ការតែងតាំង​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី​នៃ​ខេត្តពោធិ៍សាត់ ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​

ប្រភពពី​មន្ត្រីរាជការ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា លោក ប៉ាន់ មរកត ដែលជា​ប្រធានស្ដីទី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ នាពេល​កន្លងមក​នោះ ត្រូវ​បានទទួល​តំណែង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ពេញសិទ្ធិ​តាម​ប្រកា​សលេខ​១៩៥ ប្រ​.​ក ប​.​ស្ថ ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ របស់​ក្រសួងបរិស្ថាន​។ ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់លោក ប៉ាន់ មរកត ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់ ក្រោម​អធិបតីភាព​លោក ផៃ ប៊ុន​ឈឿន អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ជា​តំណាង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។

តាម​ប្រភពពី​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បាន​បង្ហើប​ឲ្យ​ដឹងថា ដើម្បី​ទទួល​តំណែង​នេះ​គឺមាន​ការសង្ស័យ​ជាច្រើន​អំពី​ការចំណាយ​ទុន​របស់លោក ប៉ាន់ មរកត បើ​មិន​ដូច្នេះ​ទេ​តំណែង​នេះ​នឹងត្រូវ​បាន​ទៅ​អ្នកផ្សេង​ជាមិនខាន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងពេល​កាន់តំណែង​ជា​ប្រធានស្ដីទី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ លោក ប៉ាន់ មរកត បាន​បណ្ដោយ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​ស្រុក​ភ្នំក្រវាញ​។ តាមរយៈ​បទល្មើស​ព្រៃឈើ​នោះ​ហើយ​ដែល​លោក ប៉ាន់ មរកត អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សម្រាប់​ជ្រែ​យក​តំណែង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ តាម​មហិច្ឆតា​របស់ខ្លួន​។ មានការ​វាយតម្លៃថា ក្រោយពេល​លោក ប៉ាន់ មរកត កាន់តំណែង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ពេញសិទ្ធិ​រួចមក គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្ត​នេះ អាច​រាលដាល​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅពេលដែល​លោក ប៉ាន់ មរកត មាន​តំណែង​ជា​ប្រធានស្ដីទី​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ គឺ​បានដាក់​កម្លាំង​របស់ខ្លួន​គ្រប់​ច្រកល្ហក់​ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​កន្លងមក​បទល្មើស​កាប់​ឈើ​និង​អារច្រៀក​ឈើ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​តំបន់​ភ្នំក្រវាញ កើតឡើង​យ៉ាង​ពេញបន្ទុក​ធ្វើ​ឲ្យ​ព្រៃឈើ​ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ប្រការនេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​លក្ខណៈសម្បត្តិ​របស់លោក ប៉ាន់ មរកត ដែល​ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ នោះ​ផងដែរ ព្រោះ​លោក ប៉ាន់ មរកត ត្រូវបាន​គេ​ដឹងថា ជា​មេខ្លោង​បំផ្លាញ​ព្រៃឈើ​ដ៏​ធំ​ក្នុង​ខេត្តពោធិ៍សាត់​៕

13173572_1703777429888948_4909684263398205622_o 13161890_1703777519888939_4720490479063883443_o 13123219_1703777479888943_406408349876615087_o