យាយ​ម៉ាប់ ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ដ៏​ធំ​ក្នុង​ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា សិប្បកម្ម​កែច្នៃ​ឈើ​ដ៏​ធំ​របស់​អ្នកស្រី ទូ ហៀ​ង ហៅ​យាយ​ម៉ាប់ នៅតែ​បន្តដំណើរ​ការ​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​បង្ក្រាប​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នកស្រី ទូ ហៀ​ង ហៅ​យាយ​ម៉ាប់ ដែលមាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុម​មេ​ម៉​ង​ផង​នោះ នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ដែន​ជម្រក​សត្វ​ភ្នំ​ព្រេច និង​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ចូលទៅក្នុង​រោង​សិប្បកម្ម​របស់ខ្លួន​យ៉ាង​រលូន​គ្មាន​ការរំខាន​ពី​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាល់តែសោះ​។ សូម្បីតែ​ក្នុងដំណាក់កាល​ដែល​រដ្ឋា​ភិ​បាល​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ ក៏​យាយ​ម៉ាប់ អាច​បន្តសកម្មភាព​យ៉ាង​រលូន​ដែរ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​មួយចំនួន​បាន​ឲ្យ​ដឹងថា ប្រហែល​មកពី​យាយ​ម៉ាប់ មាន​ខ្នងបង្អែក​រឹងមាំ​ទើប​អាច​បន្ត​ដំណើរការ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ដោយ​គ្មាន​បញ្ហា ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តូចតាច​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​។ មានការ​សង្ស័យថា​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ទទួលផល​ប្រយោជន៍​ពី​យាយ​ម៉ាប់ ជាប្រចាំ​ទើប​មិន​ចាត់វិធានការ​ប​ង្ក្រា​បរោ​ង​សិប្បកម្ម​កែច្នៃ​ឈើ​របស់​យាយ​ម៉ាប់ ដែល​កំពុង​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​យកទៅ​កែច្នៃ​យ៉ាង​ពេញបន្ទុក​។ ដោយសារតែ​តម្រូវការ​ឈើ​សម្រាប់​រោង​សិប្បកម្ម​របស់​យាយ​ម៉ាប់ នោះ​ហើយ​ទើប​បទល្មើស​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​យាយ​ម៉ាប់ កំពុង​កាក់កប​យ៉ាងខ្លាំង​ជាមួយ​សិប្បកម្ម​កែច្នៃ​ឈើ​ក្នុង​ឃុំ​មេ​ម៉​ង ក៏ដូចជា​សកម្មភាព​ដឹកឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទទួលបាន​សំណែន​ជាប្រចាំ​ពី​យាយ​ម៉ាប់ ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ឃុំ​មេ​ម៉​ង ទើប​មិន​ព្រម​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​ស្របទៅតាម​វិធានការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន​។ ទន្ទឹមនឹងនេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ពិនិត្យមើល​រោង​សិប្បកម្ម​កែច្នៃ​ឈើ​របស់​យាយ​ម៉ាប់ ជាបន្ទាន់​ព្រោះ​មាន​សេចក្ដីរាយការណ៍​ថា ម្ចាស់​សិប្បកម្ម​នេះ​ប្រមូល​ទិញ​ឈើ​ដែល​ជនល្មើស​លួច​កាប់​ក្នុងព្រៃ​ការពារ ព្រៃ​ដែន​ជម្រក​សត្វ និង​តំបន់​អភិរក្ស ក្នុង​ខេត្តមណ្ឌលគិរី​៕

13140576_1020708134689443_96953042_n d-TOu-heang-500x281 d-mab1-500x281