នគរបាល​ខណ្ឌ​ដូនពេញ​ បន្ត​ចាប់​ និង​បង្ក្រាប​ល្បែងស៊ីសង​កត់​ចាក់​ឆ្នោត​នៅ​ក្នុង​មូលដ្ឋាន

នគរបាល​ខណ្ឌ​ដូនពេញ​ បន្ត​ចាប់​ និង​បង្ក្រាប​ល្បែងស៊ីសង​កត់​ចាក់​ឆ្នោត​នៅ​ក្នុង​មូលដ្ឋាន



ភ្នំពេញ ​៖​ ទីតាំង​កត់​ឆ្នោត​វៀតណាម​មួយកន្លែង​ទៀត ​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ចាប់​បង្ក្រាប​ជាក់ស្ដែង ​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​០៤ ​ខែ​ឧសភា ​ឆ្នាំ​២០១៦​ នៅផ្ទះ​ក្នុង​ឌឿងហែម ផ្លូវ​៤៩ ស្ថិត​ខាងក្រោយ​ក្រសួង​ឧស្សាហកម្ម ភូមិ​៣​ ក្រុម​១៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ​ រាជ​ធានី​ភ្នំពេញ។

កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ក្នុងពេល​ចុះ​ប្រតិបត្តិការ​ចាប់​បង្ក្រាប​កន្លែង​បើក​ល្បែង​ស៊ីសង​ខុសច្បាប់ (​ភ្នាល់​ចាក់​កន្ទុយលេខ​)​មួយ​កន្លែង​នោះ​បាន​ឃាត់​មនុស្ស​ប្រុស​ចំនួន​០១​នាក់​ ជា​ភ្នាក់ងារ​កត់​កន្ទុយលេខ​នៅផ្ទះ​កើតហេតុ​នោះ ​ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន ​ក្រដាស​សម្រាប់​កត់​ឆ្នោត​មួយ​ចំនួន ម៉ាស៊ីន​គិត​លេខ​ចំនួន​០២​គ្រឿង និង​ប៊ិច​សម្រាប់​កត់​ចំនួន​មួយ លុយ​ខ្មែរ​ចំនួន៩៥០៩០០​រៀល (​កៅសិប​ប្រាំ​ម៉ឺន​ប្រាំបួន​រយ​) និង​លុយ​ដុល្លារ​ចំនួន​១៥០​ដុល្លារ (​មួយ​រយ​ហាសិប​ដុល្លារ​)។​

ទូរស័ព្ទ​ចំនួន​២​គ្រឿង ក្នុង​នោះ​មាន​១​គ្រឿង​ម៉ាក SAMSUNG S3 ពណ៌​ខ្មៅ​ចំនួន​មួយ​ ដែល​មាន​លេខ​ទូរស័ព្ទ​លេខ០៨៩ ៣១១ ២៤៤ និង​មួយ​គ្រឿង​ទៀត​ម៉ាក NOKIA​ ពណ៌​ខ្មៅ​ចំនួន​១​គ្រឿង ​ដែល​មាន​លេខ​ទូរស័ព្ទ​លេខ ០៨១ ៣១១ ២៤៤​។​ កាបូបស្ពាយ​ពណ៌​ត្នោត​ចំនួន​មួយ សម្រាប់​ដាក់​លុយ​កត់​ឆ្នោត​ផង​ដែរ។

សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​ តែ​អ្នក​ដែល​រកស៊ី​កត់​និង​ចាក់​ឆ្នោត​វៀតណាម ​ក៏ដូចជា​ឆ្នោត​ជាច្រើន​ទៀត ​ត្រូវ​បាន​លោក​ គួច ចំរើន អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​ដូនពេញ​ បាន​កោះ​អញ្ជើញ​អ្នក​ដែល​រកស៊ី​កត់ ​ចាក់​ឆ្នោត​ទាំងអស់​នោះ​មក​ណែនាំ​ឲ្យ​ពួកគាត់​ ត្រូវតែ​បញ្ឈប់​នូវ​ការ​រកស៊ី​កត់​ចាក់​ឆ្នោត​បែបនេះ​តទៅទៀត​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​តែម្ដង ​ព្រោះ​ល្បែង​ទាំងនោះ​វា​ល្មើស​នឹង​ច្បាប់​ដែល​ហាមឃាត់។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ ក្រោយពី​លោក​អភិបាលខណ្ឌ​ដូនពេញ​បាន​តម្រូវ​ឲ្យ​បញ្ចប់​រាល់​ការ​លួច​បើក​កត់ ​និង​ចាក់​ឆ្នោត ​ដូច្នេះ​ហើយ​ឃើញ​ថា​ មាន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខ្លះ​គេ​នាំគ្នា​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញាធរ​បាន​ប្ដូរ​មុខរបរ​ផ្សេងៗ​ទៅវិញ​ តែ​ផ្ទុយទៅវិញ​ ក៏​នៅ​មាន​អ្នក​ហ៊ាន​បើក​ចាក់​ជាច្រើន​កន្លែង​ទៀត​ដែល​មិន​ស្តាប់​ពី​ការណែនាំ​របស់​អាជ្ញាធរ​នោះ ដូចជា​នៅ​ទីតាំង​ដែល​កម្លាំង​បាន​ចាប់​បង្ក្រាប​នោះ​តែម្ដង ​បាន​ផ្គើន​នឹង​ការ​ហាមឃាត់​ ពោល​គឺ​នៅតែ​បន្ត​លួច​បើក​កត់ ​និង​ចាក់​តទៅទៀត​នោះ​ ត្រូវតែ​ទទួលទោស​ទាន់​តាម​ផ្លូវ​ច្បាប់​ដូច្នេះ​តែម្ដង​៕នគរបាល​ខណ្ឌ​ដូនពេញ​ បន្ត​ចាប់​ និង​បង្ក្រាប​ល្បែងស៊ីសង​កត់​ចាក់​ឆ្នោត​នៅ​ក្នុង​មូលដ្ឋាន