កម្មសិទ្ធិ​ស្នេហ៍​លួច​ទាក់ទង​ស្រី​ក្មេង​ប្រពន្ធ​ឆេះដុំ

កម្មសិទ្ធិ​ស្នេហ៍​លួច​ទាក់ទង​ស្រី​ក្មេង​ប្រពន្ធ​ឆេះដុំ



រាជធានី​ភ្នំពេញ ៖ ប្រពន្ធ​បាន​ក្របួច​ក​អាវ​ប្ដី​នាំ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ប្ដឹង​សុំ​ឲ្យ​អា​ជា្ញ​ធរ​សង្កាត់​រកខុសរកត្រូវ​ឲ្យ ដោយ​ស្ត្រី​ជា​ប្រពន្ធ បាន​ចោទប្រកាន់​ប្ដី​របស់​គាត់​ថា​មាន​សហាយ​លួចលាក់​ស្នេហា​នៅ​ក្រៅ​ផ្ទះ ដោយមិន​បាន​គិត​ថា​បាន​រៀប​ការ​នឹង​គ្នា​ក្លាយជា​ប្តី​ប្រពន្ធ​ច្រើន​ឆ្នាំ​មក​ហើយ ថែម​ទាំង​មានកូន​ប្រុស​ស្រី​ចំនួន​៤​នាក់​ទៅ​ហើយ​នោះ​ទេ ។

ស្ដ្រី​ជា​ប្រពន្ធ​និយាយ​ថា ប្តី​គាត់​មិន​ចេះ​ខ្មាស​អ្នក​ជិតខាង​ឡើយ មិនតែប៉ុណ្ណោះ​គាត់​បាន​តាម​ទាន់ ខណៈ​ប្ដី​កំពុង​នៅ​ក្នុងផ្ទះ​សំណាក់​ជាមួយ​គ្នា​ថែម​ទៀត​ផង ទើប​ធ្វើ​ឲ្យ​គាត់​មានការ​ក្ដៅក្រហាយ​អត់ទ្រាំ​លែង​បាន ក៏​នាំ​លោក​ប្ដី​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ដើម្បី​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ ។

ចំណែក​បុរស​ជា​ប្តី​បាន​បដិសេធ​ថា គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ជា​ការ​ចោទប្រកាន់​របស់​ប្រពន្ធ​ទេ ។ ដោយសារ​ការ​ប្រកែក​គ្នា​រក​ខុស​និង​ត្រូវ​បែប​នេះ​ហើយ ទើប​ក្លាយជា​អំពើ​ហិង្សា​កើតឡើង ។ ចំណែក​ប្រពន្ធ​បាន​ទាមទារ​យក​សោ​ម៉ូតូ​ពី​ប្ដី ឯ​ប្ដី​ប្រាប់​ថា​គាត់​ឲ្យ​ហើយ​នៅ​ទារ​ធ្វើ​អី​ទៀត ។ ពេល​នោះ​ដែរ ប្រពន្ធ​បាន​ដណ្ដើម​យក​ទូរស័ព្ទ​មក​បោក​ជា​ច្រើន​ដង​ទៀត រហូត​បែក​ខ្ទេចខ្ទី​ប្រើ​ការ​លែង​កើត​ទើប​ឈប់​បោក ហើយ​ឈាន​ដល់​ការ​ប្រវាយប្រតប់​គ្នា​វិញ​ម្ដង ទំនង​ចង់​ចាប់​ប្ដី​បោក​ឱ្យ​ខ្ទេច​ដូច​បោក​ទូរស័ព្ទ ប៉ុន្ដែ​មិន​អាច​ចាប់​បោក​បាន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​សាលាសង្កាត់ រហូត​មានការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ទើប​ស្ងប់ស្ងាត់​ទៅ​វិញ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី រសៀល​ថ្ងៃ​ទី​៣ ខែឧសភា នៅ​ក្នុង​សាលាសង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ញ៉ែ ហៀ​ង អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ ។ ចំណែក​បុរស​ជា​ប្ដី​ឈ្មោះ ប៊ី ណាត អាយុ​៤១​ឆ្នាំ អ្នក​ទាំង​ពីរ​មានកូន​ប្រុស​ស្រី​ចំនួន​៤​នាក់ និង​មាន​ទីលំនៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាសង្កាត់​ចោម​ចៅ បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​នោះ ប្ដី​ប្រពន្ធ​១​គូ​នេះ​បាន​នាំ​គ្នា​ទៅ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​រកខុសរកត្រូវ​អំពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅ​ក្នុង​គ្រួសារ ។ ស្ដ្រី​ជា​ប្រពន្ធ​បាន​ចោទ​ថា ប្ដី​របស់​គាត់​មានចិត្ត​មិន​ស្មោះត្រង់ ក្បត់ចិត្ត​គាត់​លួច​មាន​សហាយ លួចលាក់​ស្នេហា​យ៉ាង​ផ្អែមល្ហែម​ជាមួយ​ស្រី​ក្មេង​នៅ​ក្រៅ​ផ្ទះ មិន​បាន​គិតគូរ​ដល់​គាត់ និង​កូនប្រុស​ស្រី​ចំនួន​៤​នាក់​ទេ ដោយ​ចោទ​ប្ដី​ថា​គិតតែ​ពី​ដើរ​លេង​អត់​ធ្វើការ​រកស៊ី​អ្វី​ទាំងអស់ ។ មិនតែប៉ុណ្ណោះ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា គាត់​បាន​តាម​ទាន់ប្ដី​កំពុង​ស្ថិត​នៅ​ជាមួយ​ស្រី​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង ទើប​មានការ​ក្ដៅក្រហាយ សុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ។

ប្រភព​ដដែល​បាន​បន្ត​ថា ចំណែកឯ​បុរស​ជា​ប្តី​ប្រកែក​ថា គាត់​មិន​បាន​ធ្វើ​អ្វី​ដូចដែល​ប្រពន្ធ​ចោទ​ឡើយ ។ បន្ទាប់​មក លោក​ចៅសង្កាត់ បាន​បញ្ជា​ឲ្យ​មានការ​សម្របសម្រួល​គ្នា កុំ​ឲ្យ​មាន​ទំនាស់​គ្នា​បន្ដ​ទៀត ។

ក្រោយ​ពី​ទាស់​គ្នា​បែកផ្សែង​នៅ​ក្នុង​សាលាសង្កាត់​រួម​មក ប្ដី​ប្រពន្ធ​មួយគូ​នេះ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ក៏​មិនដឹង​ថា​បាន​ស្ងប់ចិត្ត​រវាង​គ្នា​នឹង​គ្នា ឬ​បែប​ណា​នោះ​ទេ នៅ​ពេល​ទៅ​ដល់​ផ្ទះ​នោះ ។ ទំនង​ប្រហែលជា​មិន​ស្ងាត់​ទេ​មើលទៅ ៕