សេដ្ឋកិច្ច​សកល​ធ្លាក់​ចុះ ខណៈ​មានការ​ព្រួយបារម្ភ​ពី​កំណើនសេដ្ឋកិច្ច​ចិន​យឺត

ប្រទេស​សិង្ហ​បុរី ៖ សេដ្ឋកិច្ច​សកល​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​បាន​ធ្លាក់​ចុះ ខណៈ​មានការ​ព្រួយបារម្ភ​ទៅ​លើ​កំណើន​នៃ​សេដ្ឋកិច្ច​ចិន​យឺត និង​កង្វះខាត​នូវ​តម្រូវការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​បាន​ជះ​ឥទ្ធិពល​ដល់​កំណើនសេដ្ឋកិច្ច​សកល​នៅ​ក្នុង​ត្រីមាស​ទី​១ ។

ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា ៖ « ទស្សនវិស័យ​នៃ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០១៦​នេះ នៅ​តែ​មានដំណើរ​ការ​យ៉ាង​ត្រដាបត្រដួស ជា​ពិសេស គឺ​អ្នក​នាំ​ចេញ​ដែល​ពឹងផ្អែក​ទៅ​លើ​ពាណិជ្ជកម្ម​អាស៊ី ដូច​ជា​ប្រទេស​សិង្ហ​បុរី ជាដើម » ។

ជាក់ស្តែង មហាអំណាច​សេដ្ឋកិច្ច សហរដ្ឋអាមេរិក​មាន​កំណើនសេដ្ឋកិច្ច​ត្រឹមតែ​០,៥%​ប៉ុណ្ណោះ​នៅ​ត្រីមាស​ទី​១​នេះ ពោល​គឺជា​កំណើន​ដែល​យឺត​បំផុត​ក្នុង​រយៈពេល​២​ឆ្នាំ ដោយសារ​តែ​ការ​វិនិយោគ និង​ការ​នាំ​ចេញ​ធ្លាក់​ចុះ​ខ្សោយ ។

ចំណែក​កំណើនសេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​វិញ បាន​កើនឡើង​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត គឺ​ក្នុង​អត្រា​០,៦% នៅ​ក្នុង​ត្រីមាស​ទី​១​នេះ ដែល​បាន​រំពឹង​ទុក​ត្រឹមតែ​០,៤% ប៉ុណ្ណោះ ។ ជាមួយ​គ្នា​នេះ កំណើនសេដ្ឋកិច្ច​សហភាព​អឺរ៉ុប​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មាន​អត្រា​ប្រកបដោយ​ស្ថិរភាព​១,៦% ។

សេដ្ឋវិទូ លោក​Joseph Incalcaterra បាន​លើក​ឡើង​ថា ៖ « សរុប​មក ពួក​យើង​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​ទាំង​នៅ​ក្នុង​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​បន្តិច​នៅ​ក្នុងឆ្នាំនេះ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ » ។

សម្រាប់​កំណើនសេដ្ឋកិច្ច​របស់​កូរ៉េ​ខាងត្បូង នៅ​ក្នុង​ត្រីមាស​ទី​១​នេះ​វិញ បាន​ធ្លាក់​ចុះ​ពាក់កណ្តាល បើ​ធៀប​នឹង​ត្រីមាស​មុន ដោយសារ​តែ​ការ​នាំ​ចេញ និង​ការ​វិនិយោគ​ធ្លាក់​ចុះ។

ចំណែកឯ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​ថៃ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្ហាញ​ពី​តួលេខ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ពាក់​កណ្តាលខែ​នេះ ។

លោក Joseph Incalcaterra បានឱ្យ​ដឹង​ទៀត​ថា ៖ « សម្រាប់​ទស្សនវិស័យ​នៃ​កំណើនសេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី ត្រូវ​បាន​គេ​រំពឹង​ថា នឹង​រើប​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ដែល​តម្រូវ​ឲ្យ​មាន​កំណើន​លើ​ការ​ប្រើប្រាស់ និង​វិនិយោគ​ប្រកបដោយ​និរន្តរភាព​សម្រាប់​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​ទាំងមូល » ។

« ទន្ទឹម​នឹង​នេះ កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​សិង្ហ​បុរី​បាន​កើនឡើង​១,៨% នៅ​ក្នុង​ត្រីមាស​ដំបូង បើ​ធៀប​នឹង​ឆ្នាំ​មុន » ។ នេះ​បើ​តាម​ការ​ប៉ាន់ស្មាន​របស់​មន្ត្រីជាន់ខ្ពស់ ៕