គួរ​ចាត់វិធានការ​លើ​មន្ត្រី​ដែលជា​ប់​ពាក់ព័ន្ធ​ករណី​គ្រឿងចក្រ​លួច​កាយ​ដី​ក្នុង​តំបន់ហាមឃាត់​នៅ​ស្រុក​ឯក​ភ្នំ​

នៅក្នុង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បទល្មើស​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក និង​ករណី​ប្រើ​គ្រឿងចក្រ​កាយ​ដី​ក្នុង​តំបន់ហាមឃាត់​បានកើត​ឡើងជា​បន្តបន្ទាប់ ហើយ​កន្លងមក​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ​។ ទើបតែ​កាលពី​រសៀល​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​និង​ចាប់យក​គ្រឿងចក្រ​១​គ្រឿង​ដែល​លួច​ធ្វើ​សកម្មភាព​កាយ​ដី​ខុសច្បាប់​ក្នុង​តំបន់ហាមឃាត់ ចំណុច​ភូមិ​បាក់រទេះ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ​។

ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​បទល្មើស​បាន​ឲ្យ​ដឹងថា មាន​ក្រុម​ជនល្មើស​ប្រើ​គ្រឿងចក្រ​១​គ្រឿង​លួច​ធ្វើ​សកម្មភាព​កាយ​ដី​ខុសច្បាប់​ក្នុង​តំបន់ហាមឃាត់​(​តំបន់​អភិរក្ស​ពូជ​ត្រី និង​ព្រៃ​លិច​ទឹក​នៃ​សហគមន៍​នេសាទ​បាក់រទេះ​)​។ ក្រោយពេល​ទទួលបាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ទើប​នគរបាល​ស្រុក​ឯក​ភ្នំ ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ឃាត់​គ្រឿងចក្រ​និង​ម្ចាស់​គ្រឿងចក្រ​បាន​ភ្លាមៗ​តែម្តង​។ ម្ចាស់​គ្រឿងចក្រ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ផល ចំរើន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ស្ដី​លើ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​ជំរុញ​ឲ្យ​សមត្ថកិច្ច​វែកមុខ​មន្ត្រី​ដែលជា​ប់​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​តាមច្បាប់​ផងដែរ ព្រោះ​ប្រជាពលរដ្ឋ​សាមញ្ញ​ដូចជា​ម្ចាស់​គ្រឿងចក្រ​ឈ្មោះ ផល ចំរើន នោះ​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ បើ​គ្មាន​មន្ត្រី​ពាក់ព័ន្ធ​នៅ​ពីក្រោយ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា សកម្មភាព​បំផ្លាញ​ព្រៃ​លិច​ទឹក និង​សកម្មភាព​កាយ​ដី​នៅក្នុង​តំបន់ហាមឃាត់ បានកើត​ឡើងជា​បន្តបន្ទាប់​ហើយ​ការបង្ក្រាប​របស់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ពុំមាន​ប្រសិទ្ធភាព​នោះទេ​។ កន្លងមក​អ្នក​ដែល​ហ៊ាន​ធ្វើ​សកម្មភាព​កាប់​ព្រៃ​លិច​ទឹក ឈូសឆាយ​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ គឺជា​អ្នកមាន​លុយ អ្នកមានអំណាច ហើយ​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​ពីក្រោយ​ខ្នង​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ហេតុនេះហើយ​ទើប​ប្រជា​សហគមន៍​នេសាទ​បាក់រទេះ ឃុំ​ព្រែក​ហ្លួង ជំរុញ​ឲ្យ​សមត្ថកិច្ច​វែកមុខ​មន្ត្រី​ពាក់ព័ន្ធ​យកទៅ​ចាត់វិធានការ​តាមច្បាប់​ទើប​អាច​ទប់ស្កាត់​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​៕

e c d