រថយន្ត​២​គ្រឿង​បុក​គ្នា ស្លាប់​២ របួស​១

រថយន្ត​២​គ្រឿង​បុក​គ្នា ស្លាប់​២ របួស​១



ភ្នំពេញ ៖ ស្ត្រី​ជា​ប្រពន្ធ​ និង​កូនស្រី​អាយុ​៥​ឆ្នាំ​ ដែល​បាន​រួម​ដំណើរ​ជាមួយគ្នា​តាម​មធ្យោបាយ​រថយន្ត​កូរ៉ូឡា​១​គ្រឿង​ បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​ពេញទំហឹង​ ជាមួយ​រថយន្ត​ហ៊ី​ណូ​ ដឹក​ដី​ធុន​ធំ​ ដែល​បើកបរ​បញ្ច្រាស​ទិស​ដៅ​គ្នា​ បណ្ដាល​ឲ្យ​ភាគី​រថយន្ត​កូរ៉ូឡា​ស្លាប់​២​នាក់ ​ម្ដាយ ​និង​កូន​នៅ​នឹង​កន្លែង​កើតហេតុ​ ឯ​បុរស​ជា​ប្ដី​ដែល​ជា​អ្នក​បើក​បរ​បាន​កៀប​ជាប់​ក្នុង​រថយន្ដ​ គេ​នាំគ្នា​ជួយ​គាស់​ជាច្រើន​ម៉ោង​ ទើប​យកចេញ​មក​បាន។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​៤​ ខែ​ឧសភា ​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ភូមិ​ស្រះ​សង្គម​ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​០៤​ ចន្លោះ​គីឡូម៉ែត្រ​២៥-២៦។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​HINO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ​៣A ២៨១១ អ្នក​បើកបរ​មិន​ស្គាល់​ឈ្មោះ​ បាន​រត់​គេច​ខ្លួន​បាត់ស្រមោល​។ រថយន្ត​នេះ​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ រថយន្ត​នេះ​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​០១​គ្រឿង​ទៀត​ម៉ាក​CORR OLA ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​២D.១០៦០ ដែល​បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ​បញ្ច្រាស​ទិសដៅ​គ្នា​ បើកបរ​ដោយ​ឈ្មោះ​ ខៀវ រិទ្ធី​ពិសិដ្ឋ​ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​មុខរបរ​យាម​ដី​ឲ្យ​គេ ​និង​ប្រពន្ធ​ដែល​ស្លាប់​នោះ​មានឈ្មោះ យិន បុប្ផា អាយុ​២៦​ឆ្នាំ ហើយ​កូនស្រី​ដែល​ស្លាប់​ដែរ​នោះ​មាន​ឈ្មោះ ​នី​ អាយុ​០៥​ឆ្នាំ​។​ ក្រុម​គ្រួសារ​ជនរងគ្រោះ​រស់នៅ​ភូមិ​ខ្នា​តា​នង​ឃុំ​ស្វាយ​រំ​ពេល​ ស្រុក​បរសេដ្ឋ​ ខេត្ត​កំពង់ស្ពឺ។

ក្រោយពេល​កើតហេតុ ​កម្លាំង​ជំនាញ​ចរាចរណ៍​ស្រុក​បាន​ប្រមូល​យក​វត្ថុតាង​ដែល​ពាក់ព័ន្ធ មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី៕

រថយន្ត​២​គ្រឿង​បុក​គ្នា ស្លាប់​២ របួស​១

រថយន្ត​២​គ្រឿង​បុក​គ្នា ស្លាប់​២ របួស​១

រថយន្ត​២​គ្រឿង​បុក​គ្នា ស្លាប់​២ របួស​១

រថយន្ត​២​គ្រឿង​បុក​គ្នា ស្លាប់​២ របួស​១