ទាហានថៃ​ព័ទ្ធព្រៃ​ចាប់​ពល​​ករ​ខ្មែរ​កាប់​ឈើ​គ្រញូង​ជិត​៣០​នាក់​

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ប្រភព​ពី​ខេត្ត​ប្រា​ជី​ន​បុ​រី​ប្រទេស​ថៃ​បាន​ឱ្យ​​ដឹង​ថា ​ពលករ​ខ្មែរ​ រួម​ទាំង​អ្នកបើកបរ​រថយន្ត​ថៃ​សរុប២៩​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ព័ទ្ធ​ចាប់​ក្នុង​ព្រៃ​ឧទ្យាន​ជាតិ​មួយ​ ក្នុងស្រុក​ណា​ឌី​ ខេត្ត​ប្រា​ជី​ន​បុ​រី ​ខណៈ​ពួក​គេ​ទៅ​ស៊ីឈ្នួល​កាប់ ​និង​ជញ្ជូន​ឈើ​គ្រញូង​ ហើយ​អ្នកបើកបរ​​ស៊ីឈ្នួល​ទៅ​ដឹក​ជញ្ជូន​ពលករ​ត្រឡប់​ ។

ហេតុ​ការណ៍​​ខាងលើ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី០៤ ឧសភា​ ឆ្នាំ​២០១៦ ក្រុម​ពលករ​ខ្មែរ ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឱ្យ​​ដេក​​ក្រាប​ផ្ទាល់​ដី​ព្រោះ​ខ្លាច​កើត​មានការ​តដៃ​ជាមួយ​សមត្ថកិច្ច ​ព្រោះ​មុន​កើតហេតុ​មាន​ប្រភព​ថា ​មានការ​បាញ់​តដៃ​គ្នា​ពី​ខ្មាន់កាំភ្លើង​ ដែល​ការពារ​ពលករ​​កាប់​ឈើ​គ្រញូង​ទាំងនោះ ​។

ប្រភព​ថា ​ពលករ​ទាំងនេះ​​ មាន​ម្នាក់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ គឺ​ឈ្មោះ​ណា​ វ​ណ្ណា ​ភេទ​ប្រុស ​បាន​សារភាព​ថា​ គ្នា​គេ​សរុប​មាន​៦០នាក់​ ចូល​ទៅ​ប្រទេស​ថៃ​ តាម​ច្រករបៀង​តាម​បន្ទាត់​ព្រំដែន ​ក្នុងស្រុក​អារញ្ញ​ ដោយ​មាន​រថយន្ត​ចាំ​ដឹក​ជញ្ជូន​ទៅ​មក​ ។

មិនតែប៉ុណ្ណោះ ​បុរស​ម្នាក់​នេះ​ប្រាប់​ថា​ គ្នា​ពួក​គេ​ត្រូវ​បែងចែក​ជា​២ក្រុម​ ដោយ​មួយ​ក្រុម​កាប់​មួយ​ក្រុម​ទៀត ​ជញ្ជូន​ចេញពី​ព្រៃ​ ហើយ​ថា​ពួក​គេ​ ស្ថិត​នៅ​ក្នុង​ព្រៃ​ចំនួន​១៤​ថ្ងៃ​មក​ហើយ​ ហើយ​បាន​ជញ្ជូន​ឈើ​គ្រញូង​ដាក់​រថយន្ត​ដឹក​ចេញបាន៣​រថយន្ត​រួច​ទៅ​ហើយ​​ដែរ​ ។

អ្នកបើកបរ​រថយន្ត​ជា​ជនជាតិ​ថៃ​ម្នាក់ ​វ័យ៣៩​ឆ្នាំ​ ជា​អ្នក​ខេត្ត​ស្រះ​កែវ​ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ​ហើយ​ពេល​នេះ​ទាំង​ក្រុម​ពល​ករ​ទាំង​អ្នកបើកបរ​ជា​ជនជាតិ​ថៃ​ម្នាក់​នោះ​ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​សាកសួរ​ ។ យ៉ាងណា​ក៏​ដោយ ​ជុំវិញ​ករណី​នេះ​កោះ​សន្តិភាព ​ពុំ​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​នៅឡើយ​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​ប៊ុ​ន​ សុខ​វិបុល ​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះកែវចុច​មិន​ចូល​ ។