កុំ​តូចចិត្ត​វាសនា កុំ​តវ៉ា​នឹង​ព្រហ្ម​លិខិត ប្តី​-​ប្រពន្ធ​និង​កូន​2​នាក់​រស់នៅ​តាម​រទេះរុញ

កុំ​តូចចិត្ត​វាសនា កុំ​តវ៉ា​នឹង​ព្រហ្ម​លិខិត ប្តី​-​ប្រពន្ធ​និង​កូន​2​នាក់​រស់នៅ​តាម​រទេះរុញ



ខេត្តបន្ទាយមានជ័យ ៖ ជីវិត​តោកយ៉ាក​ប្រហែលជា​គ្មាន​នរណា​ម្នាក់​ចង់​ជួប​នោះ​ទេ តែ​ព្រហ្ម​លិខិត​គេច​មិន​ផុត​ឡើយ ដូច្នេះ​ហើយ ទើប​មនុស្ស​គ្រប់​រូប​ដែល​កើតមក​លើ​ផែនដី​នេះ​មាន​វាសនា​ខុស​គ្នា ។ ដើម្បី​កុំឱ្យ​វែង​ឆ្ងាយ យើង​ក៏​សូម​អស់លោក​អ្នក​អាន ទៅ​ជួប​គ្រួសារ​មួយ​ដែល​បាន​ផ្ញើ​វាសនា​និង​ជីវិត​លើ​រទេះរុញ​ដ៏​កញ្ចាស់​មួយ គឺ​ពេល​ថ្ងៃ​ប្រើ​រទេះរុញ​នេះ​ស៊ីឈ្នួល​ដឹក​ទំនិញ​ឱ្យ​គេ​គ្រាន់​បាន​កម្រៃ​ចិញ្ចឹមជីវិត និង​ពេល​យប់​ក្លាយជា​បន្ទប់ដេក​ស្នាក់​នៅ ។

គ្រួសារ​ក្រីក្រ​នេះ​មាន​សមាជិក​៤​នាក់ គឺ ប្តី​ប្រពន្ធ​និង​កូន​២​នាក់ ហើយ​ក្នុង​ចំណោម​នេះ​ថែម​ទាំង​ផ្ទុកមេរោគ​អេ​ដស៍​៣​នាក់់​ថែម​ទៀត និង​រស់នៅ​យ៉ាង​តោកយ៉ាក​យក​មេឃ​ធ្វើ​ដំបូល ដោយ​នាំ​គ្នា​ដេក​លើ​រទេះ​មើលទៅ​ដូច​ជា​វេទនាណាស់ ព្រោះតែ​គ្មាន​ដី​និង​លំនៅ​ឋាន​ផ្ទាល់ខ្លួន គឺ​ចល័ត​ស្នាក់​នៅ​លើ​ដី​អ្នកស្រុក​មួយ​គ្រា​ៗ ។ គ្រួសារ​ក្រីក្រ​តោកយ៉ាក​ខាងលើ ប្តី​ឈ្មោះ សុខ វៃ អាយុ​៣៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ បេង មុំ អាយុ​៣១ ឆ្នាំ និង​កូនស្រី​២​នាក់​ម្នាក់​ឈ្មោះ សុខ លី​ណា អាយុ​៦​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សុខ ចាន់​រ៉ា អាយុ​១​ឆ្នាំ ។

តាម​ក្រុម​គ្រួសារ​ខាងលើ​រៀបរាប់​ថា ពួក​គាត់​មក​ពី​ភូមិ​តាអោ​ក ឃុំ​មាន​ឫ​ទិ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។ ការ​មក​រស់នៅ​ជាយ​ដែន​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​នេះ គឺ​១៩​ឆ្នាំ​ហើយ ធ្វើ​ជា​កម្មករ​អូស​រទេះ រស់នៅ​ចល័ត​ម្តង​ភូមិ​នេះ​ម្តង​ភូមិ​នោះ នៅ​លើ​ដី​ទំនេរ​របស់​អ្នកស្រុក​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

បុរស​ឈ្មោះ សុខ វៃ ជា​ប្ដី​បាន​ប្រាប់​ដោយ​មិន​លាក់លៀម​ថា ពួក​គាត់​៣​នាក់​មាន​ផ្ទុកមេរោគ​លើកលែងតែ​កូនស្រី​ច្បង ។ ពួក​គាត់​រៀបរាប់​ថា កាលពីដើម​ជួល​ផ្ទះ​គេ​រស់នៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ប្រកបរ​បរជា​កម្មករ​អូស​រទេះ​។ លុះ​ធ្លាក់ខ្លួន​ឈឺ​(​ផ្ទុកមេរោគ​អេ​ដស៍​)​រក​ប្រាក់​លែង​បាន​សម្រាប់​ថ្លៃ​ជួល​ផ្ទះ ក៏​នាំ​គ្នា​ដើរ​ដេក​តាម​ដី​ទំនេរ​របស់​អ្នកស្រុក​តែ​ម្ដង​ទៅ ។

ក្រុម​គ្រួសារ​នេះ​រៀបរាប់​ទៀត​ថា កាលពី​ឆ្នាំ​២០១៥ ពួក​គាត់​ត្រូវ​បាន​គ្រួសារ​មួយ​មានចិត្ត​សន្តោស​ឱ្យ​ផ្ទះ​រស់នៅ​ដោយ​មិន​យក​ប្រាក់​ទេ លុះ​ពួក​គាត់​ទៅ​ស៊ីឈ្នួល​កាប់​ចិញ្ច្រាំ​ដំឡូង​មី​ឱ្យ​គេ​នៅ​ស្រុក​ម៉ា​ឡៃ ពេល​វិល​ត្រឡប់​មក​វិញ ផ្ទះ​ដែល​គេ​ឱ្យ​រស់នៅ​ត្រូវ​បាន​អ្នក​ផ្សេង​គេ​យក​ទៅ​ធ្វើ​ជា​កន្លែង​ចិញ្ចឹម​ទា​ធ្វើ​ឲ្យ​ពួក​គាត់​ខ្វះ​ជម្រក​តែ​ម្ដង ។
តាម​ការ​ពិនិត្យ​ជាក់ស្តែង​ដល់​កន្លែង​ដែល​គ្រួសារ​មួយ​នេះ​រស់នៅ ពិតជា​ពិបាក​ភ្នែក​មើល​ណាស់ ដោយសារ​យក​រទេះរុញ​របស់​ខ្លួន​ធ្វើ​ជា​ផ្ទះ​ដែល​រទេះ​តូច​មួយ​ដេក​គ្នា​រហូត​៤​នាក់ ។ បុរស​ជា​ប្តី​ដេក​ផ្ទុយ​ជើង​គ្នា​ជាមួយ​ប្រពន្ធ ឯ​កូន​តូច​ៗ​ដេក​ស្របគ្នា​ជាមួយ​ម្តាយ ។ ពួក​គាត់​និយាយ​ថា កន្លង​មក​នាំ​គ្នា​ក្រាលកន្ទេល​ដេក​ផ្ទាល់​ដី​ជា​លក្ខណៈ​គ្រួសារ តែ​ដោយសារ​អាកាសធាតុ​មិន​អំណោយផល មាន​ភ្លៀង​ធ្លាក់​មុង​ភួយ​ទទឹកជោក ព្រោះ​គ្មាន​ដំបូល​ជ្រក​ក៏​សម្រេច​នាំ​គ្នា​ដេក​លើ​រទេះ​វិញ បើ​ពេល​មាន​ភ្លៀង​ធ្លាក់​យក​កៅស៊ូ​តង់​គ្រប​លើ​រទេះ​ទាំងមូល​តែ​ម្ដង ។

អ្វី​ដែល​កាន់តែ​អាណិត​ខ្លោចចិត្ត​ថែម​ទៀត​នោះ គឺ​បច្ចុប្បន្ន​គ្រួសារ​មួយ​នេះ​រស់នៅ​អាស្រ័យ​លើ​ការ​ស៊ីឈ្នួល​អូស​រទេះ​នៅ​ផ្សារ​រុង​ក្លឿ​ទឹកដី​ថៃ ថ្ងៃ​ណា​រក​មិន​បាន​ត្រូវ​នាំ​គ្នា​ដេក​អត់បាយ​ក្រហាយ​ទឹក​ក៏​មាន​ដែរ ។ ពី​កន្លែង​ពួក​គាត់​រស់នៅ​ទៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ចម្ងាយ​ជិត​៧​គីឡូម៉ែត្រ ហើយ​បុរស​ជា​ប្តី​រអ៊ូរទាំ​ថា មុខរបរ​អូស​រទេះ​នេះ​មហា​សែនពិបាក ព្រោះ​ត្រូវ​អូស​រទេះ​ទៅ​មក​ឆ្ងាយ  ឯ​កម្លាំង​ពលំ​ក៏​កាន់តែ​ចុះ​ខ្សោយ​ទៅ​ៗ ។ 

គ្រួសារ​ខាងលើ​បាន​សំណូមពរ​ដល់​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​មេត្ដា​ជួយ​ពួក​គាត់​ផង ។ គាត់​រៀបរាប់​ថា ពិសេស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​គាត់​ថា ប្រសិនបើ​ព័ត៌មាន​នេះ​មានភ័ព្វ​វាសនា​ដឹង​ដល់​សម្ដេច​ទាំង​ទ្វេ ពិតជា​បាន​ជួប​ទេវតា​មិន​ខាន ។ ការ​រស់នៅ​ជាមួយនឹង​ការ​ផ្ទុកមេរោគ​អេ​ដស៍​ប្ដី​-​ប្រពន្ធ និង​កូន​តូច គឺជា​ភាព​ខ្លោចផ្សា​ក្នុង​ចិត្ត​ពន់ពេក​ណាស់ ។ អនាគត​វែង​ឆ្ងាយ​គឺ​កូនស្រី​ច្បង​ដែល​មាន​អាយុ​៦​ឆ្នាំ មិន​មាន​ឆ្លង​មេរោគ​អេ​ដស៍​ទេ តើ​អនាគត​ខាង​មុខ ពេល​ឪពុក​ម្ដាយ​និង​ប្អូន​ស្លាប់​ចោល​អស់​ទៅ នាង​ត្រូវ​រស់នៅ​កំព្រា​រងា​បែប​ណា ?