សង្ស័យ​ព្រាននារី​ថៃ​ចាប់​នាង​យក​ទៅ​ព្រោះ​ញ៉ែមិន​បាន

សង្ស័យ​ព្រាននារី​ថៃ​ចាប់​នាង​យក​ទៅ​ព្រោះ​ញ៉ែមិន​បាន



ខេត្តបន្ទាយមានជ័យ ៖ តាម​ប្រភព​ព័ត៌មាន​ពី​ទឹកដី​ថៃ​ក្នុង​ខេត្ត​ស្រះ​កែវ ទល់មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ជិត​៣​រសៀល​ថ្ងៃ​ទី​៣ ខែឧសភា មាន​ជន​សង្ស័យ​ជា​ជនជាតិ​ថៃ​បាន​បើករថយន្ត​១​គ្រឿង មក​ចាប់​ស្ត្រី​ខ្មែរ​ម្នាក់​ជា​អាជីវករ​លក់​ភេសជ្ជៈ​ពី​ផ្លូវ​សាលា​ដែង ក្រោយ​ហាង​អឹ​ម​អឹ​ម​ក្នុង​ផ្សារ​រុង​ក្លឿ​ យក​ទៅ​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​នាង​បាន​ស្រែក​ឲ្យ​ជួយ​ផង ។

ប្រភព​ព័ត៌មាន​ដែល​បាន​ទទួល​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​រូប​នេះ​ឈ្មោះ ជ័យ សុ​ផ​ន អាយុ​២៧​ឆ្នាំ ចាត់ទុកជា​ស្ត្រី​ខ្មែរ​ម្នាក់​ស្អាត​ដាច់​គេ​នៅ​តំបន់​នោះ ជា​អ្នកលក់​ភេសជ្ជៈ​នៅ​ផ្សារ​រុង​ក្លឿ ស្រុក​អារ​ញ្ញា ខេត្ត​ស្រះ​កែវ និង​មាន​ទីលំនៅ​ក្នុង​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ដំបូង​គេ​ឃើញ​ជនជាតិ​ថៃ​២​នាក់ បើករថយន្ត​ម៉ាក​អុ​ី​ស៊ុ​យ​ហ្សុ​៊​យ​មួយ​គ្រឿង ពណ៌​ខៀវ មិន​ស្គាល់​ស្លាក​លេខ មក​ឈប់​ចត​ក្បែរ​ស្ត្រី​រូប​នោះ ហើយ​និយាយ​ជជែក​លេង បន្ទាប់​មក​ក៏​នាំ​គ្នា​ឡើង​រថយន្ត​វិញ ហើយ​ហៅ​ស្ត្រី​រូប​នោះ​ឲ្យ​យក​ទឹក​១​ដប​មក​ឲ្យ ។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា ឆ្លៀតឱកាស​នោះ​ជនជាតិ​ថៃ​ទាំង​២ ក៏​បាន​ចាប់​អូស​ដៃ​ស្ត្រី​ស្អាត​ខ្មែរ​ឡើង​រថយន្ត​ដឹក​ចេញ​ទៅ​បាត់​តែ​ម្ដង​។ ដំបូង​គ្រប់​គ្នា​ស្មានថា ស្ត្រី​ខ្មែរ​រូប​នោះ​និង​ក្រុម​ជនសង្ស័យ​លេងសើច ទាល់តែ​ស្ត្រី​រូប​នោះ​ស្រែ​កថា​ជួយ​ផង​ៗ ទើប​មានការ​ភ្ញាក់ផ្អើល​ឈុ​ល​តែ​ហួសពេល​ទៅ​ហើយ ព្រោះ​រថយន្ត​បាន​បើក​ចេញ​យ៉ាង​លឿន​បាត់​ទៅ​ហើយ ។

ក្រោយ​ហេតុការណ៍​កើតឡើង​មាន​ប្រភព​ព័ត៌មាន​ថា ប្តី​ស្ត្រី​រង​គ្រោះ​ឈ្មោះ សាន់ វិទូ អាយុ​២៧​ឆ្នាំ បានរ​ត់រក​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ថៃ​ដើម្បី​ឲ្យ​ជួយ​ប្រពន្ធ​របស់​ខ្លួន ។ ជាមួយ​នេះ បើ​តាម​ប្រភព​របាយការណ៍​ពី​ថៃ​យោង​តាម​អ្នក​ឃើញ​ហេតុការណ៍​ប្រាប់​ថា មុន​ហេតុការណ៍​នេះ​កើតឡើង​៥​ទៅ​៦​ថ្ងៃ ជនសង្ស័យ​ជា​ជនជាតិ​ថៃ បាន​មក​ទាក់ទង​ជាមួយ​ស្ត្រី​រូប​នោះ តែ​រូប​នាង​ផ្ទាល់​មិន​បាន​គិតដល់​រឿង​ផ្សេង គ្រាន់តែ​លក់ដូរ​ធម្មតា ព្រោះ​នាង​មាន​ប្តី​និង​មានកូន​១ អាយុ​៦​ឆ្នាំទៅ​ហើយ ។

យ៉ាងណា​ក៏​ដោយ ចំពោះ​ករណី​ខាងលើ​អ្នក​ឃើញ​ហេតុការណ៍​យល់​ថា ទំនងជា​ជនសង្ស័យ​ខឹង​តាម​ញ៉ែ​តែ​នាង​មិន​ព្រម​ស្រឡាញ់ ទើប​ហៅ​បក្ខពួក​មក​ចាប់​ដាក់​រថយន្ត​យក​ទៅ​បាត់​។ ប្រភព​ព័ត៌មាន​ប្រាប់​ថា ប្តី​ស្ត្រី​រង​គ្រោះ​មិន​បានឃើញ​ហេតុការណ៍​គេ​ចាប់​ប្រពន្ធ​ដាក់​រថយន្ត​យក​ទៅ​បាត់​នោះ​ទេ ព្រោះ​រវល់​ទៅ​ធ្វើ​ជា​កម្មករ​លើកដាក់​អីវ៉ាន់​ឲ្យ​គេ​នៅ​កន្លែង​ផ្សេង​មួយទៀត​។ លុះ​ក្រោយ​ពី​មាន​អ្នកដឹង​ហេតុការណ៍​ទូរស័ព្ទ​ប្រាប់​ថា មាន​គេ​ចាប់​ប្រពន្ធ​យក​ទៅ ក៏​ប្រញាប់ប្រញាល់​ទៅ​ដល់​កន្លែង​កើតហេតុ​ដែរ​តែ​ហួសពេល​បាត់​ទៅ​ហើយ ។ ប្រភព​ព័ត៌មាន​និយាយ​ទៀត​ថា បុរស​ជា​ប្តី​បាន​អង្វរ​សមត្ថកិច្ច​ថៃ​ឲ្យ​ជួយ​ស្កាត់រក​រថយន្ត​ជនសង្ស័យ​ដើម្បី​ជួយ​ប្រពន្ធ​ខ្លួន ហើយ​អង្វរ​សុំ​កុំ​ឲ្យ​គេ​ធ្វើបាប​ប្រពន្ធ​ខ្លួន​ព្រោះ​កូន​នៅផ្ទះ​នៅ​តូច​នៅឡើយ ។

ជុំវិញ​ប្រភព​ព័ត៌មាន​ខាងលើ កោះសន្តិភាព​បាន​ទំនាក់ទំនង ទៅ​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត តែ​មន្ត្រី​នៅ​ទីនោះ​ប្រាប់​ថា មិន​បានដឹង​ពី​រឿងរ៉ាវ​ខាងលើ​នោះ​ទេ ។

លោក​វរសេនីយ៍ឯក ស៊ឹ​ម សំអាត​នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក៏​ប្រាប់​ដូច​គ្នា​នឹង​មន្ត្រី​ខាងលើ​ដែរ​ថា មិន​ទាន់​បានដឹង​ទេ ប៉ុន្តែ​លោក​ថា​នឹង​ឲ្យ​ក្រុមការងារ​សាកសួរ​ទៅ​ភាគី​ថៃ ។ ចំណែក​មន្ត្រី​នៅ​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ ប្រចាំ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ​មួយ​រូប​ប្រាប់​កោះសន្តិភាព​ថា អត់​ដឹង​រឿង​នោះ​ទេ​ព្រោះ​មិន​ទាន់​មាន​របាយការណ៍ ។

គេ​ពុំ​ដឹង​ថា ករណី​ខាងលើ​វិ​វ​ត្តិ​យ៉ាងណា ទៀត​នៅឡើយ​ទេ ម្សិលមិញ​នេះ​ខណៈ​គ្រួសារ​ជន​រង​គ្រោះ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ។

តាម​ព័ត៌មាន​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ដដែល​ក្រុម​តម្រួត​ថៃ​បាន​ចាប់ខ្លួន​ជន​៣​នាក់​ដែល​ចាប់​ស្ត្រី​អាជីវករ​ខ្មែរ​បាន​ហើយ​ក្នុង​រី​សត​មួយ​កន្លែង ៕