា​ជា​សម្ងាត់​រវាង​បុគ្គល​ និង​បុគ្គល​ដោយ​កំបាំង​ក៏​ត្រូ​វចាប់ផ្ដើម​ឡើង​ ។ ព្រោះ​ដោយ​សារ​តែ​អំណាច​ទឹក​ប្រាក់ ​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​លប​ចូល​ស្ដាប់​ការ​សន្ទនា​នៅ​ក្នុង​បណ្ដាញ​ទូរស័ព្ទ​ ក៏​ត្រូវ​បាន​លក់​ចេ​ញ​ពី​ប្រទេស​អ្ន​ក​បង្កើត​ទៅ​កាន់​ពាស​ពេញ​ពិភព​លោក ​រហូ​ត​ដល់​ធ្វើ​ឱ្យ​បែក​ការណ៍​សម្ងាត់​ដល់​បណ្ដា​អ្នក​និយម​ទំនាក់​ទំនង​គ្នា​តាម​បណ្ដាញ​ទូរស័ព្ទ​ទាំងឡាយ​ និង​ធ្វើ​ឱ្យ​ពួក​គេ​ងឿង​ឆ្ងល់ ​រហូត​ដល់​សម្រេច​ចិត្ត​ថាត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​និយាយ​រឿង​សម្ងាត់ ​ឬរឿ​ងផ្ទាល់​ខ្លួន​នានា​តាមរយៈ​សេវា​ទូរស័ព្ទ ​និង​មាន​មនុស្ស​មិន​តិច​​ទេ​នៅ​ជុំវិញ​ពិភ​ពលោក​ ដែល​ស្អប់​ការ​ទំនាក់​ទំនង​គ្នា​តាម​ទូរស័ព្ទ ​ព្រោះ​បើ​សិន​ជា​អាច ​គេ​នឹង​ត្រូ​វ​ណាត់​ជួ​ប​គ្នា​នៅ​ទី​​កន្លែង​ណា​មួយ​ដើម្បី​ជជែក​គ្នា​វិញ​ទើប​ប្រសើរ ។​ ​ជាក់​ស្ដែង​ កាល​ពី​ពេល​ប៉ុន្មា​ន​ឆ្នាំ​ក​ន្លង​ទៅ​នេះ ​មេ​ដឹក​នាំ​នៃ​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ដូច​យ៉ាង​អាល្លឺម៉ង់​ បារាំង​ អង់គ្លេស​ រុស្សី ​អាមេរិក​ និង​អូស្រ្តាលី​ជា​ដើម​ក៏​បាន​ពាក់​មុខ​យក្ស ​និង​រង​ទង្គិច​ពាក្យ​សម្ដី​ដាក់​គ្នា ​ព្រោះ​តែ​ភាព​អសីល​ធម៌​នៃ​ការ​លប​ចូល​ស្ដាប់​កា​រសន្ទនា​ជា​សម្ងាត់​រវាង​បុគ្គល​មួយ​ទៅ​បុគ្គល​​មួយ ​និង​រវាង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​ ។ ហើយ​កាលពីពេលថ្មីៗ​នេះដែរ ក​រណីនៃ​ការ​លបចូលស្ដាប់​ការ​សន្ទនា​តាម​ទូរស័​ព្ទ និង​រ​ហូត​ដល់​បាន​ទាញ​សម្លេង​សន្ទនា​តាម​ទូរស័ព្ទ​រ​វាង​បុគ្គល​ និងបុ​គ្គល​មក​បង្ហោះ​ពាសពេញ​ប្រព័ន្ធបណ្ដាញ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា ​រ​ហូត​ដល់​ថ្នាក់​ធ្វើ​ឱ្យ​ភាគី​ម្ខាងនៅ​ក្នុង​ខ្សែ​អាត់​សម្លេង​នោះ​ត្រូវ​ទទួល​រ​ង​បទ​ចោទ​ប្ដឹង​មួយ​ចំនួន​ទៅ​កាន់​តុលាការ​ថែម​ទៀត​ផង ​ដែល​ករណី​នៃ​ការ​លប​ចូល​ស្ដាប់​ការ​សន្ទនា​ជា​ឯកជន​ រហូត​ដល់​យក​​សម្លេង​របស់​គេ​ទៅ​បង្ហោះ​ពាស​ពេញ​វេហាដ៏​កម្រ​មាន​នេះ ​បាន​ធ្វើ​ឱ្យ​បណ្ដា​អ្នក​និយម​ទំ​នាក់​ទំនង​រឿង​ផ្ទាល់​ខ្លួន​តាម​សេវា​ទូរស័ព្ទ​ទាំងឡាយ​ត្រូវ​ប្រហោង​ពោះ​ធ្លុង​ និង​ត្រូវ​ជ្រើសរើស​រក​មធ្យោបាយ​ផ្សេងៗ​ដោយ​៖ ការ​ផ្អាក​ការ​ទំនាក់ទំនង​គ្នា​តាម​ទូរស័ព្ទ​ ត្រូវ​ណាត់​ជួប​គ្នា​ផ្ទាល់​មុខ​វិញ​ទើប​ប្រសើរ ​ត្រូវ​ទំ​នាក់​ទំនង​គ្នា​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​វិញ​ទើប​ប្រសើរ​ ឬ​ត្រូវ​ឈប់​ប្រើ​ប្រាស់​សេវា​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​ចំនួន​ផង​ក៏មាន​ ព្រោះ​តែ​អ្នក​ប្រើ​ប្រាស់​សេវា​ទូរស័ព្ទ​ទាំង​នោះ​យល់​ថា​៖ ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ដែល​គេ​កំពុង​ប្រើ​នោះ​ ហាក់​ដូច​ជាទី​ដ៏​គួរ​ឱ្យ​ស្អប់​ខ្ពើម​ ឬគួ​រឱ្យ​ភ័យ​ខ្លាច​ ព្រោះ​ដោយ​សារតែ​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ទាំង​នោះ ​បាន​ក្បត់​ភក្ដីភាព​នឹង​អតិថិជន​របស់​ខ្លួន​ដែល​បាន​ទុក​ចិត្ត​ដែល​បាន​ទិញ​សេវា​ពី​ក្រុមហ៊ុន​របស់​ខ្លួន ​។ លើស​ពី​នេះ​ទៅ​ទៀត​ វា​បាន​ស្ដែ​ង​ឱ្យ​អ​តិថិជន​ជា​ច្រើ​នគិត​ឃើញ​ថា​៖ ក្រុមហ៊ុន​សេវា​ទូរស័ព្ទច​ល័តទាំងនោះ ​គឺ​ជា​ភ្នាក់ងារ​ផ្ដល់​ខ្សែ​អាត់​សម្លេង​សន្ទនា​តាម​ទូរស័ព្ទ​របស់​អតិថិជន​ខ្លួន ​ទៅឱ្យជនទីបី​ ជា​ថ្នូរ​នឹង​អ្វី​មួយ​ផង​ក៏​អាច​ថា​បាន​ ។
ដូច្នេះ​ការ​លប​ចូល​ស្ដាប់ ការ​ទាញយក​ ឬ​ការ​បង្ហោះ​ឱ្យស្ដាប់​ជាសាធារណៈ​ នូវ​សម្លេង​សន្ទនា​រឿង​ឯកជនរ​បស់​បុគ្គល​ណាម្នាក់​ វា​អាច​នឹង​ត្រូវ​មនុស្ស​មួយ​ក្រុម​បក​ស្រាយ​ក្នុង​ទម្រង់​ផ្សេង​ៗគ្នា​ដើម្បី​ចង់​តែ​ឈ្នះ​ ឬ​ចង់​តែ​បាន​មុខ​បាន​មាត់​រៀងៗ​ខ្លួន ។​ នៅ​ក្នុង​ករណី​នេះ​ ទាំង​ភាគី​ជន​​រង​គ្រោះ​ដែល​ត្រូវ​បាន​គេ​យក​រឿង​ឯកជន​ទៅ​បង្ហោះ​ជា​សាធារណៈ ​និង​ទាំង​ភាគី​ជន​ដៃ​ដល់​ដែល​បាន​ទាញ​យក​សម្លេង​របស់​ជ​ន​រង​គ្រោះ​ទៅ​បង្ហោះ​ជា​សាធារណៈ​រ​ហូត​ដល់​ចំណង​ជើង​ថា​៖ រឿ​ង​អាស្រូវ​យ៉ាង​ណេះ​យ៉ាង​ណោះ ​វា​គឺ​សុទ្ធ​តែ​ជា​រឿង​ដើម្បី​ផ្ចាញ់​ផ្ចាល់គ្នា​ក្នុង​គោល​បំណង​ដើម្បី​អ្វី​មួយ​តែ​ប៉ុណ្ណោះ​ ព្រោះ​បើ​យក​ទិ​ដ្ឋភាព​ច្បាប់​មក​បក​ស្រាយ​ដើម្បី​ដាក់​បទ​ចោទ​ទៅ​លើ​នរណា​ម្នាក់​នៅ​ក្នុង​ករណី​នេះ ​វា​នឹង​ធ្វើ​ឱ្យ​អានុភាព​របស់​នីតិរដ្ឋ​ត្រូវ​ចុះថយថយឥទ្ធិពល ​។ ដូច្នេះ​គ្រប់​បណ្ដា​អ្នក​ប្រើ​ប្រាស់​សេវា​ទូរស័ព្ទ​ទាំងឡាយ​ ពុំ​អាច​ធ្វើ​អ្វី​បាន​ក្រៅ​តែ​ពី​ត្រូវ​ប្រុង​ប្រយ័ត្ន​រាល់​ការ​សន្ទនា​រឿង​ផ្ទាល់​ខ្លួន​តាម​រ​យៈសេវាទូរស័ព្ទ​ នោះ​ទើប​ជា​ការ​ប្រសើរ ។ ព្រោះ​ចង់​មិនចង់​ អ្នក​ពុំ​អាច​ដឹង​មុន​បាន​ទេ​ថា ​តើ​នឹង​មាន​នរណា​ម្នាក់​ដែល​ស្អប់​ខ្ពើម​អ្នក​ដោយ​កត្តា​អ្វី​មួយ​ ហើយ​គេ​នោះ​នឹង​ទៅ​ស្នើរ​សុំ​ឱ្យ​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ដែល​អ្នក​កំពុង​ប្រើប្រាស់​ដើម្បី​បញ្ចេញ​សម្លេង​សន្ទនា​ជា​សម្ងាត់​របស់​អ្នក​នោះ​ទេ ​៕
សេវា​ទូរស័ព្ទ​បាន​ក្លាយ​ជាទី​ដ៏​គួរ​ឱ្យ​ខ្លាច​ សម្រាប់​ការ​និយាយ​រឿង​ផ្ទាល់​ខ្លួន​

ដោយ៖ ឈូក ស
Cool FM 100.7