រថយន្ត​ពន្លត់​អគ្គិភ័យ​ខ្មែរ​ប្រ៊ូ​វើ​រី ​ដឹក​ទឹក​ស្អាត​ពី​ភ្នំពេញ ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ នៅ​ខេត្តកំពង់ស្ពឺ

រថយន្ត​ពន្លត់​អគ្គិភ័យ​ខ្មែរ​ប្រ៊ូ​វើ​រី ​ដឹក​ទឹក​ស្អាត​ពី​ភ្នំពេញ ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ នៅ​ខេត្តកំពង់ស្ពឺ



កំពង់ស្ពឺ​ ៖ ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត បាន​ដឹក​ទឹក​ស្អាត ​ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ចំនួន​៤៧​គ្រួសារ​បន្ថែម​ទៀត នៅ​ភូមិ​ត្រាវ ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​អង្គារ ទី​៣ ខែឧសភា​នេះ​។


លោក​បណ្ឌិត អ៊ឹម សុធា​រិ​ទ្ធ នាយក​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី បាន​ឲ្យ​ដឹង​ថា​ «​មាន​ពីរ​បី​ភូមិ​ហើយ រួម​ទាំង​ភូមិ​ត្រាវ​នេះ​ផង ដែល​មាន​ទឹកស្រះ អណ្ដូង ឬ​ទឹក​ទិញ​គេ មិនអាច​បរិភោគ​បាន​។

រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី បាន​ត្រឡប់​មក​ភ្នំពេញ​វិញ​ភ្លាម ដើម្បី​យក​ទឹក​ពី​រោង​ច​ក្រ​ស្រា​បៀរ​កម្ពុជា​ទៅ​ចែក​ជូន​បន្ថែម​ទៀត បន្ទាប់ពី​ចែក​ទឹក​ក្នុង​រថយន្ត​ជើង​ទីមួយ​អស់​។ តាម​ពិត​ទៅ​យើង​អាច​បូមទឹក​ពី​ស្រះ ឬ​អណ្ដូង​ផ្សេងៗ​មក​ចែក​ជូន​គាត់​បាន ប៉ុន្តែ​យើង​សុខចិត្ត​ត្រឡប់​មក​ដឹក​ទឹក​ពី​ភ្នំពេញ​វិញ ដោយសារ​ប្រជាពលរដ្ឋ​ត្រូវការ​ទឹក​ស្អាត​សម្រាប់​បរិភោគ ខ្លាំង​ជាង​ទឹក​ប្រើប្រាស់​ផ្សេង​ៗ ហើយ​ទី​រួម​ខេត្តកំពង់ស្ពឺ​ឆ្ងាយ​ពី​ភូមិ​មក​ភ្នំពេញ​។

លោកយាយ អ៊ុំ វ៉ាន់ អ្នកភូមិ​ត្រាវ និយាយ​ថា​ «​ទឹក​ត្រពាំង គេ​អូស​កំប្លោក​ឡើង​ក្រហម​ហើយ យើង​នៅតែ​ដង​យក​មក​ទុក​ឲ្យ​រង​សម្រាប់​ប្រើប្រាស់ ដោយសារ​ខ្វះ​ទឹក​ណាស់​។ ពេល​ឃើញ​ទឹក​មក​អីចឹង ខ្ញុំ​សប្បាយចិត្ត បន់​ឲ្យ​បាន​មក​បែបនេះ​រាល់ថ្ងៃ​»​។

មេឃុំ​វាល លោក ប្រាក់ សារិន ថ្លែង​ថា​ «​នៅ​ភូមិ​ត្រាវ​ក៏​មាន​ស្រះ​ទឹក និង​អណ្ដូង​ដែរ ប៉ុន្តែ​ត្រូវ​រីង​ស្ទើរ​អស់​។ រាល់ថ្ងៃ​ប្រជាពលរដ្ឋ​ទិញ​ទឹក​គេ​មួយ​ធុងសាំង​តម្លៃ​៣៥០០​រៀល​។ ដោយសារ​ជីវភាព​ខ្វះខាត​ផង បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នេះ​គឺជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​គាត់​។ ដូច្នេះ​ម្សិលមិញ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ទឹក​ពី​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា យើង​បាន​ចែក​ទឹក​ឲ្យ​គាត់​ពេញ​មួយ​ភូមិ ដែល​មាន​៤៧​គ្រួសារ​។ ទឹក​ដែល​គាត់​បាន គឺ​គាត់​ច្រក​ទុក​ហូប​ទាំងអស់​។ សម្រាប់​ប្រជាជន​គ្មានអ្វី​ធំ​ជាង​អត់​ទឹក​ហូប​នេះ​ទេ​។ អ​ប​អរសាទរ​ដែល​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​យកចិត្តទុកដាក់​ចូលរួម​ជួយ​សង្គម តាមរយៈ​ការ​ដឹក​ទឹក​ម​ក​ចែក​ជូន​ប្រជាពលរដ្ឋ​»​។

មកដល់ពេលនេះ ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដឹក​ទឹក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​៦​ថ្ងៃ​ជាប់ៗ​គ្នា បាន​ចំនួន​៦​ភូមិ​ក្នុង​ខេត្ត​ពីរ គឺ​ខេត្តកំពត និង​ខេត្តកំពង់ស្ពឺ សរុប​ជា​គ្រួសារ​បាន​ជាង​៣០០​គ្រួសារ​។ កន្លងមក ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី ដែល​ផលិត​ស្រា​បៀរ​កម្ពុជា តែងតែ​ជួយ​សង់​សាលារៀន ឧបត្ថម្ភ​មន្ទីរពេទ្យ ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ក្រីក្រ និង​ជួយ​ផ្នែក​មនុស្ស​ធ​ម៌​ផ្សេងៗ​៕