ការផ្តើម​ចរចា​ជាថ្មី​រវាង​គណបក្សនយោបាយ​ធំ​ទាំងពីរ គឺ​អាស្រ័យ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​សប្តាហ៍​នេះ​ថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ឆន្ទៈ​បន្ត​វប្បធម៌​សន្ទនា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហានយោបាយ​ដែល​កំពុង​កើតឡើង​ដោយសារតែ​មើលឃើញថា​ស្ថានការណ៍​នយោបាយ​បែបនេះ​មិនបាន​ផ្តល់​ផលប្រយោជន៍​អ្វី​ដល់​ជាតិ​ឡើយ​។​

​លោក យឹម សុវណ្ណ បាន​ពន្យល់ថា គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់បាន​ជជែក​ឈានដល់​បេក្ខភាព​ថ្មី​នៃ​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​នោះ​។ ប៉ុន្តែ​ជា​សេចក្តីសម្រេច​រួម​វប្បធម៌​សន្ទនា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជ្រើស​រើសយក​។ គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់បាន​យក​បញ្ហា​បេក្ខភាព​អនុប្រធាន​ទី​រដ្ឋសភា​មក​ពិភាក្សា​នៅឡើយ​ទេ​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា ដូចដែល ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ផ្តល់ព័ត៌មាន​ដល់​យើង​គឺថា​លោក​ប្រធានស្តីទី​បាន​ព្យាយាម​ទាក់ទង​ចរចា ប៉ុន្តែ​មិនដឹងថា​តើ​គណបក្ស​ប្រជាជន​កម្ពុជា​យល់​យ៉ាងម៉េច​នោះទេ​។ គណបក្ស​ប្រជាជន​ចង់​ចរចា ឬ​អត់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ប្រាកដ​ទេ​។​

ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច​ច អ៊ី​ហ្គា  ថ្មីៗ​នេះ​ក៏បាន​ថ្លែង​ដែរ​ថា​សហភាព​អឺរ៉ុប​រំពឹងថា​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​នឹងមាន​ភាពប្រសើរ​ឡើងវិញ ដើម្បី​ធ្វើការ​ពិភាក្សា​ដោះស្រាយ​បញ្ហានយោបាយ សេដ្ឋកិច្ច និង​សង្គម​ជាដើម​ឲ្យ​ប្រសើរឡើង​។ លោក ច​ច អ៊ី​ហ្គា បាន​សង្កត់ធ្ងន់ថា​សហ​ភាព​អឺរ៉ុប​ចង់ឃើញ គណបក្សជំទាស់​នៅ​ប្រទេស​កម្ពុជា​អាចបំពេញ​ការងារ​រប​ស់​ខ្លួន​ឲ្យ​បាន​ពេញលេញ ព្រោះ​គណបក្សជំទាស់​មាន​តួនាទី​សំខាន់​ណាស់​នៅក្នុង​ការរិះគន់​រដ្ឋាភិបាល​ក្នុងន័យ​ស្ថាបនា ហើយ​តួនាទី​នេះ គឺ​មាននៅ​គ្រប់​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ និង​មាន​នីតិរដ្ឋ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បញ្ជាក់ថា ទោះជា​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ធ្លាក់​ដល់​កម្រិត​ណាក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រកាន់យក​វប្បធម៌​សន្ទនា​ជា​អាទិភាព​ដដែល​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា គេ​មិនគួរ​បោះបង់ចោល​វប្បធម៌​សន្ទនា​ដោយសារតែ​បញ្ហា​បន្តិចបន្តួច​នោះទេ ព្រោះ​មានតែ​វប្បធម៌​សន្ទនា​ប៉ុណ្ណោះ​ដែល​អាច​ដោះស្រាយបាន​គ្រប់​បញ្ហា​ដោយ​សន្តិវិធី និង​បញ្ចៀស​អំពើហិង្សា​៕

yimsovan610