កម្លាំង​ចម្រុះ​សង្គ្រោះ​សត្វ​សំពោច​បាន​៥​ក្បាល, ​មន្ត្រី​ប៉ូលិស​ម្នាក់​សង្ស័យ​ពាក់ព័ន្ធ​នឹង​រឿង​នេះ

កម្លាំង​ចម្រុះ​សង្គ្រោះ​សត្វ​សំពោច​បាន​៥​ក្បាល, ​មន្ត្រី​ប៉ូលិស​ម្នាក់​សង្ស័យ​ពាក់ព័ន្ធ​នឹង​រឿង​នេះ



ព្រះសីហនុ​ ​៖​ សត្វ​សំពោច​ក្រអូប​(​រស់​)​ចំនួន​៥​ក្បាល ​ត្រូវ​បាន​កម្លាំង​ចម្រុះ​ដឹកនាំ​ ដោយ​លោក​ហាក់ សា​រុំ ប្រធាន​ក្រុម​អន្តរាគមន៍​បង្ក្រាប​សត្វព្រៃ​ចល័ត ​សហការ​ជាមួយ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​អង្គការ​(​វ៉ា​យ ​ឡាយ ​អិន​) ធ្វើ​ការ​ស្ទាក់​ចាប់​នៅ​វេលា​ម៉ោង​១០​និង​៣៥​នាទី​ ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦ ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ​ត្រង់​ចំណុច​មុខ​ទីប្រជុំជន​ផ្សារ​វាលរេញ​ ស្ថិត​ក្នុង​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់​ ដោយ​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ ​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​ (​អ្នក បើកបរ​គេច​បាត់)។ នៅ​ក្នុង​ហេតុការណ៍​ស្ទាក់​ដេញ​ចាប់​នោះ ​ក៏បាន​បង្ក​​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល មនុស្សម្នា​ ទូទាំង​ផ្សារ​វាលរេញ​ផង​ដែរ។

យោង​តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​​​លើ​ផ្ទៃ​ប្រទេស​ បាន​បញ្ជាក់​ថា ដោយ​មាន​ការ​សហការ​​​ពី​ក្រុម​អន្តរាគមន៍ បង្ក្រាប​សត្វព្រៃ ចល័ត និង​អង្គការ (​វ៉ា​យ ឡាយ អិន​)​ សត្វព្រៃ​(​សំពោច​ក្រអូប​រស់​)​ចំនួន​៥​ក្បាល​ ត្រូវ​បាន​ជួយសង្គ្រោះ​ពី​ការ​ជួញដូរ​ពី​សំណាក់​ឈ្មួញ​ខុសច្បាប់ ដែល​មាន​បំណង​លប​លួច​នាំ​យក​ទៅកាន់​ប្រទេសជិតខាង ប៉ុន្តែ​ជនល្មើស​ពុំ​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ទេ ដោយសារ​រត់​គេច​ខ្លួន​ ក្រោយ​ពី​សមត្ថកិច្ច​ប្រដេញ​ជិត​ដល់។ បើ​ទោះបីជា ​ជន​សង្ស័យ​រត់​គេច​ខ្លួន​រួច យ៉ាង​ណា​ក្ដី សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ស្គាល់​មុខ​សញ្ញា​ហើយ ​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​តែ​ប៉ុណ្ណេះ។ បច្ចុប្បន្ន​សត្វ​សំពោច ​ដែល​បាន​ដកហូត​នឹង​យក​ទៅ​រក្សា​ទុក​នៅ​សួនសត្វ ភ្នំ​តា​ម៉ៅ​ ខេត្ត​តាកែវ។

ជុំវិញ​ការ​ជួញដូរ​សត្វ​ព្រៃ​នេះ​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ធ្វើ​ការ​បង្ក្រាប​នៅ​ចំ​កណ្ដាល​មុខ​ផ្សារ​វាលរេញ​នេះ​ បើ​យោង​តាម​ប្រភព​មិនទាន់​ផ្លូវការ បាន​ដាក់​ការ​សង្ស័យ​ថា សត្វ​សំពោច​ ដែល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​នេះ ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឆន ពិ​សិ​ទ្ធ ​ជា​មន្ត្រី​ប៉ូលិស​ឋានៈ​អនុសេនីយ៍ទោ ជា​ប្រធាន​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការ​នគរបាល​ស្រុក​ព្រៃនប់ ដោយសារ​កន្លង​មក បុគ្គល​រូប​នោះ​ជា​អ្នក​ជួញដូរ​សត្វព្រៃ​ដ៏​សកម្ម​ប្រចាំ​ស្រុក​ព្រៃនប់ ហើយ​ក្នុង​ពេល​កើតហេតុ​​ ត្រូវ​បាន​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ និយាយ​អះអាង​ថា អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ផ្ទាល់​នោះ​គឺ​ឈ្មោះ ឆន ពិ​សិទ្ធិ​តែ​ម្ដង ដោយ​ពួកគេ​ស្គាល់​ច្បាស់។

ឆ្លើយតប​ទៅ​នឹង​ការ​ចោទប្រកាន់​នេះ ​លោក​ឆន ពិ​សិ​ទ្ធ ​បាន​បដិសេធ​​ថា ​មិនមែន​ជា​រូបលោក​ទេ ហើយ​សត្វព្រៃ​ដែល​សមត្ថកិច្ច​ចម្រុះ​ធ្វើ​ស្ទាក់​ចាប់​បាន​នោះ​ ក៏​មិន​មែន​ជា​របស់​លោក​ទេ។ ​ទោះបីជា​យ៉ាង​នេះ​ក៏ដោយ ក៏​លោក​ពិសិទ្ធិ បាន​និយាយ​ថា​ ពីមុនរូប​គាត់ មានការ​ពាក់ព័ន្ធ​រកស៊ី​ជួញដូរ​សត្វ​ព្រែ​បន្តិចបន្តួច​ដែរ ប៉ុន្តែ​ក្រោយមក​លោក​បាន​ឈប់​ប្រកប​មុខរបរ​នេះ ពីព្រោះ​វា​ជា​ទង្វើ​ខុស​ច្បាប់​ និង​ប៉ះពាល់​ដល់​កិត្តិយស ដល់​អង្គភាព​ ដែល​ជា​ស្ថាប័ន​អនុវត្តន៍​ច្បាប់។

ដោយឡែក​ហ៊ីង ចាន់ រិ​ទ្ធ អធិការ​នគរបាល​ស្រុក​ព្រៃនប់ បាន​បញ្ជាក់​​​ថា ឈ្មោះ​ឆន ពិសិទ្ធ នេះ​ពិតជា​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ពិតមែន ប៉ុន្តែ​រឿង​ការ​ជួញដូរ​សត្វព្រៃ​នេះ​ វា​ពុំ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ​ឆន ពិ​សិ​ទ្ឋ និង​រូប​លោក​ទេ។ វា​ជា​រឿង​បងប្រុស​របស់​ឈ្មោះ​ឆន ពិ​សិទ្ធ​ ​​មិន​ពាក់ព័ន្ធ​នឹង​ឈ្មោះ​ឆន ពិ​សិទ្ធ ​ទេ លោក​សូម​ធានា​អះអាង៕

កម្លាំង​ចម្រុះ​សង្គ្រោះ​សត្វ​សំពោច​បាន​៥​ក្បាល, ​មន្ត្រី​ប៉ូលិស​ម្នាក់​សង្ស័យ​ពាក់ព័ន្ធ​នឹង​រឿង​នេះ

កម្លាំង​ចម្រុះ​សង្គ្រោះ​សត្វ​សំពោច​បាន​៥​ក្បាល, ​មន្ត្រី​ប៉ូលិស​ម្នាក់​សង្ស័យ​ពាក់ព័ន្ធ​នឹង​រឿង​នេះ