ដី​ព្រៃ​ធម្មជាតិ​លិច​ទឹក​ជិត​១០០​ហិកតា ​ក្នុង​ទឹកដី​ស្រុក​ព្រៃនប់​ កំពុង​រង​ការបំផ្លាញ

ដី​ព្រៃ​ធម្មជាតិ​លិច​ទឹក​ជិត​១០០​ហិកតា ​ក្នុង​ទឹកដី​ស្រុក​ព្រៃនប់​ កំពុង​រង​ការបំផ្លាញ



ព្រះសីហនុ ​៖ ​ក្រុម​សហគមន៍​ការពារ​ព្រៃ​ធម្មជាតិ​ រួម​ជា​មួយ​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​ព្រះសីហនុ​ បាន​សម្ដែង​នូវ​ការ​ព្រួយ​​បារម្ភ​យ៉ាង​ខ្លាំង​ ខណៈ​​​ព្រៃ​ធម្មជាតិ​ជម្រក​ត្រី​ពង​ជា​ច្រើន​កន្លែង​ ត្រូវ​បាន ក្រុម​អ្នក​មាន​អំណាច ​និង​អ្នក​មាន​ទ្រព្យធន​ ​​រំលោភ​កាន់កាប់​ទន្ទ្រាន​ជា​បន្តបន្ទាប់។ ជាក់ស្ដែង​​​ថ្មីៗ​នេះ ព្រៃ​កោងកាង និង​ដើម​ក្រញឹម​រាប់​រយ​ហិកតា​ កំពុង​រង​ការ​ឈូស​ឆាយ​ ដោយ​ពួកគេ​ទាំង​នោះ​អះអាង​ថា មា​នការ​អនុញ្ញាត​ពី​អាជ្ញាធរ​ថ្នាក់​ស្រុក ថ្នាក់​ខេត្ត។

ជុំវិញ​បញ្ហា​នេះ​ ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ជាច្រើន​គ្រួសារ​បាន​សម្ដែង​ទស្សនៈ​ថា ទីតាំង​ព្រៃ​កោងកាង ដែល​កំពុង​ត្រូវ​បាន​ឈូស​ឆាយ​នេះ​ គឺ​ជា​ទី​ផ្ដល់​ស្បៀងអាហារ​ប្រចាំថ្ងៃ​ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រជាពលរដ្ឋ​ភូមិ​ព្រែក​ទាល់ ​និង​ភូមិ​ក្បែរ​ៗ​នោះ​ជាច្រើន​គ្រួសារ។ ប៉ុន្តែ​នៅ​ពេល​នេះ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​មក​ធ្វើការ​ឈូស​ឆាយ ហ៊ុមព័ទ្ធ ធ្វើជា​កម្មសិទ្ធិ ដោយ​សំអាង​ថា ជា​ដី​មាន​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​(​ប្លង់​រឹង​) និង​មាន​ចំណារ​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត​ទៅវិញ ធ្វើ​ឲ្យ​ពួកគាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​ពុំ​ដឹង​ថា​ ទីតាំង​ដី​ព្រៃ​ លិច​ទឹក​នេះ ​គេ​ធ្វើ​ប្លង់​ពី​ពេល​ណា​មក​នោះ​ទេ ពួកគាត់​គ្រាន់តែ​ដឹង​ថា ទីនោះ​ជា​កន្លែង​ ដែល​ពួកគាត់​ប្រកបរបរ​​ចិញ្ចឹម​ជីវិត​​ ត​កូន ត​ចៅ​ជាច្រើន​ជំនន់​មក​ហើយ។

ប្រភព​ដដែល​បាន​ធ្វើ​ការ​រិះគន់​ថា បើ​ព្រៃ​លិច​ទឹក​ទាំង​អស់​សុទ្ធ​តែ​មាន​ប្លង់​កម្មសិទ្ធិ​ពិត​មែន​នោះ​ ធនធាន​ធម្មជាតិ​នៅ​ក្នុងស្រុក​ព្រៃនប់ និង​នៅ​ក្នុង​ស្រុក​ដទៃ​ទៀត​ពិតជា​ត្រូវ​វិនាស​បាត់​បង់​អស់​ជាក់​ជា​ពុំ​ខាន ហើយ​សម្រាប់​ក្មេងៗ​ក្មេង​ជំនាន់​ក្រោយ​នឹង​លែង​បាន​ស្គាល់ តទៅទៀត​ដែរ។ អាស្រ័យ​ហេតុ សូម​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់​ជាតិ​(​ឯកឧត្ដម​រដ្ឋមន្ត្រី រៀបចំ​ដែនដី​នគររូបនីយកម្ម សំណង់ និង សុរិយោដី រដ្ឋមន្ត្រី​បរិស្ថាន និង រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​) ​​មេត្តា​ពិនិត្យ​ទៅលើ​ប្លង់​កម្មសិទ្ធិ​ដី​មួយ​ចំនួន ដែល​កំពុង​ពាក់ព័ន្ធ​ទៅ​នឹង​ព្រៃ​ធម្មជាតិ ជម្រក​ត្រី​ពង​ខាងលើ ដើម្បី​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។

លោក​នេន ចំរើន​ ប្រធាន​រដ្ឋបាល​ជលផល​កំពង់សោម​(​ខេត្ត​ព្រះសីហនុ​) ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ជុំវិញ​ការ​ឈូស​ឆាយ​នេះ​ លោក​បាន​ធ្វើ​របាយការណ៍​ទៅ​ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​រួចហើយ​ដើម្បី​ផ្ដល់​អនុសាសន៍​អនុវត្ត​បន្ត​ព្រោះ បើ​តាម​ការ​ចុះ​អង្កេត​របស់​រដ្ឋបាល​ជលផល​កំពង់សោម ឃើញ​ថា ដីព្រៃ​លិច​ទឹក​(​ព្រៃ​កោងកាង )​នៅ​ឃុំ ទឹកថ្លា​ជិត​១០០០​ហិកតា សុទ្ធ​​​តែ​មាន​ប័ណ្ណ​កម្មសិទ្ធិ។
ដោយឡែក លោក​ទិ​ត្យ វុ​ទ្ឋី អភិបាលស្រុក​ព្រៃនប់ បាន​គូស​បញ្ជាក់​ថា ចំពោះ​ទីតាំង ​ដែល​កំពុង​ធ្វើការ​ឈូស​ឆាយ​នា​ពេល​នេះ​គឺជា​ដី​មាន​កម្មសិទ្ធិ​ ទាំងអស់ ហើយ​ម្ចាស់​ទីតាំង​ដី​បាន​ធ្វើ​ការ​សុំ​ការ​អនុញ្ញាត​ពី​ថ្នាក់​ស្រុក និង​បាន​ចំណារ​ឯកភាព​ពី ថ្នាក់​ខេត្ត​ដើម្បី​ឈូស​ឆាយ ធ្វើ​កសិកម្ម ដាំ​ដើម​ស្វាយ ចំនួន​៤០​ហិកតា។ ដូចនេះ​ការ​ឈូស​ឆាយ​គឺ​មាន​ច្បាប់​ត្រឹមត្រូវ៕

ដី​ព្រៃ​ធម្មជាតិ​លិច​ទឹក​ជិត​១០០​ហិកតា ​ក្នុង​ទឹកដី​ស្រុក​ព្រៃនប់​ កំពុង​រង​ការបំផ្លាញ

ដី​ព្រៃ​ធម្មជាតិ​លិច​ទឹក​ជិត​១០០​ហិកតា ​ក្នុង​ទឹកដី​ស្រុក​ព្រៃនប់​ កំពុង​រង​ការបំផ្លាញ

ដី​ព្រៃ​ធម្មជាតិ​លិច​ទឹក​ជិត​១០០​ហិកតា ​ក្នុង​ទឹកដី​ស្រុក​ព្រៃនប់​ កំពុង​រង​ការបំផ្លាញ