តុលាការ​ឃុំខ្លួន​យុវជន​ម្នាក់ ​ករណី​ក្រឡាប់​រថយន្ត​សង្កត់​កម្មការិនី​ម្នាក់​ស្លាប់​

តុលាការ​ឃុំខ្លួន​យុវជន​ម្នាក់ ​ករណី​ក្រឡាប់​រថយន្ត​សង្កត់​កម្មការិនី​ម្នាក់​ស្លាប់​



​កណ្ដាល​ ៖ មន្ត្រី​តុលាការ​ថ្លែង​ថា លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ក​ណ្តាល នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦ សម្រេច​ចេញ​ដីកាឃុំខ្លួន​យុវជន​ម្នាក់​ដាក់​ពន្ធនាគារ​បណ្ដោះ​អាសន្ន ករណី​ធ្វេសប្រហែស​ក្រឡាប់​រថយន្ត​សង្កត់​កម្មការិនី​ម្នាក់​ស្លាប់។​

​យុវជន​រូប​នេះ​ ឈ្មោះ នួន រដ្ឋ​ភា អាយុ​២៣​ឆ្នាំ ត្រូវ​បាន​ លោក ទេព មុនិន្ទ ព្រះរាជអាជ្ញា​រង​នៃ​អយ្យ​កា​រ​អម​សាលាដំបូង​ខេត្តកណ្តាល ចោទប្រកាន់​ពី​បទ​បើកបរ​ធ្វេសប្រហែស​បណ្ដាល​ឲ្យ​ស្លាប់​អ្នកដទៃ តាម​មាត្រា​៨៥ ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក។​

​គួរ​រំលឹក​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ កាលពី​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ភូមិ​កៅ ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

​មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ ម៉ាក​បុងហ្គោ ពណ៌​ស​ឃ្លុប ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-8748 បើកបរ​ដោយ​ ឈ្មោះ នួន រដ្ឋ​ភា រស់នៅ​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំ​ពត។ ចំណែក​អ្នក​ជិះ​កង់​ ឈ្មោះ​ ផាន់ ណា​រ៉ូ​ត ភេទ​ស្រី ​អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មការិនី រោងចក្រ​នៅ ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​

​មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ រថយន្ត​បង្ក​បាន​បើក​ពី​ទិស​ខាង​កើត ទៅ​ទិស​ខាងលិច (​ភ្នំពេញ​ ទៅ​កំពង់សោម ) មកដល់​ចំណុច​កើត​ហេតុ​ខាងលើ មិនដឹង​យ៉ាង​ម៉េ​ច ក៏បាន​ក្រឡាប់​ជ្រុល​ទៅ​កិន​អ្នក​ជិះ​កង់​តែម្តង៕

តុលាការ​ឃុំខ្លួន​យុវជន​ម្នាក់ ​ករណី​ក្រឡាប់​រថយន្ត​សង្កត់​កម្មការិនី​ម្នាក់​ស្លាប់​