សង្គ្រោះជាតិ​ស្វែងរក​ការ​ចរចា​ជាមួយ​បក្ស​ប្រជាជន

ភ្នំពេញៈ ប្រធានស្តីទីគណបក្សប្រឆាំងលោក កឹម សុខា កំពុងស្វែងរកការចរចាជាមួយមេដឹកនាំគណបក្សកាន់អំណាចដើម្បីដោះស្រាយស្ថានការណ៍នយោបាយដែលកំពុងឡើងកម្តៅខណៈអ្នកកាសែតល្បីឈ្មោះម្នាក់ដែលមានភាពជិតស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញនូវគោលគំនិតឲ្យគណកប្សប្រឆាំងដាក់បេក្ខភាពអនុប្រធានទីមួយរដ្ឋសភាហើយបានជំរុញឲ្យគណបក្សប្រឆាំងវិលត្រឡប់ទៅរកវប្បធម៌សន្ទនា។

លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា មេដឹកនាំគណបក្សសង្គ្រោះជាតិមានឆន្ទៈបន្តវប្បធម៌សន្ទនាដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានយោបាយដែលកំពុងកើតឡើងដោយសារតែមើលឃើញថាស្ថានការណ៍នយោបាយបែបនេះមិនបានផ្តល់ផលប្រយោជន៍អ្វីដល់ជាតិឡើយ។

លោកបន្តថា៖ «ដូចដែលលោកប្រធានស្តីទី កឹម សុខា ផ្តល់ព័ត៌មានដល់យើងគឺថាលោកប្រធានស្តីទីបានព្យាយាមទាក់ទងចរចាប៉ុន្តែខ្ញុំមិនដឹងថាតើគណបក្សប្រជាជនយល់យ៉ាងម៉េចនោះទេ។ គណបក្សប្រជាជនចង់ចរចា ឬអត់យើងមិនប្រាកដទេ»។

សង្គ្រោះជាតិ​ស្វែងរក​ការ​ចរចា​ជាមួយ​បក្ស​ប្រជាជន

លោក កឹម សុខា ក្នុងកិច្ចប្រជុំក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ។ រូប ហ្វេសប៊ុក

លោក សយ សុភាព អគ្គនាយកនៃមជ្ឈមណ្ឌលដើមអម្ពិលបានផ្តល់នូវគោលគំនិតចំនួន ៣ ទៅមេដឹកនាំគណបក្សសង្គ្រោះជាតិពិចារណាក្នុងការស្វែងរកដំណោះស្រាយនយោបាយជាមួយគណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទីមួយគណបក្សសង្គ្រោះជាតិគួរពិចារណាតែងតាំងបេក្ខភាពអនុប្រធានទីមួយនៃរដ្ឋសភាទីពីរអនុប្រធានទីមួយនៃស្ថាប័ននេះត្រូវតែដើរតួនាទីជាតំណាងគណបក្សសំឡេងភាគតិចដើម្បីបន្តវប្បធម៌សន្ទនាជាមួយគណបក្សប្រជាជន និងទីបីក្រុមការងារវប្បធម៌សន្ទនាត្រូវតែជួបប្រជុំដើម្បីដោះស្រាយបញ្ហាដទៃៗដើម្បីជាតិ និងផ្តល់ការគាំទ្រចំពោះគោលនយោបាយជាតិរបស់រដ្ឋាភិបាល។

លោក យឹម សុវណ្ណ ថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថាយើងមិនទាន់បានជជែកឈានដល់បេក្ខភាពនេះទេ។ ប៉ុន្តែជាសេចក្តីសម្រេចរួមវប្បធម៌សន្ទនាយើងនឹងជ្រើសរើសយក។ យើងមិនទាន់បានយកបញ្ហាបេក្ខភាពអនុប្រធានទីមួយរដ្ឋសភាមកពិភាក្សានៅឡើយទេ»។

ប៉ុន្តែលោកបន្ថែមថាអនុសាសន៍ដទៃទៀតពាក់ព័ន្ធនឹងការដោះស្រាយបញ្ហានយោបាយគឺអាចទទួលយកបានហើយថាសាររបស់លោក សយ សុភាព ទើបតែត្រូវបានឃើញនាពេលថ្មីៗនេះហើយគណបក្សសង្គ្រោះជាតិមិនទាន់បានជជែកអំពីបញ្ហានេះនៅឡើយទេ។

លោក កឹម សុខា ត្រូវបានកោះហៅដោយសាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរនៅថ្ងៃទី ១១ ឧសភា ពាក់ព័ន្ធនឹងបណ្តឹងបរិហារកេរ្តិ៍ដែលប្តឹងដោយសកម្មជននយោបាយល្បីឈ្មោះ កញ្ញា ធី សុវណ្ណថា។

តំណាងរាស្រ្តពីររូបទៀតគឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ត្រូវបានកោះហៅសាកសួរនៅថ្ងៃទី ១៦ ឧសភាទាក់ទិននឹងករណីពេស្យាចារពាក់ព័ន្ធនៅក្នុងការចោទប្រកាន់របស់នាង ស្រីមុំ ដែលត្រូវបានគេផ្សព្វផ្សាយថាជាស្រីកំណាន់របស់លោក កឹម សុខា។

លោក សយ សុភាព ថ្លែងថា៖ «នេះជាទស្សនៈផ្ទាល់របស់ខ្ញុំ។ វាត្រឹមត្រូវដែលគាត់ចង់មានវប្បធម៌សន្ទនាឡើងវិញវាល្អ។ ប៉ុន្តែការចង់មានវប្បធម៌សន្ទនាឡើងវិញឧទាហរណ៍គណបក្សសង្គ្រោះជាតិតែងតាំងនរណាម្នាក់ដែលគណបក្សប្រជាជនមិនចង់ជជែកជាមួយវាគឺពិបាកណាស់»។

លោក សុភាព បានថ្លែងបន្តថាគ្មានអ្វីខុសពីផ្លូវទាំងអស់នេះទេសម្រាប់គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិដើម្បីដោះស្រាយបញ្ហាហើយវាមិនចាំបាច់ឲ្យមានដំណោះស្រាយពីអន្តរជាតិដើម្បីជួយដោះស្រាយបញ្ហាទាំងនេះទេ។

ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន ថ្លែងថាលោកមិនទាន់បានឮសំណើណាមួយរបស់គណបក្សសង្គ្រោះជាតិស្នើសុំចរចានៅឡើយទេប៉ុន្តែគណបក្សប្រជាជននៅតែបើកទ្វារចំហសម្រាប់ការចរចា។

លោកបន្តថា៖ «គាត់ធ្វើដូចថាគាត់ចង់ដោះស្រាយបញ្ហាជាតិខ្លាំងណាស់។ តាមពិតគាត់មិនដោះស្រាយបញ្ហាជាតិ ត់ចង់ដោះស្រាយបញ្ហាអ្នកជាប់ឃុំចង់ដោះលែងអ្នកជាប់ឃុំ»។ «យើងមិនបានបិទទ្វារសម្រាប់វប្បធម៌សន្ទនាទេ។ ប៉ុន្តែក្នុងការជួបពិភាក្សាក្រោមវប្បធម៌សន្ទនាត្រូវតែមានអត្ថន័យច្បាស់លាស់នៅក្នុងក្របខ័ណ្ឌវប្បធម៌សន្ទនានេះអាចដោះស្រាយបាន»។

ទោះបីយ៉ាងណាក្តីក្រុមអ្នកវិភាគបានចាត់ទុកចំណាត់ការផ្លូវច្បាប់ទៅលើគណបក្សសង្គ្រោះជាតិថាជាហេតុផលនយោបាយដែលគណបក្សប្រជាជនដាក់សម្ពាធទៅលើគណបក្សសង្គ្រោះជាតិដើម្បីបំបែកគណបក្សនេះឲ្យចុះខ្សោយ។

ពាក់ព័ន្ធនឹងបេក្ខភាពអនុប្រធានទីមួយរដ្ឋសភាពីគណបក្សសង្គ្រោះជាតិលោក សុខ ឥសាន បានថ្លែងថាគណបក្សប្រជាជននឹងស្វាគមន៍ហើយបោះឆ្នោតគាំទ្របេក្ខភាពថ្មីឲ្យតែគណបក្សសង្គ្រោះជាតិតែងតាំងបេក្ខភាពថ្មីជំនួសលោក កឹម សុខា៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍