ឈ្មួញ​រកស៊ី​ឈើ​ក្នុង​ខេត្តពោធិ៍សាត់ មាន​ខ្នងបង្អែក​រឹងមាំ​ទើប​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល សកម្មជន​ព្រៃឈើ និង​ប្រជាពលរដ្ឋ ក្នុង​ខេត្តពោធិ៍សាត់ បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្ត​នេះ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ម៉ៅ ធនិន ជា​អភិបាលខេត្ត​ពោធិ៍សាត់ ទើប​អាច​បន្តសកម្មភាព​យ៉ាង​រលូន​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦ មាន​គោយន្ត​កន្ត្រៃ​និង​រថយន្ត​កែច្នៃ​ដឹកឈើ​ប្រណីត បានធ្វើ​សកម្មភាព​ដឹកឈើ​ចេញពី​ព្រៃ​តំបន់​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់ ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​បង្ក្រាប​ឡើយ​។ ឈ្មួញ​ដែលជា​ម្ចាស់​គោយន្ត​កន្ត្រៃ​និង​រថយន្ត​កែច្នៃ​ដឹកឈើ​ខុសច្បាប់​នោះ ត្រូវបាន​គេ​ដឹងថា ជា​មន្ត្រី​យោធា​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក​អភិបាលខេត្ត​ពោធិ៍សាត់ ទើប​សមត្ថកិច្ច​តូចតាច​មិន​ហ៊ាន​ប៉ះពាល់​។

ប្រភពពី​មន្ត្រី​សាលាខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ឈ្មួញ​រកស៊ី​ឈើ​មានឈ្មោះ កួយ ម៉េង​គង់ ហៅ​ម៉េង ជា​មន្ត្រី​យោធា​ផ្នែក​ដឺ​បេ ប្រចាំ​ស្រុក​ភ្នំក្រវាញ ហើយ​ជា​អ្នកប្រមូល​ទិញ​ឈើ​ផ្ដាច់មុខ​នៅ​ស្រុក​ភ្នំក្រវាញ រួច​ដឹកជញ្ជូន​យកទៅលក់​បន្ត​ឲ្យ​ឈ្មួញ​ធំ​ម្នាក់ទៀត​នៅក្នុង​ខេត្តពោធិ៍សាត់ ដែលជា​មនុស្ស​ស្និទ្ធ​ជាមួយ​លោក ម៉ៅ ធនិន​។ មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈើ​ក្នុង​ខេត្តពោធិ៍សាត់ ដែលជា​មន្ត្រី​ប្រដាប់អាវុធ​និង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ការពារ​នោះ គឺ​ឈ្មោះ យុទ្ធ និង​ឈ្មោះ ទូច ដែល​ពួកគេ​មាន​បក្ខពួក​ជាច្រើន​នាក់​ទៀត​នៅក្នុង​ស្រុក​ភ្នំក្រវាញ​។ ហេតុនេះហើយ​ទើប​គេ​អាច​កាប់​ឈើ ប្រមូល​ទិញ​ឈើ នៅ​ស្រុក​ភ្នំក្រវាញ រួច​ដឹកជញ្ជូន​ចូល​ក្រុង​ពោធិ៍សាត់ យ៉ាង​រំភើយ​តែម្តង​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ម៉ៅ ធនិន បាន​ឲ្យ​ដឹងថា អ្នក​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​មានឈ្មោះ សំបូរ ដែលជា​ជំនួយការ​របស់លោក ម៉ៅ ធនិន តែម្តង​។ ឈ្មោះ សំបូរ មានការ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដោយ​ធ្វើជា​អ្នកសម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​ឲ្យ​សកម្មភាព​ដឹកឈើ​ខុសច្បាប់​ប្រព្រឹត្ត​ទៅដោយ​គ្មាន​ឧបសគ្គ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ ជាបន្ទាន់​ព្រោះ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ​មិន​ហ៊ាន​បង្ក្រាប​ទេ ដោយសារ​ឈ្មួញ​ឈើ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ និង​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​៕

1191sលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់  13164179_1703777583222266_9098082587284524398_n 13177449_1703777596555598_3875885215570635135_n 13139101_1703777533222271_3589862728109938540_n