ស្ត្រី​ខ្មែរ​ម្នាក់ ឈ្នះ​ពានរង្វាន់​អន្តរជាតិ ផ្តល់​ភាព​ភ្ញាក់ផ្អើល​ក្នុង​តំបន់​អាស៊ី​

“​នេះ​ជា​ថ្ងៃ​មោទនភាព​សម្រាប់​លោកស្រី នួន ស៊ីថា សម្រាប់ Havas Riverorchid សម្រាប់​ស្ត្រី និង​ប្រទេស​កម្ពុជា​ទាំង​មូល”។ នោះ​ជា​ភាព​ភ្ញាក់ផ្អើល​មួយ​នៅ​ក្នុង​ពិធី​ចែក​ពាន​រង្វាន់​ទ្វីប​អាស៊ី Mumbrella Asia Awards ដែល​ធ្វើ​ឡើង​នៅ​សិង្ហបុរី​ កាល​ពី​ខែ​មុន​នេះ ពេល​ដែល​ស្ត្រី​វ័យ​ក្មេង​កម្ពុជា​ម្នាក់ បាន​ចាប់​អាជីព​ផ្នែក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​តួនាទី​ជា​អ្នក​ទទួល​ភ្ញៀវ ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​កម្រិត​អន្តរជាតិ រហូត​ដល់​ក្លាយ​ជា​អ្នកដឹកនាំ​ផ្នែក​ផ្សព្វផ្សាយ​ដែល​ទទួល​បាន​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​២០១៦ នេះ​។

បេក្ខជន​ដែល​ជាប់​ក្នុង​ការ​ជ្រើសរើស​ផ្សេង​ទៀត​សម្រាប់​ពាន​រង្វាន់​នេះ មាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន LoweProfero ដែល​ជា​បណ្តាញ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​ធំ និង​មាន​ប្រវត្តិ​យូរ​មក​ហើយ​ក្នុង​ពិភព​លោក នាយក TBWA សិង្ហបុរី និង APD សិង្ហបុរី​។

ស្ត្រី​ខ្មែរ​ម្នាក់ ឈ្នះ​ពានរង្វាន់​អន្តរជាតិ ផ្តល់​ភាព​ភ្ញាក់ផ្អើល​ក្នុង​តំបន់​អាស៊ី​

លោកស្រី​ ស៊ីថា មាន​ស្រុក​កំណើត​នៅ​ភូមិ​ដាច់ស្រយាល​មួយ​នៃ​ស្រុក​ក្រោលគោ ដែល​គាត់​ត្រូវ​ដើរ​ទៅ សាលា​រៀន​រាប់​គីឡូម៉ែត្រ​ជា​រៀង​រាល់ថ្ងៃ​។ លោកស្រី​បាន​ផ្លាស់​មក​រាជធានី​ភ្នំពេញ មុន​ពេល​គាត់​មាន​អាយុ​១៨ឆ្នាំ​។ ដោយ​មិន​មាន​សញ្ញាប័ត្រ​ជាន់​ខ្ពស់ គាត់​បាន​ធ្វើ​ការ​នៅ​ក្នុង​ហាង​មួយ ដើម្បី​រក​ប្រាក់​បង់ថ្លៃ​សិក្សា​ភាសា​អង់គ្លេស​។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គាត់​បាន​ដាក់​ពាក្យ​ចូល​បម្រើ​ការងារ​នៅ​ក្រុម​ហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Riverorchid (​បច្ចុប្បន្ន Havas Riverorchid) សម្រាប់​ការងារ​ជា​អ្នក​ទទួល​ភ្ញៀវ​។ នេះ​ជា​ឱកាស​មួយ​ដែល​បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​គាត់ និង Riverorchid ផង​ដែរ​។ ជាង​ដប់​ឆ្នាំ​ក្រោយ​មក គាត់​បាន​ប្តូរ​តួនាទី​ជា​បន្តបន្ទាប់ ពី​អ្នក​ទទួល​ភ្ញៀវឡើង​​មក​ជា​អ្នក​គ្រប់គ្រង​ផ្នែក​ផ្សព្វ​ផ្សាយ (Media Monitor) បន្ទាប់​មក​ជា​អ្នក​ទិញ និង​រៀបចំ​គម្រោង (Junior Buyer and Junior Planner) និង​បច្ចុប្បន្ន​ជា​អ្នក​ដឹកនាំ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឈាន​មុខ​គេ​នៅ​កម្ពុជា ដោយ​មាន​ក្រុម​ការងារ ២០ នាក់ ក្នុង​នោះ​កម្ពុជា ១៧ នាក់ និង​បរទេស ៣ នាក់ ដើម្បី​ធ្វើ​របាយការណ៍​ជូន​គាត់ និង​មាន​អតិថិជន​ធំៗ​ជាច្រើន​រួម​ទាំង ក្រុមហ៊ុន យូនីលីវើ និង​ កូកា កូឡា។

ពេល​សួរ​ពី​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​ជីវិត​ពិត​របស់​គាត់​រហូត​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​ផ្នែក​ផ្សព្វផ្សាយ​ដែល​ទទួល​បាន​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​ លោក​ស្រី នួន ស៊ីថា បាន​ឲ្យ​ដឹង​ថា “​នេះ​ជា​សុបិន​។ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា នេះ​មិន​មែន​ជា​ការពិត​ទេ​។ ប៉ុន្តែ នេះ​ជា​ការពិត​។ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​មោទនភាព​ណាស់​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​ដែល​អាច​នាំ​យក​ពាន​រង្វាន់​នេះ​មក​ជូន​ប្រទេស​របស់​ខ្ញុំ​។ ហើយ​ខ្ញុំ​មាន​សេចក្ដី​ត្រេកអរ​ណាស់​ដែល Havas Riverorchid បាន​ផ្តល់​ឱកាស​នេះ​ឲ្យ​ខ្ញុំ​។ ខ្ញុំ​បាន​ចាប់ផ្តើម​ការងារ​ដោយ​គ្មាន​សញ្ញាប័ត្រ​ ហើយ​ក្រុមហ៊ុន​បាន​ផ្ដល់​ការងារ​ឲ្យ​ខ្ញុំ​ជា​អ្នក​ទទួល​ភ្ញៀវ​។ ប៉ុន្តែ​ពួកគេ​តែង​ប្រាប់​ខ្ញុំ​ថា​៖ “«បើ​អ្នក​ខិតខំ​ធ្វើការ ស្មោះត្រង់ ហើយ​ផ្ដល់​សេវា​អតិថិជន​បាន​ល្អ អ្នក​អាច​រីក​ចម្រើន​នៅ​ក្នុង​ក្រុមហ៊ុន​នេះ»​។ ខ្ញុំ​មិន​ដែល​ស្រមៃ​ថា ខ្ញុំ​អាច​ឈាន​មកដល់​ចំណុច​នេះ​នោះ​ទេ​”។

លោក Pick Pimolsaengsuriya នាយក​ប្រតិបត្តិ Havas Riverorchid បាន​មាន​ប្រសាសន៍​ថា “​អ្វី​ដែល ស៊ីថា បាន​ធ្វើ បង្ហាញ​ឲ្យ​ឃើញ​ថា នរណា​ក៏​អាច​ធ្វើ​ការងារ​អ្វី​ក៏​បាន បើ​ដាក់​ចិត្ត​ធ្វើ​ការងារ​នោះ​ឲ្យ​ពិត​ប្រាកដ ហើយ​អ្នក​មិន​ត្រឹមតែ​អាច​ក្លាយ​ទៅ​ជា​បុគ្គលិក​ល្អ​បំផុត​នៅ​កម្ពុជា ឬ​ឥណ្ឌូចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​អាច​ក្លាយ​ជា​បុគ្គលិក​ល្អ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​។ យើង​មាន​មោទនភាព​ចំពោះ​គាត់ និង​គំនិត​ច្នៃ​ប្រឌិត​របស់​គាត់​ដែល​បាន​បន្ត​ចែកចាយ​ដល់​បុគ្គលិក​ទាំងអស់​នៅ​ក្នុង​ក្រុម​របស់​គាត់”។

ចំណែក​លោក Levent Guenes នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Havas Creative Group ប្រចាំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​នៅ​ជាមួយ ស៊ីថា នៅ​ពេល​ដែល​ដំណឹង​បាន​ប្រកាស​ថា​ គាត់​បាន​ឈ្នះ​ពានរង្វាន់​នេះ​។ ពេល​នោះ​ជា​ពេល​ដ៏​រីករាយ​បំផុត​ក្នុង​មួយ​ឆាក​ជីវិត​ការងារ​របស់​ខ្ញុំ​។ នៅ​ពេល​យើង​បាន​សហការ​ជា​ដៃគូ​ជាមួយ Riverorchid យើង​រំភើប​ ដោយសារ​គុណភាព និង​ភាព​ស៊ី​ជម្រៅ​នៃ​ការ​គ្រប់គ្រង​របស់​ថ្នាក់​គ្រប់គ្រង​ជនជាតិ​ខ្មែរ​ក្នុង​ស្រុក​ទៅ​តាម​ផ្នែក​នីមួយៗ​របស់​ពួកគេ​ដូចជា ស៊ីថា គឺ​ជា​គំរូ​ស្រាប់​។ យើង​មាន​កិត្តិយស​ណាស់​ដែល​មាន ស៊ីថា និង Havas Riverorchid ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ជា​សកល​របស់​យើង​ឥឡូវ​នេះ”។

Havas Riverorchid ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៥ ក្នុង​ភាព​ជា​ដៃគូ​រវាង Havas និង Riverorchid ។ Havas ជា​បណ្តាញ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​រីក​ចម្រើន​លឿន​បំផុត​ក្នុង​ពិភព​លោក ដោយ​មាន​បុគ្គលិក​ជាង ១៨.០០០ នាក់​នៅ​ទូទាំង​ទ្វីប​ទាំង ៥ ។ Riverorchid ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន ដែល​មាន​ការិយាល័យ​នៅ​កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាម​។ បណ្តាញ​ក្រុមហ៊ុន Havas ដែល​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ Village model ឥឡូវ​នេះ មាន​ប្រតិបត្តិការ​នៅ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង ៩ ដែល​មាន​ចំនួន​ច្រើន​ជាង​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ស្ត្រី​ខ្មែរ​ម្នាក់ ឈ្នះ​ពានរង្វាន់​អន្តរជាតិ ផ្តល់​ភាព​ភ្ញាក់ផ្អើល​ក្នុង​តំបន់​អាស៊ី​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:ជីវិតនិងសង្គម
Tags: