អ្នកអង្គ​ម្ចាស់​ស៊ី​សុវត្ថិ​ ចក្រី​នុ​ពល ធ្វើ​មេបក្ស ជំនួស​លោក​ជា​ ចំរើន​

រាជធានីភ្នំពេញ ៖ គណបក្ស​​កម្ពុជា​សេរី​ភាព​ប្រកាស​មេ​ដឹកនាំ​ថ្មី បន្ទាប់​ពី​លោក​ជា ចំរើន បានប្រកាស​លា​លែង​ជា​បណ្តោះ​អាសន្ន សែ​រាជ​វង្ស​ អ្នក​អង្គ​ម្ចាស់​ស៊ីសុវត្ថិ ចក្រីនុពល ត្រូវ​បាន​គណបក្ស​កម្ពុជាសេរីភាព តែង​តាំង​ជា​ប្រធាន​គណបក្ស​​បណ្តោះ​អាសន្ន ជំនួស​​លោកជា ចំរើន ដែល​ជា​ស្ថាបនិក​គណបក្ស​មួយនេះ បានប្រកាស​​លា​លែង​ពី​​មុខ​តំណែង​​ប្រធាន​គណបក្ស​ជា​បណ្តោះ​អាសន្ន​រួច​មក។

​ក្នុងពិធី​ប្រកាស​ចូល​កាន់​មុ​ខ​តំណែង​​ជា​ប្រធាន​គណបក្ស​កម្ពុជា​សេរីភាពជា​ផ្លូវការ​ កាលពីព្រឹកថ្ងៃទី០៥ ឧសភា នេះ ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់អ្នក​សារព័ត៌មានជុំវិញ​ការ​លា​លែង​ពី​មុខ​តំណែង​ជាបណ្តោះ​អាសន្ន​របស់លោកជា ចំរើន អ្នក​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ ចក្រី​នុ​ពល បានបញ្ជាក់ថា គ្មាននរណា​ម្នាក់​នៅ​ក្នុង​គណបក្ស​នេះ​អាច​ឆ្លើយ​ជំនួស​លោកជា ចំរើន បាន​ឡើយ ។ យើង​គ្រាន់តែ​ដឹង​ថា លោក​លា​លែង​ជា​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ ហើយ​ថា​ទ្រង់​នឹង​ប្រគល់​មុខ​តំណែង​ជា​ប្រធានគណបក្ស​ជូន​លោក​ជា​ ចំរើន វិញ​នៅ​ពេល​ណា​​លោក​វិល​ត្រឡប់​វិញ ។

ប្រធាន​ថ្មី​គណបក្ស​កម្ពុជា​សេរីភាព​មាន​សុទិដ្ឋិ​និយម​ថា នឹង​ទទួល​បាន​អាសនៈ​ខ្លះនៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ឆ្នាំ ២០១៧ និងការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ២០១៨ខាង​មុខ​ ក្រោម​សំអាងថា គណបក្ស​មួយនេះ បាន​កសាង​​សមាចិក​របស់​ខ្លួន​នៅ​តាម​បណ្តា​រាជ​ធានី​-ខេត្ត​ ក្នុងទូទាំងប្រទេស​រួច​រាល់​អស់ហើយ ។