សោភា-ដេវីត ​​បដិសេធ​ទទួល​បាន​​ទឹក​ប្រាក់​ ៤​ម៉ឺន​ដុល្លារ​ ពី​ប្រមុខ​រដ្ឋាភិបាល

ពេជ្រ ​សោភា ​ថ្លែង​មក​កាន់​ Sabay មុន​នេះបន្តិច​​ថា ​នាង ​និង​ដៃគូចម្រៀង ដេវីត ​មិន​បាន​ទទួល​ទឹក​ប្រាក់​ ៤​ម៉ឺន​ដុល្លារ​​​ ពី​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន​ ដូច​ដែល​ផេក​​សិល្បករ​​កម្ពុជា ​បាន​ផុស​ក្នុង​បណ្តាញ​សង្គមនោះ​ទេ។

 

សោភា-ដេវីត ​​បដិសេធ​ទទួល​បាន​​ទឹក​ប្រាក់​ ៤​ម៉ឺន​ដុល្លារ​ ពី​ប្រមុខ​រដ្ឋាភិបាល

 

ជាមួយ​គ្នា​នេះ ក៏​មាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ដោយ​ផ្អែក​លើ​សារ​មាន​ក្នុង​ផេក​បណ្ដាញ​សង្គម​ខាង​លើ​ដែរ។ យ៉ាង​ណា សាមី​ខ្លួន​បាន​បញ្ជាក់​ជាមួយ Sabay ថា ពួក​នាង​​មិន​បាន​ទទួលទឹក​ប្រាក់​នោះ​ទេ។

 

“អត់​ទេ​អូន…ដូច​ជា​គ្មាន​ទេ​ បង​មិន​បាន​ទទួល​​អ្វី​ទាំង​អស់​ ហើយ​ក៏​មិន​បាន​ដឹង​ពី​បញ្ហា​ហ្នឹង​ដែរ​អូន​។ ពី​មុន​មក​ធ្លាប់​ឮ​សិល្បករ​ផ្សេង​ៗ​គាត់​និយាយ​ដែរ​​ពី​បញ្ហា​ហ្នឹង​ តែ​មក​ដល់​ឥឡូវ​អត់​មាន​ទេ​អូន​ “។​ សោភា ថ្លែង។

 

សោភា-ដេវីត ​​បដិសេធ​ទទួល​បាន​​ទឹក​ប្រាក់​ ៤​ម៉ឺន​ដុល្លារ​ ពី​ប្រមុខ​រដ្ឋាភិបាល

 

យ៉ាង​ណា​មិញ​ សោភា បាន​បញ្ជាក់​ពី​អារម្មណ៍​រំភើប​ពេល​បាន​លឺ​ដំណឹង​នេះ​ បើ​ទោះ​ជា​មិន​មែន​ការពិត​ក៏​ដោយ​។ ក្នុង​នោះ​ម្ចាស់​បទ​ “រាំ​ឡូយ​កប់​លូ” បង្ហាញ​ឆន្ទៈ​ថា​​ បើ​សិន​ជា​ការ​ពិត​​មែន​ នាង​នឹង​យក​ទៅ​បម្រើ​ការងារផ្នែក​សប្បុរសធម៌។

 

“​បង​ផលិត​បទ​ចម្រៀង​​មិន​ចង់​ទាម​ទារ​ការ​ផ្ដល់​ទឹក​ប្រាក់​អី​នោះ​ទេ សំខាន់​បងប្អូន​មាន​ការ​គាំ​ទ្រ​ និង​ពេញចិត្ត​នូវ​អ្វី​ដែល​បង​បាន​ធ្វើ។ ហើយ​​ករណី​បើ​បង​ទទួល​បាន​ទឹក​ប្រាក់​ ៤​ម៉ឺន​ នោះ​មែន​ បង​នឹង​យក​ទៅ​បរិច្ចាគ​ជួយ​មនុស្ស​ចាស់​ជរា​ ជន​គ្មាន​ទី​ពឹង ក្មេង​អនាថា​ជា​ដើម​”។

 

ពាក់​ព័ន្ធ​នឹង​បញ្ហានេះ ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​របស់​រាជរដ្ឋាភិបាល មិន​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ​ថ្ងៃ​ត្រង់​នេះ ដោយ​ទូរសព្ទ​របស់​ឯកឧត្តម Call ចូល​ តែ​មិន​មាន​អ្នក​លើក៕

 


​​អត្ថបទ៖ ថា ម៉ាលីដា