អ្នក​ថត​រូប​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​ក្នុង​សាលា​ដំបូង​រាជធានី

អ្នក​ថត​រូប និង​អ្នក​ថត​​វីដេអូ​ត្រូវ​បាន​ហាម​​​ឃាត់​មិន​ឱ្យ​ចូល​​ក្នុង​បរិវេណ​សាលា​ដំបូង​​​​រាជ​ធានី​ភ្នំពេញ​ ជា​ចំណាត់​ការមួយ​​ដែល​មន្ត្រី​​​ម្នាក់​​លើក​ឡើង​ថា ធ្វើ​ឡើង​ក្នុង​បំណង​ដើម្បី​​​​​បញ្ឈប់​អ្នក​សារព័ត៌មាន​ពី​​ការ​ចោទ​​​ប្រកាន់​​មិន​ត្រឹម​ត្រូវ​​​​លើ​​ស្ថាប័ននេះ។

គោល​​ការ​ណ៍​​ថ្មី​នេះ​ដែល​តាម​លក្ខណៈ​​បច្ចេកទេស​​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃច័ន្ទ​នោះ ក៏​តម្រូវ​ឱ្យ​​អ្នកយក​ព័ត៌មាន​ទាំង​អស់​ដាក់​​ពាក្យ​សុំការ​អនុញ្ញាត​ចូល​ទៅ​ក្នុង​បរិវេណពី​នាយក​ដ្ឋាន​រដ្ឋបាល​របស់តុលាការ​ និង​ហាម​ឃាត់​មិន​ឱ្យ​ពួកគេ​ដើរ​ត្រេត​ត្រ​តនៅក្នុង​​របង​តុលាការ​ឡើយ។

លោក លី សុផាន់ណា អ្នកនាំពាក្យ​​ព្រះ​រាជ​​អាជ្ញាអម​សាលា​ដំបូង​​មាន​ប្រសាសន៍​ថា វិធាន​​​​​ថ្មី​នេះ​​​ត្រូវ​បាន​អនុវត្ត​ជា​សំខាន់​ដើម្បី​​ធ្វើ​​ឱ្យ​សន្តិ​សុខ​កាន់​តែ​ប្រសើរ​ឡើង​ ស្រប​តាម​បទ​ដ្ឋាន​​​​​​​​អន្តរ​ជាតិ ប៉ុន្តែ​ក៏​នឹង​ប្រើ​ដើម្បី​កាត់​បន្ថយ​ការ​ធ្វើសេចក្តី​រាយ​ការណ៍​​នាំ​ឲ្យ​យល់​ខុស​ផង​ដែរ។

cam-pp-court-channa-e1462408993449លោក លី សុផាន់​ណា បាន​ថ្លែង​ថា “​យើង​កំពុង​ធ្វើ​រឿង​នេះ​ឥឡូវ​នេះ ពីព្រោះ​​​យើង​ចង់​​ពង្រឹង​សន្តិសុខ​នៅក្នុង​តុលាការ​។ តុលាការ​នៅ​អឺរ៉ុប​​មិន​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ចូល​ទៅខាង​ក្នុង​ឡើយ”។

លោក​​​​​ថ្លែង​​ថា ”​ជាមួយ​វិធាន​​​​ទាំង​នេះ យើង​​​​ក៏​ចង់ធ្វើ​ឱ្យ​ប្រាកដដើម្បី​បញ្ចៀស​​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កុំឱ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​​​​មិន​ទទួល​បាន​ព័ត៌មាន​លម្អិត​ពី​​តុលាការ​ ដែល​​​​នឹង​ធ្វើ​ឱ្យ​ប៉ះ​​ពាល់​ដល់​​តុលាការ​តាមរយៈ​ការ​ចោទ​ប្រកាន់​​ ​និងការ​បក​ស្រាយ​មិនត្រឹម​ត្រូវ​ជាដើម​​”។

លោក​បាន​បន្ថែម​ថា “​ការដាក់ពាក្យ​សុំការ​​អនុញ្ញាត​​ដើម្បី​បាន​ចូល​ក្នុងតុលាការ​​​​ អាច​​​ដាក់​​នៅ​ថ្ងៃ​នៃសវនាការ​ជំនុំជម្រះ​​តែ​ម្តង ហើយ​នឹង​ត្រូវ​ដោះស្រាយ​ភ្លាម​ៗ។

លោក​ ប៉ែន បូណា ​ប្រធាន​ក្លឹប​អ្នក​កាសែត​​កម្ពុជា​​​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​គោល​ការណ៍​​ថ្មី​នេះ ដោយ​សារ​វា​ត្រូវ​បាន​អនុវត្ត​​ដោយ​ស្មើ​ភាព។

លោក​បានមាន​ប្រសាសន៍​ថា “​ប្រសិន​បើ​អ្នក​យក​ព័ត៌មាន​មួយ​ចំនួន​អាច​ចូល​ទៅ​ខាង​ក្នុង​បាន​ ហើយ​មួយចំនួន​ទៀត​មិន​អាច​​ចូល​ក្នុង​បាន​ វា​ជាការ​រើស​អើង​”។

ប៉ុន្តែ​មុនវិធាន​ការនេះ​ចូល​ជា​ធរមាន​ ការ​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​តុលាការ​ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​មិន​ស្រប​ឡើយ​។ ក្នុង​រយៈ​ពេល​​​​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ អ្នក​យក​ព័ត៌មាន​​ត្រូវ​បាន​ហាម​ឃាត់​ទាំងស្រុង​មិន​ឲ្យ​​ពាក់​ព័ន្ធ​​សវនា​​​ការ​​​​​ទាក់ទង​ការ​ចោទ​ប្រកាន់ពី​ការ​​​​ណាត់​​​ជួប​របស់​​​លោក​ កឹម សុខា អនុ​ប្រធាន​គណ​បក្ស​ប្រឆាំង​ជាមួយ​ស្រី​​កំណាន់​ ប៉ុន្តែ​បាន​​​​​អនុញ្ញាត​ឱ្យ​ចូល​រួម​សវនា​ការ​ផ្សេង​ទៀត។

ប្រសិនបើ​ត្រូវ​បាន​អនុវត្ត​មែន​ វិធាន​ថ្មី​នេះ​​​នឹង​ហាម​ឃាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន​មិន​​​​​ឱ្យ​ថត​រូបផ្តិត​យក​រូប​ភាព​ជន​សង្ស័យ និង​ដើម​ចោទដែល​​​ចូល​និង​ចេញ​ពី​តុលាការ​ឡើយ​។ ជាមួយ​នឹង​កង្វះ​សិទ្ធិ​នេះ លោក ប៉ែន បូណា បាន​ជំរុញ​ឱ្យ​​សាង​សង់​​ទីកន្លែង​ដែល​នឹង​អនុញ្ញាត​​​​ឱ្យ​ក្រុម​មន្ត្រី​តុលាការ​​ និង​គណ​បក្ស​ផ្សេង​ទៀត​​ដែល​ពាក់​ព័ន្ធ​​សវនាការ​ និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ៕សារុន​​​​​

The post អ្នក​ថត​រូប​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​ក្នុង​សាលា​ដំបូង​រាជធានី appeared first on ខេមបូឌា ដេលី.