ស៊ន សៀវម៉ី ទទួលបាន១ម៉ឺនដុល្លារពីណាហ្គាវើលសម្រាប់ការហាត់ត្រៀមទៅអូឡាំពិក

ណាហ្គាវើល បានក្លាយជាក្រុមហ៊ុនដំបូងគេ ដែលបានចេញមុខមកឧបត្ថម្ភដល់ការចេញទៅហ្វឹកហាត់ត្រៀមការប្រកួតអូឡាំពិក នៅប្រទេសប្រេស៊ីលរបស់វីរនារីតេក្វាន់ដូ ស៊ន សៀវម៉ី ហើយពិធីប្រគល់ប្រាក់ចំនួន១ម៉ឺនដុល្លារនេះ ត្រូវបានធ្វើឡើង នៅណាហ្គាវើល កាលពីថ្ងៃពុធ ម្សិលមិញ ក្រោមអធិបតីភាព លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងលោក Pern Chen នាយកប្រតិបត្តិរបស់ណាហ្គាវើល។
sm2
sm3
លោក Pern Chen បានថ្លែងនៅក្នុងពិធីនោះថា៖«ការឧបត្ថម្ភចំនួន១ម៉ឺនដុល្លាររបស់ណាហ្គាវើល ដល់កីឡាការិនី ស៊ន សៀវម៉ី គឺធ្វើឡើងតាមការអំពាវនាវពីលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានស្វែងរកមូលនិធិពីវិស័យឯកជន ដើម្បីជួយដល់ការហ្វឹកហាត់ របស់ ស៊ន សៀវម៉ី ក្នុងដំណើរឆ្ពោះទៅដណ្តើមមេដាយនៅអូឡាំពិក ទីក្រុងរីយោ ប្រទេសប្រេស៊ីល នាពេលខាងមុខនេះ ហើយណាហ្គាវើល នៅតែមានគម្រោងផ្តល់ជូនបន្តទៀតដល់វិស័យកីឡានៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍជួយសង្គមកម្ពុជា ដែលកំពុងតែរីកចម្រើនខ្លាំងក្នុងវិស័យកីឡា»។
sm1
sm4
តាមគម្រោង ស៊ន សៀវម៉ី នឹងចេញទៅហ្វឹកហាត់រយៈពេល២ខែនៅសធារណៈរដ្ឋកូរ៉េខាងត្បូង គឺនឹងចេញដំណើរនៅថ្ងៃទី១៦ ខែឧសភានេះ ដើម្បីពង្រឹងសមត្ថភាព មុនពេលកញ្ញាត្រូវចេញទៅប្រកួតអូឡាំពិក នៅប្រទេសប្រេស៊ីល ក្នុងខែសីហា ហើយក្នុងដំណើរចេញទៅហ្វឹកហាត់នេះ ក្រសួងអប់រំ យុវជន និងកីឡា និង NOCC បានបង្កើតមូលនិធិមួយ ដើម្បីឲ្យវិស័យឯកជនចូលរួមជួយដល់ ស៊ន សៀវម៉ី។

ចំណែកលោក វ៉ាត់ ចំរើន បានថ្លែងថា៖«ណាហ្គាវើល ជាស្ថាប័នវិស័យឯកជនដែលចេញមុខជួយដល់មូលនិធិកីឡាការិនី ស៊ន សៀវម៉ី មុនគេក្នុងដំណើរហ្វឹកហាត់ត្រៀមទៅប្រកួតអូឡាំពិក ប្រទេសប្រេស៊ីល ខណៈព្រឹត្តិការណ៍នេះ ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលបានចូលរួមការប្រកួតអូឡាំពិក ដោយការដណ្តើមបានកៅអីពេញសិទ្ធិ រីឯការចូលរួមលើកមុនៗសុទ្ធតែជាសិទ្ធិអនុគ្រោះប៉ុណ្ណោះ»។
sm6
sm
sm5
គួរបញ្ជាក់ថា ស៊ន សៀវម៉ី ទទួលបានសិទ្ធិទៅចូលរួមការប្រកួតអូឡាំពិក នៅប្រទេសប្រេស៊ីល ជាប្រវត្តិសាស្រ្តនេះ ដោយសារកញ្ញាបានឈ្នះមេដាយមាស ក្នុងការប្រកួតជម្រុះអូឡាំពិកផ្នែកកីឡាតេក្វាន់ដូប្រចាំនៅតំបន់អាស៊ី នៅប្រទសហ្វីលីពីន កាលពីពាក់កណ្តាលខែមេសា កន្លងមកនេះ ហើយការឈ្នះបានមេដាយមាសនោះ ស៊ន សៀវម៉ី បានទទួលទឹកប្រាក់ចំនួន៨០លានរៀល ពីរាជរដ្ឋាភិបាលកម្ពុជា ម្តងមកហើយ៕