មាស សុខ​សោភា មិន​ទៅ​ក្រៅ​ស្រុក ដើម្បី​បន្ត​ជួយ​អា​រែង​

​រាជធានី​ភ្នំពេញ​ : បើទោះជា​មិនទាន់មាន​ពេល​ដាំ​ដើមឈើ បន្ទាប់ពី​ដាំ​បាន​ចំនួន​ជាង​១​ម៉ឺន​ដើម នៅក្នុង​តំបន់​អា​រ៉ែ​ង ក្នុង​ខេត្តកំពង់ស្ពឺ ក៏​តារាចម្រៀង​នាង មាស សុខ​សោភា នៅតែ​មិនទាន់​បញ្ចប់ ការតាំង​ចិត្ត​របស់ខ្លួន​នោះឡើយ​។​


​នាង​និយាយថា នៅក្នុង​រដូវ​ធ្លាក់ភ្លៀង​ឆ្នាំនេះ នាង​នឹងមិន​ចេញទៅ​សម្ដែង​នៅក្រៅ​ប្រទេស​នោះទេ ដើម្បី​យក​ពេលដែល​អាច​ឆ្លៀត ពេល​ពី​ការ​ច្រៀង​រាំ ដែល​មមាញឹក​ខ្លាំង ទៅ​ដាំ​ដើមឈើ​បន្ថែម​ដែល​បាន​គ្រោងទុក​។​


​ក្រៅពីនោះ​នាង ក៏​ទទួល​ចេញ​ច្រៀង​ក្នុង​តន្ត្រី​សប្បុរសធម៌ ដោយ​មិន​គិត​ប្រាក់ចំណូល គួរ​ឲ្យ​កោតសរសើរ​ផងដែរ បើទោះជា​នាង​បាន​ក្លាយជា​តារា​លំដាប់​កំពូល​ដែល​កម្រ​នឹងមាន​ពេល​ជួយ​សង្គម​។​


​នាង​និយាយថា «​ឥឡូវនេះ ឲ្យ​តែ​កម្មវិធី​សង្គម​ទទួល​ច្រៀង​ទាំងអស់ ហើយ​ឆ្នាំនេះ​ខ្ញុំ​អត់​ទៅ​ច្រៀង​នៅក្រៅ​ប្រទេស​ទេ ព្រោះ​ខ្ញុំ​រាល់​ឆ្នាំ​ទំនេរ​តែ​ពេល​ធ្លាក់ភ្លៀង​តិច​ប៉ុណ្ណោះ​អញ្ចឹង​បើ​យក​ពេល​ទៅ​ហ្នឹង​ទៅ​ក្រៅប្រទេស​ទៀត ប្រាកដជា​អត់​ពេល​ជួយ​សង្គម​ទៀតហើយ​!»​។​


​នាង​ថា​នឹង​គ្រោង​ដាំ​ដើមឈើ​ឲ្យ​គ្រប់​២​ម៉ឺន​ដើម​នៅ​អា​រ៉ែ​ង តែ​មិនទាន់​ច្បាស់​ថា​នឹង​ដាំ​ឲ្យ​រួច​នៅក្នុង​ឆ្នាំនេះ​ឬ​យ៉ាងណា​នោះទេ គឺ​អាស្រ័យ​លើ​ភាពជាក់ស្ដែង​នៃ​ពេលវេលា​។​


​យ៉ាងណាក៏ដោយ​នៅក្នុងរ​យៈ​ពេលដែល​មិនបាន​ដាំ​ដើមឈើ​បន្ថែម​បន្ទាប់ពី​ដាំ​បានតែ​១​ម៉ឺន​ដើម​នោះ នាង​ក៏បានផ្ដល់​ថវិកា​ផ្ទាល់ខ្លួន​ជូន​ដល់​ប្រជាជន ដើម្បី​ឲ្យ​ថែទាំ​នូវ​ដើមឈើ​ដែល​បាន​ដាំ​ទាំងនោះ​ឲ្យ​បាន​ធំធាត់​ផងដែរ​។​


​នាង​ថា​ខ្លួន​នឹង​បំផុស​ឲ្យ​មាន​ការដាំ​ដើមឈើ​ឲ្យ​បាន​កាន់តែច្រើន ដោយមាន​គម្រោង​នឹង​ដឹកនាំ​អ្នកគាំទ្រ​ចុះទៅ​ជួយ​ដាំ​ដើមឈើ​បន្ថែម​ពីលើ​ការប្រឹងប្រែង​របស់ខ្លួន​ទៀត ដើម្បី​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​ពណ៌​ធម្មជាតិ​ជាពិសេស​នៅក្នុង​តំបន់​អា​រ៉ែ​ង​ដែល​ត្រូវការ​គម្រប់​ព្រៃឈើ​នោះ​៕

មាស សុខ​សោភា មិន​ទៅ​ក្រៅ​ស្រុក ដើម្បី​បន្ត​ជួយ​អា​រែង​