GROWASIA​និង​ក្រសួងកសិកម្ម​សហការ​រៀបចំ​វេទិកា​កសិកម្ម​នៅ​ភ្នំពេញ​សប្តាហ៍​ក្រោយ​

ភ្នំពេញ​:
នៅ​សប្តាហ៍​ក្រោយនេះ នៅ​រាជធានី​ភ្នំពេញ​កិច្ចប្រជុំ​រយៈពេល​ពេញ​មួយ​ថ្ងៃមួយ នឹងត្រូវ​រៀបចំឡើង​ដើម្បី​ពិភាក្សា​អំពី​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​ដើម្បី​គាំទ្រ​ដល់​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា ក្រោយ​មន្ត្រី អង្គការ GrowAsia​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម​វេ​ង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ កាលពី​ថ្ងៃ​ពុធ​នេះ ។​

GrowAsia​គឺជា​អង្គ​ការដែល​គាំទ្រ​ដោយ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ដែល​ធ្វើការ​ជាមួយ​ភាគី​ជាច្រើន​នៅក្នុង​វិស័យ​កសិកម្ម ដូចជា រដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​កសិករ​ដើម្បី​ធានាថា​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ធ្វើការ​រួមគ្នា​ប្រកបដោយ​ប្រសិទ្ធភាព​និង​ផលិតភាព ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម ។​

GrowAsia​បានប្រកាស​កាលពី​ឆ្នាំមុន​ថា ខ្លួន​នឹង​បង្កើត​លេខាធិការដ្ឋាន​មួយ​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ចាប់ផ្តើម​សកម្មភាព​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ក្រោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជា បាន​អញ្ជើញ​ឲ្យ​ស្ថាប័ន​មួយ​នេះ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា នៅក្នុង​ឱកាស​វេទិកា​សេដ្ឋកិច្ចពិភពលោក ទីក្រុង​ដា​វ៉ូស កាលពី​ខែមករា​ឆ្នាំមុន ។​
GrowAsia​បាន​បង្កើត​ភាពជា​ដៃគូ​រួចហើយ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា​វៀតណាម​និង​ហ្វីលីពីន​។​

​កិច្ចប្រជុំ​នា​សប្តាហ៍​ក្រោយ​នៅ​ថ្ងៃទី​១០ ឧសភា​នេះ ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្តោតលើ​ការ​ជ្រើស​មុខ​ដំណាំ​ជាក់លាក់​ដែល GrowAsia​នឹង​គាំទ្រ​នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ចាប់ផ្តើម​ការងារ​កសាង​ទំនាក់ទំនង​រវាង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​នៅក្នុង​វិស័យ​កសិកម្ម​។​
​លោក Jenny Costelloe នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​GrowAsia បាន​និយាយថា​៖ “​យើង​មាន​សេចក្តី​រីករាយ​ណាស់​ចំពោះ​ភាពជា​ដៃគូ​ល្អប្រសើរ​របស់​យើង​ជាមួយ​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​ទី​ប្រាំ​នៅ​អាស៊ី​ដែល​យើង​សហការ​ជាមួយ ហើយ​យើង​រីករាយ​ចំពោះ​ជំនួប​ប្រជុំ​នៅ​សប្តាហ៍​ក្រោយនេះ ដែលជា​កន្លែង យើង​អាច​ចាប់ផ្តើម​ការងារ​ពិតប្រាកដ ដើម្បី​កសាង​ទំនាក់ទំនង​ល្អ​រវាង​ភាគី​ពាក់ព័ន្ធ​នានា ដែល​នឹង​លើកកម្ពស់​ផលិតភាព​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ។​”

​លោក Bretton Sciaroni ប្រធានសភា​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​កម្ពុជា (IBC) បាន​និយាយថា​៖ “​កិច្ចប្រជុំ​ជាមួយ​អង្គការ​GrowAsia​នា​សប្តាហ៍​ក្រោយនេះ ជា​សញ្ញា​មួយទៀត​នៃ​ការកើនឡើង​នូវ​ការចូលរួមចំណែក​រប​ស់​កម្ពុជា​ក្នុង​វេទិកា​តំបន់​និង​សកល​សំខាន់ៗ តួយ៉ាង​ដូចជា​កិច្ចប្រជុំ​កំពូល​វេទិកា​សេដ្ឋកិច្ចពិភពលោក​ដែល​នឹង​រៀបចំ​នៅ​កម្ពុជា​នៅ​ឆ្នាំក្រោយ ។​”

​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា (IBC) បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល និង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយនេះ​ដើម្បី​ជួយ​លើកកម្ពស់​សក្តានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅក្នុង​តំបន់​៕