សមាជិក​គណបក្ស​សាធារណរដ្ឋ​ពិបាក​នឹង​ប្រឈម​នឹង​ការ​ពិត​ដែល​ថា​លោក Trump ​ទទួល​បាន​ការ​ជ្រើស​តាំង

សមាជិក​គណបក្ស​សាធារណរដ្ឋ​ពិបាក​នឹង​ប្រឈម​នឹង​ការ​ពិត​ដែល​ថា​លោក Trump ​ទទួល​បាន​ការ​ជ្រើស​តាំង

លោក Donald Trump ញញឹម​ នៅ​ពេល​ដែល​លោក​និយាយ​ជាមួយ​ភរិយា​របស់​លោក​ គឺ​លោកស្រី Melania (រូប​ស្តាំ) នៅ​ពេល​ចាប់ផ្តើម​នៃ​ពិធី​ជប់លៀង​នៃ​ជោគជ័យ​របស់​លោក បន្ទាប់​ពី​លោក Ted Cruz លះបង់​ការ​ប្រកួត​ប្រជែង​សម្រាប់​តំណែង​បេក្ខជន​ប្រធានាធិបតី នៅ​អគារ Trump Tower នៅ​ក្នុង​បុរី​ញូវយ៉ក កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។

សមរភូមិ​រយៈពេល​វែង​ដើម្បី​ទទួល​បាន​ការ​ជ្រើស​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ដល់​ទី​បញ្ចប់​ហើយ ​ដោយលោក Donald Trump ​បាន​ក្លាយ​ជា​មេដឹកនាំ​ថ្មី​នៃ​គណបក្ស​សាធារណរដ្ឋ​។ សមាជិក​គណបក្ស​សាធារណរដ្ឋ​នៅ​ទូទាំង​ប្រទេស​បាន​ប្រតិកម្ម​ដោយ​មិន​មាន​ការ​ជឿជាក់ ខឹង​សម្បារ ​និង​ទទួល​យកទាំង​ទើសទាល់​កាល​ពី​ថ្ងៃ​ពុធ ដែល​នេះ​បង្ហាញ​ពី​គណបក្ស​មួយ​ដែល​នឹង​មាន​មេដឹកនាំ​ថ្មី​មួយ​ ប៉ុន្តែ​អនាគត​របស់​គណបក្ស​នេះ​នឹងមិន​មាន​ភាព​ច្បាស់លាស់​នោះ​ទេ រហូត​ទាល់​តែ​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​បញ្ចប់។

សញ្ញា​ដំបូង​បង្អស់​ដែល​គណបក្ស​នឹង​មិនឯកភាព​គ្នា​គាំទ្រ​លោក Trump ជា​បេក្ខជន​តែងតាំង​ដោយ​គណបក្ស​ បាន​កើតឡើង​កាល​ពី​យប់​ថ្ងៃ​អង្គារ នៅ​ពេល​ដែល​លោក Ted Cruz ​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Texas ​បាន​ចាកចេញ​ពី​ការប្រកួត​ប្រជែង​គ្នា​នេះ បន្ទាប់​ពី​ចាញ់​លោក Trump ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ Indiana ​នោះ។ ហើយ​លោក John Kasich អភិបាល​រដ្ឋ​ Ohio ក៏​បាន​ចាកចេញ​ពី​ការប្រជែង​គ្នានេះ​ដើម្បី​ទទួល​បាន​ការ​តែងតាំង​ពី​គណបក្ស​ដែរ។ ​អ្នក​អភិរក្ស​និយម​ដែល​សរសេរ​គេហទំព័រ​ប្លុក (blog) ​និង​ថ្នាក់​ដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ជាច្រើន​ ដោយ​រួម​មាន​ទាំង​លោក Mark Salter អតីត​ជំនួយការ​របស់លោក John McCain ​បាន​ប្រកាស​ជា​សាធារណៈ​ថា ពួកគេ​នឹង​មិន​គាំទ្រ​លោក Trump ​នោះ​ទេ ហើយ​អ្នក​មួយ​ចំនួន​ទៀត​បាន​សន្យា​ដ៏​មិន​គួរឲ្យ​ស្មាន​ដល់​ ថា​នឹង​បោះឆ្នោត​ឲ្យ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោកស្រី Hillary Clinton ​ដោយ​ប្រើប្រាស់​ hashtag សរសេរ​ថា ខ្ញុំ​នឹង​បោះឆ្នោត​ឲ្យ​លោកស្រី Clinton។
ឥឡូវ​នេះ​ជម្រើស​របស់ថ្នាក់ដឹកនាំនិង​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រហែល​ជា​អាស្រ័យ​លើ​ស្ថានភាព​នៃ​បញ្ហា​នេះ​និង​ភាព​វៃ​ឆ្លាត​នៃ​នយោបាយ៕