កម្ពុជា​ បាន​ចាប់ដៃ​គូរ​ជាមួយ​ជប៉ុន ក្នុង​កិច្ចការ​ការពារ​នូវ​កម្មសិទ្ធិ​បញ្ញា​

កម្ពុជា​ បាន​ចាប់ដៃ​គូរ​ជាមួយ​ជប៉ុន ក្នុង​កិច្ចការ​ការពារ​នូវ​កម្មសិទ្ធិ​បញ្ញា​



ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​ថា ការ​ចាប់​ដៃគូ​រវាង​កម្ពុជា​-​ជប៉ុន ជា​ទិសដៅ​ដ៏​សំខាន់​ក្នុង​ការ​ផ្តល់​ប្រកាស​នីយប័ត្រកក្តកម្ម និង​ការចុះបញ្ជី​គំនូរ​លើ​វិស័យ ឧស្សា​ហ​កម្ម ដើម្បី​ពន្លឿន​លំហូរ​ចូល​ផ្នែក​ពាណិជ្ជកម្ម​ឧស្សាហកម្ម​ និង​ភាព​ជឿ​ទុកចិត្ត​ពី​ក្រុម​អ្នក​វិនិយោគ នៅ​លើ​កិច្ចការពារ​កម្មសិទ្ធិបញ្ញា​តែម្ដង។

លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​លើក​ឡើង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា លើ​ប្រកាស​រួម​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ សម្រួល​ដល់​ការ​ផ្តល់​ប្រកាស​នីយប័ត្រ​កក្ត​កម្ម​រវាង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​អង្គភាព​ប្រកាស​នី​យ​ប័ត្រ​កក្ត​កម្ម​ជប៉ុន នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែង​ថា ​នេះ​ជា​លើក​ទី​២​ហើយ ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​ប្រកាស រួម​ចំពោះ​កិច្ចការពារ​កម្មសិទ្ធិ​បញ្ញា​ក្នុង​វិស័យ​ឧស្សាហកម្ម ដើម្បី​ជំរុញ​ភាព​ជឿជាក់​បាន និង​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ដល់ដៃ​គូរ​វិនិយោគ​ដែល​បាន​មក​បណ្ដាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​តែម្ដង។​

លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែង​បន្ត​ទៀត​ថា កម្ពុជា​ចាប់ដៃ​គូរ​រវាង​ប្រទេស​សិង្ហបុរី និង​ប្រទេស​ជប៉ុន​នេះ គឺជា​ការ​ចាប់​ដៃគូ​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក ក្នុង​នោះ​កម្ពុជា​ នឹង​ទទួល​បាន​ជំនាញ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​ពី​ប្រទេស​ដែល​មាន​វិស័យ​ឧស្សាហកម្ម​ជឿនលឿន ដែល​កំពុង​មាន​ការ​ទទួល​លើ​ពិភពលោក ជាពិសេស​កម្ពុជា​ នឹង​ទាក់ទាញ​ក្រុម​អ្នក​វិនិយោគ​ពី​ប្រទេស​ជប៉ុន ឲ្យ​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ឡើង។

លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​លើក​ឡើង​បន្ត​ទៀត​ថា ការ​ចាប់​ដៃគូ​ក្នុង​កិច្ចការពារ កម្មសិទ្ធិ​បញ្ញា​នេះ ក៏​មាន​យ៉ាង​សំខាន់ ក្នុង​ការ​អនុវត្តន៍​ពី​នីតិ​វិធី និង​បែបបទ​ការ​ទទួល​ពាក្យសុំ​ពិនិត្យ ការ​ទទួល​ស្គាល់​ផ្តល់​ប្រកាស​នី​យ​ប័ត្រ​កក្ត​កម្ម និង​ការចុះបញ្ជី​គំនូរ​ឧស្សាហកម្ម​ទៅវិញទៅមក។ ក្នុង​នោះ​ ឯកឧត្ដម​សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹង​អាច​អនុវត្ត​ដោយ​ខ្លួនឯង​ទៅ​បាន នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ខាងមុខនេះ។

ទន្ទឹម​នឹង​នេះ​ដែរ​ លោក Hitishi Ito ស្នងការ​ការិយាល័យ​ប្រកាស​នី​យ​ប័ត្រ​កក្ត​កម្ម បាន​លើក​ឡើង​ផង​ដែរ​ថា ​ស្រប​ពេល​ដែល​កម្ពុជា​-​ជប៉ុន បាន​ចុះហត្ថលេខា​លើ​ប្រកាស​រួម ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​សម្រួល​ដល់​ការ​ផ្តល់​ប្រកាស​នី​យ​ប័ត្រ​កក្ត​កម្ម​នេះ ចាត់ទុកជា​ឯកសារ​ដែល​មាន​សារៈសំខាន់ ដើម្បី​ឲ្យ​មាន ភាពជឿជាក់​ដល់​ក្រុម​អ្នកវិនិយោគ ក្នុងនោះ​មាន​ក្រុម​វិនិយោគទុន​ជប៉ុន​ជា​​ច្រើន កំពុង​សម្លឹង​មើល​លើ​ការ​វិនិយោគ​មក​លើ​ប្រទេស​កម្ពុជា ជាពិសេស​លើ​វិស័យ​ឧស្សាហកម្ម និង​សហគ្រាស​តែម្ដង៕